ក្រៅពីផ្សារតូចធំជាង២០ទីតាំងត្រូវបានប្រកាសផ្អាកត្រឹមរយៈពេលតែប៉ុន្មានថ្ងៃនោះ អាជ្ញាធរតំបន់នៅក្នុងរាជធានីភ្នំពេញបានសម្រេចបន្តផ្អាកដំណើរការផ្សារចំនួន3ទៀតជាបណ្តោះអាសន្ន រួមមានផ្សាររីករាយ ផ្សារពិភពថ្មីឈូកមាស ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយព្រឹកនេះបន្តផ្អាកដំណើរការផ្សារអូឡាំពិក ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ការផ្អាកដំណើរការបណ្ដោះអាសន្ននេះ ធ្វើឡើងរយៈពេល14ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី21 ខែមេសា ដល់ថ្ងៃទី04 ខែឧសភា ឆ្នាំ2021 ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ19 ដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងផ្សារនេះ។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌសែនសុខ បានអំពាវនាវដល់អាជីវករ សន្ដិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅ តូបលេខ005 ផ្សារពិភពថ្មីឈូកមាស ហើយមានអាការៈសង្ស័យ សូមប្រញាប់រួសរាន់ទៅពិនិត្យសំណាកជាបន្ទាន់នៅ ផ្លូវA ខាងត្បូងផ្សារពិភពថ្មី ឈូកមាស។
ដោយឡែក សម្រាប់ផ្សារអូឡាំពិកក៏ត្រូវបានអាជ្ញាធរបានសម្រេចបិទបណ្ដោះអាសន្នរយៈពេល14ថ្ងៃ ចាប់ពីថ្ងៃទី21 ខែមេសា ដល់ថ្ងៃទី05 ខែឧសភា ឆ្នាំ2021 បន្ទាប់ពីរកឃើញថាមានអាជីវករឆ្លងជំងឺកូវីដ-19។
លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានប្រសាសន៍ថា
ចំពោះមុខរដ្ឋបាលខណ្ឌបឹងកេងកង សូមផ្អាកដំណើរការជាបណ្ដោះអាសន្ននូវមូលដ្ឋានផ្សារអូឡាំពិក សម្រាប់រយៈពេល14ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី21 ឈានចូលថ្ងៃ22 ខែមេសា ឆ្នាំ2021 រហូតដល់ថ្ងៃទី05 ខែឧសភា ឆ្នាំ2021 ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវី-19 ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងផ្សារខាងលើ។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវដល់បងប្អូនអាជីវករ សន្ដិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារខាងលើ គិតចាប់ពីថ្ងៃទី08 ខែមេសា ដល់ថ្ងៃទី14 ខែមេសា ឆ្នាំ2021 បើមានអាការៈក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថា ឆ្លងជំងឺកូវីដ-19 សូមទៅពិនិត្យសំណាកជាបន្ទាន់នៅបរិវេនសាលមហោស្របចេនឡា ព្រមទាំងអនុវត្តវិធានការចត្តាឡីស័កតាមការណែនាំ។
គួរជម្រាបថា រហូតមកដល់ពេលនេះ ផ្សារតូច ធំជាច្រើននៅក្នុងរាជធានីភ្នំពេញ បានបិទបណ្ដោះអាសន្នជាបន្ដបន្ទាប់ ក្រោយពាក់ព័ន្ធអ្នកឆ្លងជំងឺកូវី-19ពិសេសអាជីវករនៅក្នុងផ្សារតែម្ដង៕