ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីបង្កើតឱកាសការងារ និងអភិវឌ្ឍន៍ជំនាញដល់យុវជនកម្ពុជា។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពិភាក្សាការងារជាមួយ លោក ម៉ាខាស ប៊ឺលី (Markus Buerli) នាយកនៃផ្នែកសហប្រតិបត្តិការនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) អំពីកាលានុវត្តភាពសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈគម្រោងអភិវឌ្ឍន៍ជំនាញ (SDP) អនុវត្តដោយអង្គការស្វីសខន់ថាក់ និងគម្រោងបង្កើតឱកាសការងារសមរម្យដល់យុវជន (DEY) អនុវត្តដោយអង្គការអន្តរជាតិខាងការងារ (ILO) សំដៅចូលរួមលើកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ស្របតាមស្តង់ដាជាតិ និងអាស៊ាន ។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី និងលោក ម៉ាខាស ប៊ឺលី បានពិភាក្សាគ្នាបន្ថែមក្នុងការជំរុញអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈដោយបន្តអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី២ឆ្នាំ២០២៤-២០២៨ ,ការរៀបចំយន្តការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា, រៀបចំប្រព័ន្ធធ្វើតេស្តសមត្ថភាពអ្នកជំនាញតាមអនឡាញ និងគាំទ្រការកម្មវិធីគ្រប់គ្រងគោលដៅទេសចរណ៍សម្រាប់រមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅកម្ពុជាផងដែរ។
អង្គការស្វីសខន់ថាក់មានវត្តមាននៅប្រទេសកម្ពុជាចាប់តាំងពីខែមករា ឆ្នាំ២០១៣ និងធ្វើការលើវិស័យចំនួន ២ គឺពង្រឹងសហគ្រាស និងអភិវឌ្ឍន៍ជំនាញដែលផ្តោតទៅលើការអភិវឌ្ឍវិស័យឯកជន។ អង្គការស្វីសខន់ថាក់ជាដៃគូសម្រាប់ការរួមចំណែកដល់កំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា៕