ប្រសិនបើអ្នករស់នៅ ក៏ដូចជាធ្លាប់ឆ្លងកាត់ខេត្តកំពង់ចាម ឬត្បូងឃ្មុំ បងប្អូនច្បាស់ជាឮពីភាពល្បីល្បាញរបស់ចំការផ្កាឈូករ័ត្នជីរោទិ៍ជាក់ជាមិនខាន។ ថ្ងៃនេះ យើងមកដឹងពីទិដ្ឋភាពផ្សេងៗនៃចម្ការផ្កាឈូករ័ត្នដ៏ធំល្វឹងល្វើយនេះទាំងអស់គ្នា។
លោក ប៉ត សុផល ជាម្ចាស់ចម្ការផ្កាឈូករ័ត្នមួយដែលមានទីតាំនៅឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំនៅប្រមាណ៤គីឡូម៉ែតពីប៉មបារាំង។ លោកបានរៀបរាប់ឱ្យដឹងថា ចំការរបស់គាត់មានទំហំប្រមាណជាង៦ ហិចតា ដែលចែកជាប្រមាណ១៣ ឡូតិ៍ ហើយដីទាំងនេះជាដីកេររបស់គាត់ខ្លះ ទិញបន្តខ្លះ និងជួលពីបងប្អូនគាត់ខ្លះ ។ ឡូតិ៍នីមួយៗមានដាំផ្កាច្រើនប្រភេទដូចជាផ្កាស្បៃរឿង ស្បៃរឿងបារាំងជាដើម ពិសេសផ្កាឈូករ័ត្នដែលជាតំណាង និងត្រូវបានដាំច្រើនជាងគេ។
ម្ចាស់ចំការរូបនេះបានប្រាប់ឱ្យដឹងថា៖« ដំបូង ខ្ញុំ និងមិត្តភក្ដិសហការគ្នាបង្កើតជាអង្គការបង្រៀនភាសាអង់គ្លេស ជំនាញកុំព្យូទ័រជាដើមដល់ក្មេងៗក្នុងភូមិដោយមិនយកលុយ។ ក្រោយមកគ្នាខ្ញុំម្នាក់ចាប់អារម្មណ៍រឿងចិញ្ចឹមឃ្មុំ ក៏បានទៅរៀននៅភ្នំពេញ ហើយក៏បានទិញឃ្មុំយកមកសាកល្បងចិញ្ចឹម។ គ្រានោះដោយសារនៅក្នុងភូមិពិបាករកចំណីឱ្យឃ្មុំស៊ី ក៏ចេះតែរកផ្កាផ្សេងៗដែលត្រូវនឹងឃ្មុំ ហើយក្រោយមកក៏នឹកឃើញផ្កាឈូករ័ត្ននេះតែម្ដង។ យើងដាំទៅស្រាប់តែមានគេមកមើលច្រើន ហើយក៏ពង្រីកមកកន្លែងថ្មីនេះវិញទៅ»។
បច្ចុប្បន្ន ការចិញ្ចឹមឃ្មុំរបស់លោក សុផល នៅដាក់តែ ២ ទៅ ៣ ឡាំងប៉ុណ្ណោះ ដោយសារគាត់បានចែកជាមួយគ្នាគាត់ដាច់ដោយឡែករវាងអ្នកកាន់កាប់ចំការផ្កានេះ និងអ្នកកាន់ផ្នែកចិញ្ចឹមឃ្មុំ ហើយក៏បន្តពង្រីកអាជីវកម្មចិញ្ចឹមជាបន្តបន្ទាប់កើនដល់រាប់រយឡាំង ដែលក្នុងមួយឡាំងមាន ៨បង្គង ហើយពេលបានទិន្នផលអាចយកមកលក់នៅចំការផ្កានេះ។
ការដាំផ្កានេះឈូករ័ត្ននេះ លោក សុផល បានប្រាប់ឱ្យដឹងទៀតថា ផ្កានេះដាំបានល្អតែរដូវប្រាំងចន្លោះពីខែតុលា ដល់ ខែឧសភា ហើយផ្កាដែលល្អខ្លាំងអាចមានទំហំដល់ទៅ ៣០សង់ទីម៉ែត។ គាត់បានបណ្ដុះកូនផ្កាខ្លួនឯងក្នុងការដាំដោយត្រូវដាំម្ដង១ឡូហ៍ រៀងរាល់សប្ដាហ៍ ហើយការដាំម្ដងត្រូវប្រើអស់រាប់ម៉ឺនកូន។ ដំណាំផ្កាឈូករ័ត្ននេះទៀតសោត ត្រូវការពេលវេលាប្រមាណ ២ ទៅ ២ខែកន្លះ ទើបមានផ្កា និងអាចប្រមូលផលបាន។
ដំណាំឈូករ័ត្ននេះ អាចផ្ដល់ជាទីកម្សាន្ត ថតរូបលេង ហើយអ្វីដែលសំខាន់គឺអាចផ្ដល់ជាលំអងក្នុងការចិញ្ចឹមឃ្មុំបានយ៉ាងប្រសើរ។ ចំណែកគ្រាប់វិញ អាចយកមកគាបធ្វើប្រេងសម្រាប់ចម្អិន និងបណ្ដុះយកមកបរិភោគដូចសណ្ដែកបណ្ដុះ ហើយទិន្នផលទាំងនោះគាត់យកមកលក់ឱ្យអតិថិជនដែលចូលទៅលេងកម្សាន្តនៅក្នុងចំការផ្កាតែម្ដង។
លោក សុផល បានមានប្រសាសាន៍ថា៖« ពួកខ្ញុំអត់រាប់មនុស្សយកលុយទេ ចឹងគឺខ្ញុំផ្ដោតតែលើការផ្ញើម៉ូតូ ឡាន លក់ផលិតផល និងម្ហូបអាហារដោយសារយើងបានបង្កើតជាកន្លែងអង្គុយលេង។ ឯទិន្នផលពីផ្កាវិញ ពេលខ្លះខ្ញុំវាខាត បើទុកយកប្រេង យើងត្រូវការចំណាយពលកម្ម ជួលគេ៣ទៅ៤នាក់ អស់ម្នាក់៣ម៉ឺនរៀលក្នុងការប្រមូលផ្កា ហើយយកទៅហាល ហាលហើយអង្គុយប្រឡេះដូចពោតអ៊ីចឹង ទម្រាំបានផលយកមកអុំ ហើយគាបជាប្រេងលក់បាន១ លីត្រ ៤ទៅ៥ ម៉ឺន។ តែក្នុងមួយលីត្រចំណាយអស់គ្រាប់ ៥គីឡូក្រាម ចឹងខ្ញុំគិតទៅវាអត់ចំណេញទេ។ ខ្ញុំធ្វើបន្ទាប់បន្សំ សម្រាប់ហូបខ្លួនឯងទេ ព្រោះប្រេងនេះវាល្អ ធម្មជាតិ។ អ្នកធូរធាគេក៏មកទិញទាំងកានៗដែរ បើមានគ្រាប់ច្រើន ខ្ញុំអាចផលិតបានពី៣០ ទៅ៤០លីត ក្នុងមួយថ្ងៃ»។
មុនពេលទទួលបានផលនេះ ការដាំដុះដំណាំប្រភេទផ្កាឈូករ័ត្ននេះមិនមែនជារឿងងាយស្រួលទេ តាំងពីដាំដោយត្រូវការថែទាំស្រោចទឹកឱ្យបានដិតដល់ ពិសេសកំឡុងពេលតាំងពីដាក់គ្រាប់ ដល់១ខែ។ លុះដុះពន្លកហើយអាចមានចាបមកចឹកបំផ្លាញ ឯសម្រស់ផ្កាក៏ឆាប់អស់គឺរយៈពេលតែ ៧ទៅ១០ថ្ងៃប៉ុណ្ណោះ ហេតុនេះត្រូវការយកចិត្តទុកដាក់ខ្ពស់ក្នុងការដាំ។ ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់ដាំអាចធ្វើការទិញគ្រាប់ពូជពីម្ចាស់ចម្ការនេះបាន ដោយក្នុងមួយហិចតាដាំអស់១គីឡូក្រាម និងមានតម្លៃ ៤ទៅ៥ម៉ឺនរៀល។ ក្រៅពីនេះត្រូវការចំណាយលើការភ្ជួដី ដាក់ទឹក ជាដើម។
សូមបញ្ជាក់ផងដែរថា លោក សុផល កំពុងតែរកពូជផ្កាថ្មីៗដែលមិនទាន់មាននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត និងមានការរៀបចំជាផ្ទះសម្រាប់ថតរូបមុនអាពាហ៍ពិពាហ៍នាពេលខាងមុខផងដែរ។ ប្រសិនបើបងប្អូនធ្វើដំណើរឆ្លងកាន់តំបន់នេះ កុំភ្លេចចូលលេង និងគាំទ្រស្នាដៃកសិករខ្មែរទាំងអស់គ្នា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Situation Room (War Room) ជាបន្ទប់ដ៏សំងាត់របស់មេដឹកនាំអាម៉េរិក មានប្រវត្តិជាង៦ទសវត្សរ៍ក្នុងកិច្ចការងារកំពូលៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/06/2025
បន្ទប់ដែលរៀបចំកិច្ចការងារ និងផែនការសំងាត់ដើម្បីពិភាក្សា ព្រមទាំងតាមដានព្រឹត្តិការណ៍ដោយផ្ទាល់ទាំងនោះគឺជាបន្ទប់ដ៏សំងាត់មួយដែលមានតែប្រធានាធិបតីអាម៉េរិក និងមន្ត្រីជាន់ខ្ពស់កំពូលរបស់អាម៉េរិកប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់ ហើយត្រូវបានគេហៅឈ្មោះថា Situation Room
អាជីវកម្មជិត ៥ម៉ឺន មានទឹកប្រាក់សរុបប្រមាណ ១៨.២៣ ពាន់លានដុល្លារ បានចុះបញ្ជីអាជីវកម្មតាមថ្នាលឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/06/2025
ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ចំនួនពាក្យស្នើសុំចុះបញ្ជីអាជីវកម្មអនុម័តសរុបមានចំនួន ៤៦ ៧៧៦ ក្នុងនោះ ម្ចាស់អាជីវកម្មដែលជាស្រ្តីមានចំនួន ១៧២៤០នាក់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រ ISO / IEC 27001: 2022 ស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/06/2025
អិលអូអិលស៊ី ដែលជាស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ទទួលបានវិញ្ញាបនប័ត្រ ISO / IEC 27001: 2022 ស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន ដែលជាវិញ្ញាបនបត្រដ៏មានកិត្យានុភាពមួយកាលពីពេលថ្មីៗនេះ