រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលប្រទេសឡាវបានបង្ហាញពីការពេញចិត្តចំពោះកិច្ចទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ រួមជាមួយនឹងការប្ដេជ្ញាក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពង្រីកទំហំពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី12 ខែមេសា ឆ្នាំ2021 បានអញ្ជើញជួបសន្ទនាតាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងជំនួបព្រឹកមិញនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ ដែលទើបត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្ដែងនូវការជឿជាក់ថាផ្អែកលើបទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏រឹងមាំ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែល្អប្រសើរ និងវិបុលភាពជូនប្រជាជនឡាវ។
នាយករដ្ឋមន្ត្រីទាំងពីរ បានសម្ដែងនូវការពេញចិត្តទៅវិញទៅមកចំពោះទំនាក់ទំនងល្អជិតស្និទ្ធដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញបញ្ចប់ឲ្យបានឆាប់នូវសេចក្តីព្រៀងផែនការសកម្មភាពសម្រាប់ភាពជាដៃគូ ដើម្បីបន្តពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា វិស័យនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌ ។
ប្រមុខដឹកនាំនៃប្រទេសទាំងពីរ មានសេចក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពីត្រឹម10លានដុល្លារអាមេរិកនៅក្នុងឆ្នាំ2019 រហូតដល់ 104លានដុល្លារអាមេរិក នៅក្នុងឆ្នាំ2020។ ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពន្លឿនការចរចារលើ “កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា”។
ចំពោះស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-19 សម្តេចតេជោនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឡាវក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-19 ប្រកបដោយជោគជ័យ។ នាយករដ្ឋមន្ត្រីឡាវក៏បានថ្លែងអំណរគុណដ៏ស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ជំនួយម៉ាសចំនួន 2លាន និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយចំនួន ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 នៅប្រទេសឡាវ។ នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហការរួមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 និងដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃជំងឺនេះ។
ក្រៅពីសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានផ្លាស់ប្ដូរគំនិត និងប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីនានា។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEAN លើកទី១៣ នៅចុងឆ្នាំ2021 និងជាប្រធានអាស៊ាន នៅឆ្នាំ2022។
ក្នុងឱកាសដ៏មហានក្ខត្តឬក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឡាវ ដែលនឹងប្រព្រឹត្តទៅក្នុងពេលតែមួយ នាយករដ្ឋមន្ត្រីទាំងពីរបានជូនពរគ្នាទៅវិញទៅមកឲ្យទទួលបានសុខភាពល្អ វិបុលភាព និងសុភមង្គលដល់ប្រជាជនកម្ពុជា និងឡាវ។
នៅចុងបញ្ចប់នៃការសន្ទនាតាមវីដេអូខុនហ្វឺរ៉ែន សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញ ឯកឧត្តមនាយករដ្ឋមន្រ្តី ផនខំា វីផាវ៉ាន់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ។ ដូចគ្នានេះដែរ ឯកឧត្តមនាយករដ្ឋមន្ត្រី ផនខំា វីផាវ៉ាន់ ក៏បានអញ្ជើញ សម្តេចតេជោ ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតាមពេលវេលាសមស្របណាមួយ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧ឥណ្ឌា បង្ហាញមហិច្ឆតាកាន់តែច្បាស់ក្នុងការបង្កើនថាមពលស្អាតទ្វេដងត្រឹមឆ្នាំ២០៣០ តាមរយៈកញ្ចប់ជំនួយហិរញ្ញវត្ថុសរុបដល់ទៅ ៣៨៦ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/09/2024
រដ្ឋាភិបាលឥណ្ឌានឹងប្រើប្រាស់ថវិកា ៣៨៦ពាន់លានដុល្លារ ក្នុងការគាំទ្រទៅដល់ការធ្វើបដិវត្តសេដ្ឋកិច្ចដែលមិនប៉ះពាល់ដល់បរិស្ថាន ពោលទៅលើការអភិវឌ្ឍថាមពលស្អាត
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ៖ THACO AGRI រួមចំណែកសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងស្រុក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/09/2024
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា គម្រោងកសិកម្មដ៏ធំ និងទំនើបរបស់ THACO AGRI បានរួមចំណែកសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងស្រុក