ភ្នំពេញ៖ ក្នុងគោលបំណង់ជំរុញ និងលើកកម្ពស់វិស័យកសិកម្មក្នុងនាមជាជន្ទល់បង្អែកដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិដែលកំពុងមានការយកចិត្តទុកពីសំណាក់រដ្ឋាភិបាល បច្ចុប្បន្នកម្ពុជាបាន និងអនុវត្តនូវវិធីសាស្ត្រក្នុងការធ្វើពិពិធកម្មលើផលិតកម្មចិញ្ចឹមសត្វគ្រប់ប្រភេទ រាប់ទាំងផ្នែកវារីវប្បកម្មផងដែរ។ ដោយឡែកសម្រាប់តែផលិតកម្មចិញ្ចឹមគោដែលកំពុងមានតម្រូវការទីផ្សារទាំងក្នុង និងក្រៅស្រុក ក៏កំពុងមានវឌ្ឍនាការគួរឱ្យកត់សម្គាល់។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ម្ចាស់គោ-ក្របីបានបង្វែរទិសដៅពីការចិញ្ចឹម ដើម្បីប្រើប្រាស់ជាកម្លាំងទៅជាការចិញ្ចឹមបំប៉នក្នុងកសិដ្ឋានដើម្បីយកពូជ និងសាច់សម្រាប់ផ្គត់ផ្គង់ទីផ្សារ ដែលបរិមាណនៃការបរិភោគសាច់គោ ចេះតែមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំស្របទៅតាមកំណើនប្រជាជន និងសេដ្ឋកិច្ច។
តាមរយៈបណ្តាញទំនាក់ទំនងអេឡិចត្រូនិក ឯកឧត្តម វេង សាខុន បានលើកឡើងថា ជាច្រើនទស្សវត្សរ៍មកហើយ ការចិញ្ចឹមគោរបស់បងប្អូនប្រជាកសិករ គឺពួកគាត់លែងសត្វឱ្យដើររកស៊ីពាសវាលពាសកាល (វាលស្រែ ទីសាធារណៈ ជ្រោះជ្រងជ្រលងដងអូរ និងចិញ្ចើមផ្លូវ) ដែលទម្លាប់នេះធ្វើឱ្យសត្វគោប្រឈមនឹងជំងឺឆ្លង ជាពិសេសការដោយញីឈ្មោលតាមបែបធម្មជាតិ ដែលជាហេតុធ្វើឱ្យកូនគោកើតមកធំធាត់យឺតកាន់តែតូចទៅៗ និងងាយឆ្លងជំងឺថែមទៀត។
ផ្ទុយមកវិញ បច្ចុប្បន្ននេះ ដោយមានការយល់ដឹងកាន់ច្បាស់ពីអត្ថប្រយោជន៍ តម្រូវការទីផ្សារ និងការថែទាំប្រកបដោយគុណភាពល្អ ប្រជាកសិករបានងាកមកចិញ្ចឹមគោជាលក្ខណៈពាណិជ្ជកម្ម ដោយការចិញ្ចឹមក្នុងទ្រុង ក្រោល ឬក្នុងកសិដ្ឋានដោយអនុវត្តទៅតាមគោលការណ៍ 3 សំខាន់គឺ ៖ ពូជល្អ ចំណីល្អ និងការថែទាំល្អ។
មួយក្នុងចំណោមគោលការណ៍សំខាន់ទាំង3 គឺពូជ ស្របតាមចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍន៍វិស័យផលិតកម្មគោ លោករដ្ឋមន្ត្រីបានចង្អុលបង្ហាញ និងផ្តល់អនុសាសន៍ឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវរៀបចំផែនការសកម្មភាពធ្វើការកែលម្អពូជដោយត្រូវជ្រើសរើសពូជគោល្អៗមកបង្កាត់ ធ្វើយ៉ាងណាអាចទទួលបានលទ្ធផលល្អ ទាំងបរិមាណសាច់ ដែលអាចធានាបាននូវគុណភាព និងសុវត្ថិភាពស្របតាមស្ដងដារទីផ្សារ ជាពិសេសត្រូវជ្រើសរើសពូជគោល្អៗដែលអាចធន់ទ្រាំបាន ឬអាចសម្របខ្លួន ឬរស់នៅបានក្នុងស្ថានភាពក្នុងតំបន់ត្រូពិច ដែលមានតម្លៃផ្នែកសេដ្ឋកិច្ចខ្ពស់ ដើម្បីធ្វើការណែនាំជូនកសិករធ្វើការកែលម្អផលិតកម្មគោនាពេលអនាគតដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។
ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា បច្ចុប្បន្ន គម្រោងនេះបានគ្របដណ្តប់លើខេត្តគោលដៅចំនួន 12 មានខេត្ត៖ ពោធិ៍សាត់ តាកែវ ព្រៃវែង កំពង់ចាម កំពង់ស្ពឺ បាត់ដំបង ឧត្តមានជ័យ កំពង់ឆ្នាំង សៀមរាប កំពង់ធំ បន្ទាយមានជ័យ និងខេត្តស្ទឹង ត្រែង (នេះបើតាមការបញ្ជាក់ពីឯកឧត្តម កាលពីថ្ងៃទី18 ខែមីនា)។
ដោយឈ្វេងយល់ពីអត្ថប្រយោជន៍នៃការបង្កាត់គោដោយសិប្បនិម្មិត គឺកូនគោមានគ្រោងឆ្អឹងធំ ចិញ្ចឹមធំធាត់លឿន មិនងាយឈឺ គ្មានជំងឺតពូជ ចៀសវាងការចម្លងជំងឺពីបា ទៅមេ ឬពីមេទៅបា និងចំណេញពេលវេលា មានលក្ខណៈសាមញ្ញ សុវត្ថិភាពសម្រាប់អ្នកប្រតិបត្តិងាយដឹកជញ្ជូនមេជីវិត ទៅដល់ទីជនបទ។ល។
ប្រជាកសិករ ក៏ដូចជាម្ចាស់កសិដ្ឋានបានសហការចូលរួមទទួលយកសេវាបង្កាត់នេះយ៉ាងសស្រាក់សស្រាំនៅទូទាំងខេត្តគោលដៅ។ ជាក់ស្តែង គិតចាប់តាំងពីឆ្នាំ2019 មកដល់ខែមីនា ឆ្នាំ2021 នេះគម្រោងសម្រេចបង្កាត់គោបានសរុបចំនួន 7,423 ក្បាល និងកូនកើតបានចំនួន 4,833ក្បាល ដោយប្រើប្រាស់មេជីវិតនាំចូល និងផលិតក្នុងស្រុក។ ជាងនេះទៅទៀត គម្រោងបានផលិតទឹកមេជីវិតបង្កកបាន 5,560ដើម ផលិតទឹកអាសូត និងចែកចាយបាន 10,000លីត្រ បានបណ្តុះបណ្តាល និងអនុវត្តបច្ចេកទេសជាក់ស្តែងអំពីបង្កាត់សិប្បនិម្មិតជូនដល់មន្រ្តីជំនាញនៃខេត្តគោលដៅសរុបចំនួន 21នាក់។
អគ្គនាយកដ្ឋានបានឱ្យដឹងថា សម្រាប់ការងារសំខាន់ៗចំនួន 3 ដែលគម្រោងនឹងត្រូវអនុវត្តចំពោះមុខគឺ៖
1- បន្តពង្រឹង និងពង្រីកបច្ចេកទេសបង្កាត់សិប្បនិម្មិតគោបន្ថែម (ការបង្កាត់ ការធ្វើឱ្យរកឈ្មោលក្នុងពេលតែមួយ ការពិនិត្យ ឬស្ទាប់មើលគ័រ ការធ្វើអេកូ ការព្យាបាលជំងឺប្រដាប់បន្តពូជ) និងគ្រោងអនុវត្តបច្ចេកទេស Embryo-Transfer និងពង្រឹងការកែច្នៃទឹកមេជីវិតគោ និងការវិភាគសេនទិច។
2- បង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយដល់កសិករអំពីសុខភាពគោ (ញី ឈ្មោល) ផលប្រយោជន៍នៃការបង្កាត់សិប្បនិម្មិត សរីរវិទ្យានៃប្រព័ន្ធបន្តពូជ និងអាការ: ឬសញ្ញាណនៃការរកឈ្មោល ពេលវេលាដែលត្រូវបង្កាត់។ល។
3- ពង្រឹកវិសាលភាពនៃការបង្កាត់ ការកែច្នៃទឹកមេជីវិត ការផលិតទឹកអាសូត និងពង្រីកគោលដៅនៃការងារឱ្យបានទូទាំង 24 រាជធានី ខេត្ត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និងគំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 14/12/2024
ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និង គំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងឧស្សាហកម្ម ។
ទ័ពអាកាសចិនប្រើប្រាស់វិធីសាស្ត្រហ្វឹកហាត់បែបបុរាណអាយុកាលជាង១ពាន់ឆ្នាំសម្រាប់ពីឡុតត្រៀមប្រយុទ្ធសង្គ្រាមទំនើបៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/12/2024
Qigong គឺជាយុទ្ធគុណចិនដែលមានអាយុកាលជាង១,០០០ឆ្នាំមកហើយ ដោយការហ្វឹកហាត់នេះអាចជួយបង្កើនថាមពលស្នូលរបស់រាង្គកាយ ជាពិសេសការវិវឌ្ឍទៅនៃសាច់ដុំ