កសិករខ្មែរដែលធ្លាប់តែដាំបន្លែតាមបែបធម្មជាតិ មិនសូវទទួលបានផលត្រូវប្រើប្រាស់ថ្នាំគីមីខ្ពស់ និងពិបាករកទីផ្សារផងនោះ បានងាកមកដាំបន្លែក្នុងផ្ទះសំណាញ់វិញម្ដង បើទោះបីការធ្វើផ្ទះសំណាញ់តម្រូវចំណាយទុនខ្ពស់បន្តិចក៏ដោយ ប៉ុន្តែអាចរកផលចំណេញបាន ខណៈទីផ្សារបន្លែដែលដាំដោយការប្រើបច្ចេកទេសមានតម្រូវការខ្ពស់ និងលក់បានថ្លៃ។
ខុសប្លែកកាលពីប៉ុន្មានឆ្នាំមុនដែលប្រជាកសិករភាគច្រើនតែងមានទម្លាប់ធ្វើការដាំដុះបន្លែតាមបែបប្រពៃណី និងការប្រប្រាស់ថ្នាំ ឬជីគីមីជាជំនួយក្នុងការបង្កបង្កើនផលនោះ បានងាកមកចាប់អារម្មណ៍ និងសិក្សាពីបច្ចេកទេសដាំដុះថ្មីដោយការប្រើផ្ទះស្បៃ ឬផ្ទះសំណាញ់ជាមួយនឹងការទទួលបាននិន្នផលល្អ មានទីផ្សារខ្ពស់ និងតម្លៃថ្លៃជាងបន្លែដែលប្រើជីគីមី។
លោក សែត ផៃ ជាប្រជាកសិករប្រកបរបរដោយការដាំបន្លែស្លឹក ដូចជាស្ពៃក្រញាញ់ ស្ពៃចង្គឹះជាដើមនោះ រស់នៅក្នុងភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ប្រាប់ AMS ថា ការដាំបន្លែតាមបែបបច្ចេកទេសពិតជាទទួលបានផលច្រើន និងល្អជាងការដាំតាមបែបប្រពៃណី ជាពិសេសមិនពិបាកក្នុងការរកទីផ្សារនោះទេ។
លោកថា ៖ «ពីមុនខ្ញុំដាំតាមទម្លាប់ដែលចេះពីឪពុកម្តាយតរៀងមក ដោយប្រើប្រាស់ជីគីមី និងថ្នាំកម្ចាត់សត្វល្អិតកម្រិតខ្ពស់ មានពេលខ្លះដាំអត់បាន សត្វល្អិតបំផ្លាញអស់គ្មានសល់ ពេលយកទៅផ្សារលក់មិនសូវមានអ្នកទិញឡើយ ខាតចុង ខាតដើមទៀតផង។ ម្យ៉ាងវិញទៀតដាំបន្លែនៅលើទីវាលធម្មតាជួបបញ្ហាជាច្រើនដូចជាទឹកភ្លៀងធ្វើឱ្យរលួយ ក្តៅ ខ្វះទឹក សត្វល្អិតចង្រៃ ស្មៅចង្រៃបំផ្លាញ»។
លោកបញ្ជាក់ថា ៖ «មួយរយៈចុងក្រោយនេះបន្ទាប់ពីមានការផ្សព្វផ្សាយពីការដាំបន្លែក្នុងផ្ទះសំណាញ់ដែលអាចទទួលបានទិន្នផលខ្ពស់ ងាយស្រួលថែទាំផងនោះ កសិករមួយចំនួនក៏សម្រេចចិត្តទិញផ្ទះសំណាញ់ ដោយតម្លៃនៃការទិញផ្ទះតម្លៃតម្លៃពី 15 ទៅ 20 ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយបន្ទាប់ពីដាំបន្លែក្នុងផ្ទះសំណាញ់ស្របតាមបច្ចេកទេសឃើញថាបានទទួលទិន្នផលល្អពិតមែន»។
បច្ចុប្បន្ន លោក សែត ផៃ កំពុងបន្តការបង្កបង្កើនផលដាំបន្លែតាមបច្ចេកទេសផ្ទះសំណាញ់ ក្រោមការគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ( ASPIRE) ទំហំ 50 ម៉ែត្រការ៉េ ។ ជាលទ្ធផល រយៈពេល 27ថ្ងៃ លោកអាចប្រមូលផលបានចំនួន 500គីឡូក្រាមលក់ឱ្យក្រុមហ៊ុន TROPICAM NETAFIM ជាលើកទី1ក្នុងតម្លៃ 3,000រៀល ក្នុង1គីឡូក្រាម(តម្លៃកិច្ចសន្យា) សរុបទឹកប្រាក់ទទួលបានចំនួន 1,500,000រៀល កាត់ថ្លៃចំណាយសរុបចំនួន 700,000រៀល សល់ប្រាក់ចំណេញ 800,000 រៀល។
ស្រដៀងគ្នានេះ លោក វន វីន ដែលជាកសិករដាំដុះបន្លែស្លឹក និងជាសមាជិកបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាពក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងផង ដែរបានលើកឡើងថា សហគមន៍របស់លោកបានសម្រេចចិត្តដាំបន្លែស្ពៃចង្កឹះ និងស្ពៃក្រញាញ់ ដោយសារតែដំណាំប្រភេទនេះឆាប់បានប្រមូលផល និងលក់បានចំណេញជាងដំណាំដទៃទៀត។
លោកបានបញ្ជាក់ថា ៖ « បន្លែស្លឹក ដូចជាបន្លែស្ពៃចង្កឹះអីហ្នឹង យើងប្រើពេលតែ20ថ្ងៃប៉ុណ្ណោះ សម្រាប់កូនដកដាំ(ស្ទូង) យើងអាចប្រមូលផលបានហើយ តែសម្រាប់កូនសាបដាំវិញ យើងត្រូវការរយៈពេល 40ថ្ងៃឯណោះទម្រាំប្រមូលផលបាន»។
លោកបន្តថា ៖ «ក្រោយពេលបានដាំបន្លែស្ពៃចង្កឹះក្នុងផ្ទះសំណាញ់រយៈពេល 20 ថ្ងៃ អាចប្រមូលផលបានចំនួន 620 គីឡូក្រាម លក់ទៅឱ្យក្រុមហ៊ុន TROPICAM ក្នុងតម្លៃ 3,000រៀល/គីឡូក្រាម ហើយសរុបទឹកប្រាក់ដែលទទួលបានចំនួន 1,860,,000រៀល កាត់ថ្លៃចំណាយសរុបអស់ចំនួន 750,000រៀល នៅសល់ចំនួន 1,110,000 រៀល ជាប្រាក់ប្រាក់ចំណេញពីការប្រឹងប្រែង»។
លោកថា ពេលនេះកសិករភាគច្រើនបានចែករំលែកបទពិសោធន៍ការដាំបន្លែក្នុងផ្ទះសំណាញ់ពីម្នាក់ទៅម្នាក់ ព្រោះការដាំបន្លែក្នុងផ្ទះសំណាញ់ មិនពិបាកថែរទាំ ងាយដាំបានគ្រប់រដូវពេញមួយឆ្នាំ។ ដោយឡែកការចំណាយលុយច្រើនតែម្តងទៅលើផ្ទះសំណាញ់ តែប្រើបានជាង10ឆ្នាំ ដោយវាបានផ្តល់ផលចំណេញច្រើនត្រឡប់មកវិញ ទទួលបានទាំងទិន្នផលខ្ពស់ និងមានទីផ្សារល្អ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ