កំពង់ចាមជាខេត្តមួយដែលមានភាពល្បីល្បាញក្នុងការកែច្នៃត្រីស្រស់ជាអាហារទុកបម្រុងមិនចាញ់ខេត្តនានានៅតាមដងទន្លេសាបនោះទេ។ អាហារទុកបានយូរដែលប្រជាជនខ្មែរនិយមបរិភោគទាំងនោះរួមមាន ត្រីងៀត ផ្អក និងប្រហុកជាដើម។
លោក សេង សុខឃីម ម្ចាស់សិប្បកម្ម«ត្រីងៀតឆ្ងាញ់កំពង់ចាម» មានទីលំនៅស្ថិតនៅភូមិកំប៉ាល ឃុំសណ្តែក ស្រុកបាធាយខេត្តកំពង់ចាមបានមានប្រសាសន៍ប្រាប់ AMSថា លោកបានកែច្នៃ និងប្រកបអាជីវកម្មធ្វើត្រីងៀតនេះប្រមាណ5ឆ្នាំហើយ ដែលផលិតផលត្រីងៀតឆ្ងាញ់កំពង់ចាមរបស់លោកត្រូវបានទទួលបានការចាប់អារម្មណ៍គាំទ្រច្រើនពីអតិថិជន និងមានការបញ្ជាទិញជាហូរហែ។
លោកបានឱ្យដឹងថា៖«ដំបូងឡើយ ការកែច្នៃផលិតផលត្រីងៀត ខ្ញុំធ្វើជាលក្ខណៈគ្រួសារប៉ុណ្ណោះ ដោយយាយតារបស់ខ្ញុំ គឺជាអ្នកប្រកបរបរនេះ។ ក្រោយមកទើបអាជីវកម្មត្រីងៀតរបស់ខ្ញុំក៏បានពង្រីកខ្លួនដោយបានធ្វើការផ្សព្វផ្សាយតាមហ្វេសប៊ុក YouTube ពីបច្ចេកទេសនៃការប្រឡាក់ត្រី ការរៀបចំអនាម័យ ប្រសើរជាងអ្វីដែលអ្នកដទៃធ្លាប់បានអនុវត្ត គួបផ្សំ និងប្រវត្តិគ្រួសាររបស់ខ្ញុំ ទើបបានធ្វើឱ្យមានការទទួលស្គាល់ច្រើនឡើងៗ ហើយទីផ្សារក៏មានការរីកចម្រើនធំជាងមុនដែរ»។
ផលិតផលត្រីងៀតរបស់លោកទទួលបានការគាំទ្រពីសំណាក់ប្រជាជនក្នុងស្រុក ពិសេសតាមបុរីធំៗ និងក្រៅប្រទេសដូចជាអាមេរិក កាណាដា អូស្ត្រាលី អ៊ីតាលី ជប៉ុន កូរ៉េជាដើម។ លោកបានបន្តឱ្យដឹងថាកាលពីមុនក្នុង 1ខែកែច្នៃត្រីងៀតបានជាង30គីឡូក្រាម ឬក៏2-3ខែអាចបានជាង 90គីឡូក្រាមនៅពេលដែលទីផ្សាររីកចម្រើនខ្លាំង ដោយបច្ចុប្បន្នមួយគីឡូក្រាមត្រីងៀតសាច់គាត់លក់បានក្នុងតម្លៃ 65,000រៀល និងតម្លៃខុសៗគ្នាទៅតាមប្រភេទត្រី។ ដ្បិតវាមានតម្លៃខ្ពស់បន្តិចមែន តែវាមានគុណភាព រសជាតិ និងអនាម័យល្អ។
ដោយឡែកក្នុងរយៈពេលប្រមាណ 3-4 ខែចុងក្រោយនេះការផលិតត្រីងៀតហាក់បង្អង់ដៃដោយសារគេផ្ដោតខ្លាំងទៅលើទីផ្សារក្រៅប្រទេស តែការនាំត្រីងៀតចេញទៅក្រៅប្រទេសត្រូវបានបិទដោយសារការរីករាលដាលនៃជំងឺកូវី-19។ លោកបានបញ្ជាក់ទៀតថា ដោយសារការធ្វើត្រីងៀតនេះត្រូវចំណាយពេលសម្រិតសម្រាំង និងពិបាកដឹកជញ្ជូនផងនោះ គាត់ក៏បន្ថយដៃក្នុងការផលិតប្រមាណ50ភាគរយ ហើយសម្រុកមកធ្វើប្រហុក និងផ្អកវិញ។
លោក សុខឃីម បានបន្តទៀតថា ឆ្នាំនេះគាត់បានសម្រុកធ្វើផ្អក និងប្រហុកច្រើនជាងត្រីងៀត ដោយគាត់បានប្រមូលទិញត្រីទុកធ្វើផ្អក និងប្រហុកអស់ខ្ទង់ម៉ឺនដុល្លារទៅហើយ។ ផលិតផលពីរមុខនេះទទួលបានការបញ្ជាទិញច្រើន ជាពិសេសអ្នកទិញយកទៅលក់បន្តនៅតាមបណ្តាខេត្តឆ្ងាយៗដូចជា ប៉ោយប៉ែត ប៉ៃលិន និងភ្នំពេញ ដោយក្នុង 1ខែគាត់លក់អស់ប្រមាណជិត500គីឡូក្រាមនេះរាប់តែប្រហុកសម្រាប់ស្លរប៉ុណ្ណោះ។ ផលិតផលប្រហុក និងផ្អកនេះទៀតសោតមានច្រើនប្រភេទទៅតាមការបញ្ជាទិញពីសំណាក់អតិថិជនដូចជា ប្រហុកត្រីចម្រុះ ប្រហុកត្រីអណ្ដែង ប្រហុកត្រីផ្ទក់ ផ្អកត្រីប្រាជាដើម។ យ៉ាងណាមិញ គាត់មិនមែនមានតែផលិតផលត្រីងៀត ប្រហុក ផ្អកនោះទេ គាត់ក៏មានផលិតផលកែច្នៃត្រីច្រើនមុខទៀត រួមមានដូចជា ត្រីងៀតត្រីរ៉ស់ ត្រីងៀតប្រភេទឆ្តោ ត្រីកន្ធរ ត្រីប្រឡាក់ ត្រីផាត់ ផ្អកកំពឹស និងងៀតគោជាដើម៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/03/2025
អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ
គណៈកម្មការមូលបត្រអាមេរិកកោះហៅ លោក Elon Musk សាជាថ្មី ជុំវិញបញ្ហាលាក់បាំងភាគហ៊ុននៅ Twitter
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/03/2025
លោក Musk បានចំណាយលុយ៤៤ពាន់លានដុល្លារទិញយក Twitter ហើយប្តូរឈ្មោះវាទៅជា X និងបានធ្វើឲ្យអ្នកវិនិយោគជាច្រើនខាតបង់ប្រាក់យ៉ាងសន្ធឹកសន្ធាប់តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃធូរថ្លៃ