ក្រោមគំនិតច្នៃប្រឌិត និងមានសិល្បៈផ្នែកបង្កើតគ្រឿងអលង្ការ បុរសម្នាក់ដែលជាសិប្បករខ្មែរ និងបានបាត់បង់ឪពុកនៅក្នុងរបបខ្មែរក្រហម បានបង្កើតគំនិតយកសំបកគ្រាប់គ្រាប់កាំភ្លើងមកច្នៃចេញជាគ្រឿងអលង្ការ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ ដែលកំពុងទទួលបានការគាំទ្រយ៉ាងច្រើ ។
លោក ធឿន ចន្ថា ម្ចាស់ហាង Angor Bullet Jewellery បានប្រាប់ឱ្យដឹងថា ៖ « ខ្ញុំបង្កើតហាងនេះឡើងដោយសារតែខ្ញុំជាកូនកំព្រា ព្រោះឪពុកខ្ញុំត្រូវបានសម្លាប់ដោយខ្មែរក្រហម ដូច្នេះនៅពេលដែលខ្ញុំឃើញ សំបកគ្រាប់កាំភ្លើង ខ្ញុំចង់ផ្លាស់ប្ដូរវាពីវត្ថុដែលគួរឱ្យខ្លាច ក្លាយទៅជាគ្រឿងអលង្ការគួរជាក្ដីប្រាថ្នារបស់មនុស្សគ្រប់គ្នាវិញ»។
លោកបន្តទៀតថា ហាងនេះបានបង្កើតឡើងជាង10ឆ្នាំមកហើយដោយមានសង្វាក់ផលិតកម្មប្រហាក់ប្រហែលទៅនឹងជាងទងដែរ។ ក្នុងការចាប់ផ្ដើមអាជីវកម្មមួយនេះ លោកបានប្រើដើមទុនប្រមាណ 500ដុល្លារដែលជាប្រាក់ខែទទួលបានពីអង្គការមួយ ហើយត្រូវបែងចែកថ្លៃជីវភាព និងការសិក្សារបស់កូនផ្សេងទៀត។
ម្ចាស់អាជីវកម្មរូបនេះបានប្រាប់ផងដែរថា ចំណូលរបស់ហាងនេះមាន៣ប្រភេទគឺ ការលក់បោះដុំ ការលក់ទៅតាមហាងក្នុងស្រុក និងការទទួលការកម្មង់ពីភ្ញៀវផ្ទាល់ ឬតាមកម្មវិធីផ្សេងៗ។ ចំណូលនេះទៀតសោត ហាក់មានការកើនឡើងនៅប៉ុន្មានខែមុនដោយមានការគាំទ្រពីសំណាក់អតិថិជនក្នុងស្រុក និងក្រៅស្រុក ហើយចំណូលដែលទទួលបានអាចផ្គត់ផ្គង់បុគ្គលិកដល់ទៅ10នាក់ ហើយក្នុងម្នាក់ៗចន្លោះពី 250ទៅ300ដុល្លារ និងអាចទំនុកបម្រុងគ្រួសារ ផ្គត់ផ្គង់កូនរៀនបានស្រួលផង និងសន្សំទុកមួយផ្នែកផង។
ផលិតផលរបស់ហាងមួយនេះមានម៉ូដច្រើនប្រភេទ ច្រើនទម្រង់ តែម៉ូដដែលគេនិយមគឺផ្ការំដួល ដោយសារវាជាអត្តសញ្ញាណជាតិខ្មែរ ហើយក៏ទទួលបានការពេញចិត្តស្រឡាញ់ម៉ូដនេះច្រើន ដោយការច្នៃធ្វើជាក្រវិល កងដៃ ចិញ្ចៀន និងកន្លាស់អាវជាដើមទៅតាមការពេញចិត្តរបស់អតិថិជន។
យ៉ាងណាមិញការផលិតគ្រឿងអលង្ការពីសម្បកគ្រាប់កាំភ្លើងនេះមិនមែនជារឿងងាយស្រួលឡើយដោយគេត្រូវពិនិត្យមើលសំបកគ្រាប់មុននឹងរំលាយដើម្បីចៀសវាងគ្រោះថ្នាក់ដល់សិប្បករ។ បន្ទាប់មកគេលាងវាឱ្យបានស្អាត ហើយដាក់ក្នុងចានរំលាយវាទៅជាទឹកដែលអាចយកទៅចាក់ផែជាបន្ទះ កិនឱ្យសំប៉ែត ឬហូតជាលួសរួចគេអារ ឆាប និងខាត់ឱ្យស្អាតតាមម៉ូដដែលគេចង់បានប្រកបដោយក្បាច់រចនាយ៉ាងស្រស់ប្រណីត។ ការផលិតគ្រឿងនេះត្រូវចំណាយពេល 2-3 ថ្ងៃ វាយូរបន្តិចអាស្រ័យលើម៉ូដនីមួយៗដោយសារតែគេត្រូវចម្លងម៉ូដបន្តទៀត។ នេះជាដំណើរការខ្លះៗដែលលោក ចន្ថា បានបញ្ជាក់ប្រាប់។
ចំពោះគុណភាពវិញ លោកបានអះអាងថាគ្រឿងអលង្ការរបស់លោកធ្វើឡើងពីសំបកគ្រាប់កាំភ្លើងសុទ្ធសាធ មិនបានបន្ថែមពណ៌អ្វីទេ ពោលគឺប្រើពណ៌ធម្មជាតិរបស់គ្រាប់កាំភ្លើងតែម្ដង ហើយតម្លៃវិញក៏សមរម្យដែរចន្លោះពី 8ទៅ10 ដុល្លារទៅតាមម៉ូដ និងប្រភេទរបស់វា ឯខ្លះទៀតមានខ្ពស់រហូតដល់ 20-30ដុល្លារតាមប្រភេទរបស់វាផងដែរ។
ចំពោះភាពប្រឈមក៏នៅតែមានដែរ ពិសេសនៅក្នុងស្ថានភាពកូវីដដែលគាត់ត្រូវបាត់បង់ការកម្មង់ពីក្រៅប្រទេស ហើយបញ្ហាមួយទៀតគឺជាងផលិតម៉ូដដដែលៗច្រើនក្នុងស្តុកដែលជាហេតុធ្វើឱ្យលក់មិនសូវដាច់ និងកប់ក្នុងស្តុកច្រើន។ សម្រាប់អ្នកដែលចង់ចាប់ផ្ដើមអាជីពនេះ ម្ចាស់អាជីវកម្មរូបនេះបានជម្រាបឱ្យដឹងថា មានកត្តាចំនួនពីរសំខាន់ៗគឺ ទីមួយយើងត្រូវមានជំនាញច្បាស់លាស់ និងទីពីរ ត្រូវមានការស្រឡាញ់ដោយសារនៅពេលដែលយើងស្រឡាញ់អ្វីមួយ យើងនឹងខិតខំពុះពារគ្រប់ឧបសគ្គរហូតទទួលបានជោគជ័យ។
គួរបញ្ជាក់ផងដែរថា ម្ចាស់អាជីវកម្មរូបនេះតែងមានស្រមៃចង់ចង់បានហាងខ្លួនឯងមួយដែលមានដាក់តាំងលក់ផលិតផលដែលខ្លួនបានផលិតឱ្យគេស្គាល់ ជាកន្លែងដែលអាចផ្ដល់ការងារឱ្យប្រជាពលរដ្ឋខ្មែរបានធ្វើ និងផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការស្វែងរកទីតាំងហាងផ្ទាល់តែម្ដង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Nissan និង Honda សម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងធ្វើការរួមបញ្ចូលគ្នា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/02/2025
កាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Nissan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនទាំងពីរ Nissan និង Honda រួមជាមួយនឹងដៃគូមួយទៀត Mitsubishi Motors បានយល់ព្រមបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា
គណៈកម្មាធិការទី៩ រដ្ឋសភា ស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/02/2025
គណៈកម្មាធិការទី៩ រដ្ឋសភា ទស្សនកិច្ចមន្ទីរពិសោធន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់បន្ថែមពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍