ភ្នំពេញ ៖ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជំហរជួយដល់កម្ពុជាក្នុងការទាក់ទាញអ្នកវិនិយោគទុនអន្តរជាតិឱ្យចាប់អារម្មណ៍លើសក្តានុពលរបស់កម្ពុជាសំដៅទទួលបានការវិនិយោគបន្ថែមទៀត។
នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលថ្មីៗនេះ លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP)ប្រចាំកម្ពុជា បានលើកឡើងថា ៖ អង្គការសហប្រជាជាតិមានជំហរខ្ពស់ និងសន្យាយកចិត្តទុកដាក់ជួយកម្ពុជាក្នុងការរៀបចំគន្លឹះអភិវឌ្ឍន៍នានា សំដៅស្វែងរកសក្ដានុពល និងភាពទាក់ទាញរបស់កម្ពុជាក្នុងការវិនិយោគ ដើម្បីបង្ហាញជូនបណ្ដាវិនិយោគិននៅលើពិភពលោកឱ្យស្វែងយល់អំពីសក្ដានុពលរបស់កម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដែលបានគាំទ្ររាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក មានជាអាទិ៍ដូចជា ការគាំទ្រជំរុញលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា តាមរយៈការផ្ដល់ជូនស្ថានីយសាករថយន្តអគ្គិសនីមករាជរដ្ឋាភិបាល។ ជាក់ស្ដែងសកម្មភាពនេះបានអនុវត្តស្របទៅតាមការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រីកការប្រើប្រាស់ថាមពលស្អាតឱ្យបានប្រមាណ ៧០% នៃថាមពលសរុបត្រឹមឆ្នាំ២០៣០ និងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដាក់ចេញដោយអង្គការសហប្រជាជាតិផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖
«ការចូលរួមរបស់ UNDP ក្នុងការផ្ដល់ជូនស្ថានីយសាករថយន្តអគ្គិសនីមកកម្ពុជា ជាទឡ្ហីករសំខាន់មួយរួមចំណែកទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋឱ្យងាកមកសិក្សាលើការប្រើប្រាស់ប្រភេទយានយន្តអគ្គិសនីផងដែរ»។
ដោយឡែកទាក់ទងនឹងការខិតខំទាក់ទាញការវិនិយោគមកកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក្នុងពេលថ្មីៗនេះបានទទួលជួបជំនួបពិភាក្សាការងារជាមួយ លោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល,លោក Emmanuel MENANTEAU ប្រធានប្រចាំតំបន់នៃក្រុមហ៊ុន VINCI Airports,ឯកឧត្តម Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងលោក James Brew ទីប្រឹក្សា ជាន់ខ្ពស់ផ្នែកវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជននៃកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED)។
ទាក់ទងនឹងការវិនិយោគរបស់ផ្សារអ៊ីអនម៉ល, ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ ៧០៦លានដុល្លាអាមេរិក បង្កើតផ្សារទំនើបចំនួន ៣ទីតាំង នៅប្រទេសកម្ពុជារួមមាន គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី១, គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉លទី២ និងគម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉លទី៣។ក្រុមហ៊ុននេះជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AEON Mall Co., Ltd. ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩១១ ក្នុងទីក្រុង Chiba ប្រទេសជប៉ុននិងមានផ្សារទំនើបសរុបប្រមាណ២០៣ផ្សារពី១៤ប្រទេសផ្សេងៗគ្នាទូទាំងពិភពលោក។នៅពេលអនាគតគ្រោងនឹងបង្កើតអ៊ីអនម៉លទី៤មួយទៀត។
ពាក់ព័ន្ធនឹងក្រុមហ៊ុន VINCI Airports, ក្រុមហ៊ុននេះ មានគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយបង្កើតចំណតស្ថានីយថ្មី (New Terminal) ដែលតាមផែនការគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ខាងមុខនេះ។ ក្រុមហ៊ុន VINCI Airports មានបទពិសោធន៍ប្រមាណ២៥ឆ្នាំនៅកម្ពុជាលើការវិនិយោគក្នុងគម្រោងអាកាសយានដ្ឋាន ដោយក្នុងនោះអាកាសយានដ្ឋានចំនួន៣ដែលក្រុមហ៊ុនធ្លាប់បាន និងកំពុងមានប្រតិបត្តិការនៅប្រទេសកម្ពុជារួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះ គឺជាបុត្រសម្ព័ន្ធនៃ VINCI Group ដែលជាក្រុមហ៊ុនឈានមុខលើការវិនិយោគគម្រោងសម្បទាននានា គ្របដណ្ដប់លើសេវាកម្មដូចជា៖ VINCI Airports, VINCI Highways, VINCI Railways, VINCI Construction, VINCI Transport Infrastructure និង VINCI Energy។
ចំណែកក្នុងជំនួបជាមួយឯកអគ្គរាជទូតអង់គ្លេស ភាគីទាំងពីរបានពិភាក្សាលើប្រធានបទសំខាន់ៗរួមមាន កិច្ចការងារវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ការគាំទ្រឱ្យមានរៀបចំតំបន់សេដ្ឋកិច្ចពិសេសបៃតងនៅកម្ពុជា និងការរៀបចំកម្មវិធីអភិវឌ្ឍន៍លើវិស័យនានា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
រីឯជំនួបពិភាក្សាការងារពាក់ព័ន្ធនឹងវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ជាមួយតំណាងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) ភាគីទាំងពីរបានពិនិត្យលើវិធីសាស្ត្របច្ចេកទេសប្រមូលផ្ដុំលទ្ធផលទាំងស្រុង នៃវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៩ និងវិធីសាស្រ្តតាមដានការអនុវត្តយន្តការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងវេទិកានេះ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ ដើម្បីធានាបាននូវបរិយាបន្ន និងនិរន្តរភាពទិន្នន័យ។
សូមជម្រាបថា ក្រៅពីផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់វេទិកាលើកទី១៩ តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ធំរបស់អូស្ត្រាលី ហៅកាត់ថាកម្មវិធី CAPRED នេះ ប្រទេសអូស្ត្រាលីក៏ធ្លាប់បានគាំទ្ររាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីចន្លោះឆ្នាំ២០០២ រហូតដល់ឆ្នាំ២០០៩៕