បើនិយាយពីសិប្បកម្មខ្មែរទាក់ទងនឹងស្មូន មនុស្សភាគច្រើនតែងគិតដល់ផលិតផលក្អម ចង្ក្រាន ឬឆ្នាំងដីដែលគេមិននិយមប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនាពេលបច្ចុប្បន្នទៀតទេ។ ដោយឡែក លោកអ្នកធ្លាប់បានដឹងទេថា សិប្បកម្មសេរ៉ាមិចដែលជាមែកធាងមួយនៅក្នុងចង្កោមសិប្បកម្មស្មូនខ្មែរបានផលិតជាសម្ភារៈប្រើប្រាស់ក៏ដូចជាវត្ថុអនុស្សាវរីយ៍ប្រណីតៗជាច្រើនប្រភេទ ដែលបានដាក់លក់នៅលើទីផ្សារ និងទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។
លោក សុន សីហាក់ ជាម្ចាស់សិប្បកម្ម «មរតកសេរ៉ាម៉ិច» មានទីតាំងនៅខេត្តសៀមរាបបានមានប្រសាសន៍ថា សិប្បកម្មមរតកសេរ៉ាម៉ិចបានបើកដំណើរការជាង 6ឆ្នាំមកហើយ និងទទួលបានការគាំទ្រពីសំណាក់បណ្តាជនបរទេសច្រើនជាងខ្មែរ ដែលភាគច្រើនពួកគេទិញយកទៅដាក់តាំងនៅក្នុងហាង សណ្ឋាគារ ភោជនីយដ្ឋាន ឬទីតាំងអាជីវកម្មរបស់ពួកគេ។ ប៉ុន្តែ នៅក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-19នេះ វិស័យទេសចរណ៍បានធ្លាក់ចុះស្ទើរដល់ចំណុចសូន្យ ភ្ញៀវទេសចរបរទេសក៏កាត់បន្ថយ និងបានធ្វើឱ្យការលក់របស់សិប្បកម្មស្ទើរគ្រប់ប្រភេទមានការធ្លាក់ចុះផងដែរ ដោយសារតែអតិថិជនភាគច្រើនជាជនបរទេស។
លោកបានបញ្ជាក់ថា ៖ «កាលពីមិនទាន់មានវិបត្តិនៃជំងឺកូវីដ19 ជាធម្មតាសិប្បកម្មរបស់ខ្ញុំអាចរកចំណូលបានដល់ទៅ 8,000 – 10,000ដុល្លាក្នុងមួយខែ ប៉ុន្តែបច្ចុប្បន្នបានធ្លាក់មកនៅត្រឹម 2,000-3,000ដុល្លារប៉ុណ្ណោះក្នុងមួយខែ ព្រោះក្រៅពីបាត់បង់អតិថិជនដែលជាជនជាតិបរទេស សូម្បីតែម៉ូតដែលជាអ្នកទទួលយកទៅលក់បន្តនៅតាមបណ្តាខេត្តផ្សេងៗក៏មានការធ្លាក់ចុះខ្លាំងដែរ។ ប៉ុន្តែអ្វីដែលជាការគួរឱ្យកត់សម្គាល់ក្នុងមួយរយៈពេលចុងក្រោយ ឃើញមានអតិថិជនជាជនជាតិខ្មែរបានងាកមកចាប់អារម្មណ៍ និងគាំទ្រច្រើនបន្ទាប់ខ្ញុំព្យាយាមផ្សព្វផ្សាយតាមបណ្តាញសង្គម ខណៈដែលអតិថិជនជាភ្ញៀវបរទេសត្រូវបានកាត់បន្ថយ»។
ផលិតផលនៅក្នុងសិប្បកម្មមរតកសេរ៉ាម៉ិច មានសរុបជាង100មុខ រួមមាន សម្ភារៈផ្ទះបាយ គ្រឿងតុបតែងលម្អ វត្ថុអនុស្សាវរីយ៍ផ្សេងៗដូចជា រូបសត្វ កែវ ចាន ថូផ្កា ជាដើម ហើយភ្ញៀវក៏អាចធ្វើការកម្ម៉ង់បាន ជាមួយនឹងការរចនាម៉ូដដែលភាពរស់រវើក មានទាំងក្បាច់ផ្កា ឬរចនាបទបុរាណ និងសម័យ ព្រមជាមួយនឹងពណ៌ល្អស្រស់ដែលធ្វើឱ្យផលិតផលរបស់សិប្បកម្មមួយនេះកាន់តែមានភាពលេចធ្លោរ និងទទួលបានការចាប់អារម្មណ៍សំណាក់អតិថិជន។ ដោយឡែក ចំពោះតម្លៃវិញគឺថ្លៃជាងផលិតផលដីឥដ្ឋធម្មតា ដោយសារតែទាំងតម្លៃវត្ថុធាតុដើម ថ្លៃឈ្នួលបុគ្គលិកជំនាញ ការចំណាយពេលធ្វើ រួមជាមួយនឹងការចំណាយផ្សេងៗទៅលើការផលិតក៏អស់ច្រើន ដូច្នេះផលចំណេញដែលទទួលបានក៏មិនច្រើននោះដែរ ឬជួនកាលអាចខាតថែមទៀតដោយសារការខូចខាតនៅពេលផលិត និងបាក់បែកនៅពេលដឹកជញ្ជូនជាដើម។
ម្ចាស់សិប្បកម្មរូបនេះបានប្រាប់ឱ្យដឹងថា ផលិតផលនីមួយៗត្រូវការចំណាយពេលយូរជាងស្មូនឆ្នាំងធម្មតាដោយសារគេត្រូវការពេលប្រមាណ2សប្ដាហ៍ឡើងទៅក្នុងការធ្វើអាស្រ័យទៅលើទំហំសម្ភារៈតូច ឬធំ។ ដំបូងឡើយគេត្រូវសូនឱ្យចេញជារូបរាងកែវ ឬថូ ហើយទុកឱ្យស្ងួតល្អទើបអាចមកយកកាត់ អារ ឬឆ្លាក់ថែមថយជាម៉ូដផ្សេងៗរួចយកទៅដុត។ ដុតរួចម្ដងវាមានពណ៌ក្រហមដូចស្មូនដីធម្មតា បន្ទាប់មកគេយកទៅលាបពណ៌ ហើយដុតក្នុងឡម្ដងទៀតទើបអាចលក់បាន។ ចំពោះគុណភាពវិញ លោក សីហាក់ បានប្រាប់ឱ្យដឹងផងដែរថា វារឹងមាំ និងធន់ជាងផលិតផលស្មូនធម្មតាដោយសារការដុតគេប្រើកម្ដៅក្ដៅជាង និងរយៈពេលយូរជាង។ ទោះជាយ៉ាងណាក៏ដោយ សិប្បកម្មរបស់លោកនៅតែបន្តការផលិតជារឿយៗទោះបីការលក់មានការធ្លាក់ចុះក៏គាត់ត្រូវការផលិត និងច្នៃម៉ូដថ្មីៗបម្រុងទុកចៀសវាងមានការយឺតយ៉ាវនៅពេលភ្ញៀវកម្ម៉ង់ទំនិញ ព្រោះតែការផលិតមិនមែនងាយស្រួលនោះទេ។
លោក សីហា បានប្រាប់ឱ្យដឹងពីដំណើរដើមទងនៃការបង្កើតសិប្បកម្មមរតកសេរ៉ាម៉ិចថា ដោយសារតែកត្តាជីវភាពខ្វះខាត លោកមិនបានរៀនសូត្រច្រើនដូចគេនោះទេ ម៉្យាងដោយសារតែមានឈាមជ័រជាអ្នកធ្វើក្អមឆ្នាំងនៅខេត្តកំពង់ឆ្នាំងជាច្រើនជំនាន់ផង នោះនៅក្នុងអំឡុងឆ្នាំ2002 លោកក៏បានចាប់រៀនជំនាញតែម្ដង។ បន្ទាប់ពីនោះលោកក៏បានចូលរៀនវគ្គខ្លីៗបន្ថែមទៀតជាមួយអង្គការនានាដែលបាននាំគ្រូបរទេសមកជួយបង្រៀនពីរបៀបធ្វើសេរ៉ាម៉ិចដែលធ្វើឱ្យគាត់បានរៀនចេះជំនាញថ្មីៗ និងកែច្នៃខ្លួនឯងបន្ថែមក្រៅពីស្មូនឆ្នាំងដីធម្មតា ហើយសម្រេចបើកជាសិប្បកម្មផ្ទាល់ខ្លួននៅក្នុងឆ្នាំ2015 ក្រោយទទួលបានបទពិសោធន៍កាន់តែច្រើនបន្ទាប់ស៊ីឈ្នួលធ្វើស្មូនសេរ៉ាម៉ិចនៅក្នុងខេត្តសៀមរាបជាច្រើនឆ្នាំ ដោយផ្តើមចេញពីដើមទុនដំបូងប្រមាណ1ម៉ឺនដុល្លារ។
ចំពោះការផលិតគឺតម្រូវទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ការព្យាយាម និងអំណត់បំផុត ដោយត្រូវពិនិត្យទាំងកម្ដៅនៅពេលដុត ការមើលពណ៌ជាដើម បើមិនដូច្នោះទេ ក្រោយពេលដុតអាចផ្ទុះបែក ប្រេះ និងខូចខាតបានយ៉ាងងាយ។ អាជីវកម្មមួយនេះក៏ប្រឈមមុខនឹងបញ្ហាមួយចំនួនទៀតផងដែរ ជាពិសេសបញ្ហាតម្លៃ ព្រោះវាជាផលិតផលធ្វើឡើងដោយដៃខុសប្លែកពីផលិតផលបរទេសដែលមានពុម្ពស្រាប់នោះទេ ម៉្យាងទៀត ចំពោះការបម្រែបម្រួលអាកាសធាតុក៏អាចធ្វើឱ្យពណ៌របស់ផលិតផលប្រែប្រួលបាត់បង់សោភ័ណភាព និងធ្លាក់តម្លៃផងដែរ ដូច្នេះតម្រូវឱ្យតម្លៃដាក់លក់លើទីផ្សារខ្ពស់បន្តិច។
ជាមួយនឹងការបង្ហើបប្រាប់ពីទីផ្សារផលិតផលនៃសិប្បកម្មស្មូនសេរ៉ាម៉ិចខាងលើនេះ លោក សីហាក់ ក៏សំណូមពរដល់ ប្រជាពលរដ្ឋខ្មែរទូទៅ សូមជួយចូលរួមផ្សព្វផ្សាយពីផលិតផលស្មូនសេរ៉ាម៉ិចខ្មែរឱ្យបានទូលាយ ក្នុងន័យជួយថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរ ក៏ដូចជាជួយគាំទ្រដល់ផលិតក្នុងស្រុកផងដែរ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧បារាំង និងអ៊ីតាលី មិនគាំទ្រគំនិតរបស់ Trump រ៉ៃអង្គាសលុយសម្ព័ន្ធមិត្ត១០ពាន់លានដុល្លារដើម្បីទិញអាវុធពីអាម៉េរិកឲ្យអ៊ុយក្រែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/07/2025
ប្រទេសបារាំង និងប្រទេសអ៊ីតាលី បានប្រកាសហើយថានឹងមិនចូលរួមក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump ក្នុងការបង្កើតមូលនិធិកញ្ចប់ថ្មីមួយទំហំប្រមាណ ១០ពាន់លានដុល្លារ សម្រាប់ចំណាយទៅលើការបញ្ជាទិញសព្វាវុធពីអាម៉េរិកឲ្យទៅប្រទេសអ៊ុយក្រែននោះឡើយ
ធនាគារ ជីប ម៉ុង បន្តជួយឱ្យប្រជាពលរដ្ឋខ្មែរ អាចសម្រេចបាននូវក្តីស្រមៃក្នុងការមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាមួយបុរី ឡាក់ឃី វ័ន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/07/2025
ធនាគារ ជីប ម៉ុង ដែលបង្កើតឡើងដោយកូនខ្មែរ១០០% និងបុរី ឡាក់គី វ័ន ដែលវិនិយោគវិស័យអចលនទ្រព្យជាង១០ឆ្នាំ បានចាប់ដៃគ្នាបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន តាមរយៈការផ្ដល់កម្ចីគេហដ្ឋាន
អាម៉េរិក គ្រោងហាមឃាត់បច្ចេកវិទ្យាចិនដែលរួមបញ្ចូលក្នុងខ្សែកាបក្រោមបាតសមុទ្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/07/2025
គណៈកម្មការទំនាក់ទំនងសហព័ន្ធរបស់អាម៉េរិក (FCC) គ្រោងនឹងអនុម័តច្បាប់ ដើម្បីរារាំងក្រុមហ៊ុននានាពីការភ្ជាប់ខ្សែកាបក្រោមបាតសមុទ្រមកកាន់សហរដ្ឋអាម៉េរិកដែលមានរួមបញ្ចូលបច្ចេកវិទ្យារបស់ចិន