ភ្នំពេញ ៖ ជាប្រពៃណី និងទំនៀមទម្លាប់នៅរៀងរាល់ដើមខែមេសា ចាប់ពីថ្ងៃទី1 រហូតដល់ថ្ងៃទី5 ឬអាចឈានដល់មួយសប្ដាហ៍ ប្រជាជនខ្មែរដែលកាត់សែស្រឡាយចិនភាគច្រើនតែងតែធ្វើការជួបជុំបងប្អូនកូនចៅ សាច់ញាតិរួមត្រកូលដើម្បីប្រារព្វពិធីសែនផ្នូរ ឬគេហៅថាសែនឆេងម៉េងជារៀងរាល់ឆ្នាំ។ យ៉ាងណាក៏ដោយ សម្រាប់ឆ្នាំនេះបើទោះបីជាកំពុងមានការគំរាមកំហែងពីការរាតត្បាតនៃជំងឺកូវីដ-19 ក៏ពិធីសែនមួយនេះនៅតែមានការរៀបចំ ប៉ុន្តែស្ថិតនៅក្នុងភាពប្រុងប្រយ័ត្ន។
អ្នកស្រី ទ្រី ចាន់ណាត ជាអាជីវករលក់ដូរមួយកន្លែងមានប្រសាសន៍ប្រាប់ឱ្យដឹងថា សម្រាប់សម្ភារៈសែនឆេងម៉េងក្នុងឆ្នាំនេះ អ្នកស្រីយកបន្តពីម៉ូយមកលក់ដូចសព្វដងរួមមាន ក្រដាសសែន ទៀន ធូប នំពងទា និងភេសជ្ជៈជាដើម ប៉ុន្តែអ្នកស្រីបានកាត់បន្ថយមួយចំណែកធំ ពោលគឺកាត់បន្ថយតែពាក់កណ្តាល ដោយសារមើលទៅកត្តាសេដ្ឋកិច្ចហាក់មិនសូវល្អទេ ទំនិញឡើងថ្លៃ ហើយប្រជាពលរដ្ឋក៏មិនសូវជួបជុំដូចឆ្នាំមុនៗដែរ។
អ្នកស្រីលើកឡើងយ៉ាងដូច្នេះថា ៖ «ឆ្នាំនេះ សែនឆេងម៉េងខ្ញុំកាត់បន្ថយការយកឥវ៉ាន់សែនមកលក់ស្ទើរពាក់កណ្ដាល តែបើប្រភេទសម្ភារៈសែនគឺមានគ្រប់មុខដូចឆ្នាំមុនៗដែរ»។ អ្នកស្រីបន្តថា ៖ «ឆ្នាំនេះមិនសូវមានការជូបជុំច្រើននោះទេ ចឹងអ្នកទិញយកទៅសែនក៏ទិញតិចដែរ ដល់តែពេលចឹងបើយកមកច្រើនខ្លាចសល់ទុកចោលរហូតដល់ឆ្នាំក្រោយអាចខូចខាត»។
ដោយឡែកងាកមកចាប់អារម្មណ៍ជាមួយនឹងកញ្ញា ញ៉ ឡាលីន ដែលជានិស្សិតមួយរូបនៅរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងផងដែរថា នៅក្នុងឆ្នាំនេះគ្រួសាររបស់កញ្ញានឹងមានការរៀបចំសែនព្រេនក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ ដោយសារបញ្ហាសេដ្ឋកិច្ចមិនសូវល្អ មិនចង់ចំណាយច្រើនពេកទៅលើការសែននេះទេ ហើយម៉្យាងទៀត បងប្អូនដែលនៅខេត្តផ្សេងគ្នាពិបាកធ្វើដំណើរ ព្រោះមានការហាមធ្វើចរាចរណ៍ឆ្លងតំបន់។ កញ្ញាបានបញ្ជាក់ថា ៖ «ឆ្នាំនេះ គ្រួសារខ្ញុំនៅតែសែនដដែល គ្រាន់តែយើងសែនតិចតួចជាមួយបងប្អូននៅស្រុកជិតៗគ្នាប៉ុណ្ណោះ មិនមានបងប្អូនមកពីតំបន់ឆ្ងាយៗនោះទេ ព្រោះខ្លាចខុសបំរាមរបស់ក្រសួងសុខាភិបាល និងខ្លាចឆ្លងជំងឺកូវីដដែលកំពុងរាលដាលនៅពេលបច្ចុប្បន្ន»។
សូមបញ្ជាក់ផងដែរថា ពិធីសែនព្រេនឆេងម៉េង ឬភាសាចិនហៅថា ឈីងមីង (Qing Ming)ជាពិធីសែនផ្នូរ ពិធីជម្រះចិត្តឱ្យជ្រះថ្លា ឬជាពិធីសម្អាតផ្នូរជូនដូនតា ឪពុកម្ដាយដែលបានចែកឋានទៅក្នុងគោលបំណងសុំសេចក្ដីសុខ សេចក្ដីចម្រើន រកទទួលទានមានបាន។ ពិធីនេះគឺប្រហាក់ប្រហែលទៅនឹងពិធីបង្សុកូលចេតិយរបស់ខ្មែរដែរ។
ពាក់ព័ន្ធទៅនឹងពិធីសែនឆេងម៉េងនេះ មានរឿងព្រេងតំណាលរបស់ជនជាតិចិនបានលើកឡើងថា ពិធីមួយនេះមានអាយុកាលជិត2,000ឆ្នាំមកហើយ ដោយកើតមានឡើងតាំងពីរជ្ជកាលចូវ។ គ្រានោះមានព្រះអង្គម្ចាស់មួយអង្គព្រះនាម វិន(Wen) នៃរាជវង្សចូវ និងអ្នកបម្រើឈ្មោះ ជី ហ្សីទួយ(Jie Zitui) បានរត់គេចពីសង្គ្រាមវង្វេងចូលទៅក្នុងព្រៃ។ ដោយគ្មានអាហារបរិភោគអស់ជាច្រើនថ្ងៃ និងបារម្ភខ្លាចចៅហ្វាយខ្លួនស្រេកឃ្លាន ជី ក៏ចៀរសាច់ភ្លៅរបស់ខ្លួនមកធ្វើម្ហូប។ ព្រះអង្គម្ចាស់ វិន សន្យាថានឹងផ្តល់រង្វាន់ដល់ ជី។
ក្រោយមកព្រះអង្គម្ចាស់ វិន បានធ្វើជាស្ដេចក៏ហៅ ជី ឱ្យទៅរស់នៅក្នុងរាជវាំង ឬក៏ផ្តល់ទ្រព្យសម្បត្តិ។ ប៉ុន្តែ ជី ដឹងថាជីវភាពក្នុងរាជវាំងមានភាពស្មុគស្មាញណាស់ ហើយបើទទួលយកទ្រព្យសម្បត្តិអ្វីពីព្រះរាជាវិន គាត់មុខជានឹងជំពាក់គុណព្រះរាជា។ ម្យ៉ាងគាត់ក៏ចង់ផ្តល់ជាគំរូដល់ជនានុជនទាំងឡាយថា ការជួយយកអាសារព្រះរាជា គឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់រូប មិនមែនជួយក្នុងបំណងយកអ្វីមកវិញឡើយ។ ដោយហេតុនោះ ជី បាននាំម្តាយទៅរស់នៅក្នុងព្រៃភ្នំ។ ព្រះរាជា វិន បានឲ្យគេទៅតាមហៅ ជី ជាច្រើនដង ប៉ុន្តែ ជី នៅតែមិនព្រមចេញពីព្រៃ។ ព្រះរាជារឹតតែសព្វព្រះទ័យនឹងភាពមិនលោភលន់របស់ ជី និងចង់បានមនុស្សដូច ជី មកនៅជិតព្រះអង្គផង នឹកខ្ញាល់ខ្លះផង ក៏បានបញ្ជាឲ្យគេដុតព្រៃ ដែល ជី សម្ងំលាក់ខ្លួនក្នុងគោលបំណងឲ្យ ជី បង្ហាញខ្លួន។ ប៉ុន្តែជាអកុសលព្រៃបានឆេះសន្ធោរសន្ធៅរហូត ជី ចេញមិនរួច ក៏ស្លាប់ក្នុងភ្នក់ភ្លើងនោះតែម្តងទៅ។
ព្រះរាជា វិន មានវិប្បដិសារីយ៉ាងខ្លាំងចំពោះរឿងនេះ ក៏ចេញបញ្ជាឱ្យគេពូនផ្នូរ ជី នៅទីនោះ ហើយហាមអ្នកភូមិមិនឱ្យប្រើប្រាស់ភ្លើង និងបរិភោគតែអាហារត្រជាក់ចំនួនបីថ្ងៃដើម្បីកាន់ទុក្ខដល់វិញ្ញាណក្ខន្ធ ជី។ មិនតែប៉ុណ្ណោះ ព្រះអង្គបានចេញបញ្ជាឲ្យគេទៅបោសសំអាតផ្នូរ និងសែនព្រេនដល់ផ្នូររបស់ ជី ជាហូរហែជាពិសេសថ្ងៃខួបមរណៈរបស់ ជី។ តាំងពីពេលនោះមក ប្រពៃណីសែនផ្នូរដូនតាក៏ចាប់កំណើតឡើងរហូតដល់សព្វថ្ងៃ។
សូមប្រជាពលរដ្ឋខ្មែរទាំងអស់ចូលរួមថែរក្សាសុខភាព និងអនាម័យ អនុវត្ត3កុំ 3ការពារ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បី ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19ទាំងអស់គ្នា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ជប៉ុន ប្រគល់នាវាចម្បាំងខ្នាតមធ្យម (Destroyers) ប្រើប្រាស់រួចជាច្រើនគ្រឿងឲ្យហ្វីលីពីន ដើម្បីដំឡើងអំណាចយោធាជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/07/2025
នៅសប្តាហ៍នេះបានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសជប៉ុននឹងធ្វើការប្រគល់នាវាចម្បាំងខ្នាតមធ្យមប្រភេទ destroyers ជាច្រើនគ្រឿងទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ាន គឺ ប្រទេសហ្វីលីពីន
សមាគមកាហ្វេកម្ពុជា ប្ដេជ្ញាក្នុងការបង្កើនការផលិត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចឈានដល់ការនាំចេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/07/2025
សមាគមកាហ្វេកម្ពុជាដែលទើបបង្កើតឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានប្ដេជ្ញាក្នុងការបង្កើនការផលិតកាហ្វេដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈបច្ចុប្បន្នការនាំចូលកាហ្វេពីខាងក្រៅប្រទេសមកផ្គត់ផ្គង់ក្នុងស្រុកមានរហូតដល់៩៥ភាគរយឯណោះ