ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 រាជរដ្ឋាភិបាលបានធ្វើការប្រកាសបិទផ្សារទំនិញក្នុងភូមិសាស្ត្រមួយចំនួនធំនៅទីក្រុងភ្នំពេញ ដែលធ្វើឱ្យការទិញទីនិញ ជាពិសេសម្ហូបអាហារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ ពិសេសអ្នករស់នៅក្នុងតំបន់ក្រហមមានភាពលំបាកជាខ្លាំង។
មានការលើកឡើងស្រដៀងគ្នាជាច្រើនថា នៅក្នុងបរិបទនៃការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលនៅពេលនេះ សម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពធូរធាអាចមានលទ្ធភាពក្នុងការទិញស្បៀងទុកសម្រាប់ផ្គត់ផ្គង់ការហូបចុកបានរយៈពេលច្រើនថ្ងៃបាន ប៉ុន្តែចំពោះអ្នកដែលមានជីវភាពមធ្យម និងក្រោមមធ្យម កំពុងជួបភាពលំបាកក្នុងការទិញទំនិញ និងអាហារប្រចាំថ្ងៃ ខណៈដែលផ្សារជាច្រើននៅក្នុងតំបន់ត្រូវបានបិទ និងស្ថិតនៅក្នុងបំរាមហាមចេញពីផ្ទះជាដាច់ខាត។
លោកបណ្ឌិត ច័ន្ទ សុផល អ្នកជំនាញផ្នែកវិភាគសេដ្ឋកិច្ចឯករាជ្យកម្ពុជាបានបង្ហាញពីទស្សនៈទានផ្ទាល់ខ្លួនថា នៅក្នុងកំឡុងពេលបិទខ្ទប់នេះបងប្អូនប្រជាពលរដ្ឋសម្ងំនៅផ្ទះ បរិភោគតែអាហារក្រៀមដោយមិនអាចចេញក្រៅបាន ចំណែកឯអ្នកលក់ចល័តក៏មិនអាចដឹកបានដូចមុន ដូច្នេះអាជ្ញាធរគួរតែអនុញ្ញាតឱ្យអ្នកលក់ចល័តមានសេរីភាពក្នុងការចេញលក់។
លោកបណ្ឌិតបានបញ្ជាក់ថា ៖
“ខ្ញុំយល់ថា អាជ្ញាធរគួរអនុញ្ញាតឱ្យអាជីវករលក់បន្លែ ត្រី សាច់ ដោយរ៉ឺម៉កចល័ត ធ្វើការចល័តបានដោយសេរីក្រោមការគោរព និងអនុវត្តវិធានការការពារដោយរក្សាអនាម័យ។ បន្ថែមពីនេះ អាជ្ញាធរគួររៀបចំបង្កើតផ្សារលក់ដុំជាបណ្ដោះអាសន្នថែមទៀត ក្រៅពីនៅទីក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីអាជីវករអាចទៅទិញទំនិញយកមកជិះលក់តាមភូមិ ជិតៗដើម្បីជាទីផ្សារសម្រាប់លក់បន្លែរបស់កសិករផង”
លោកបណ្ឌិតបានបន្ថែមទៀតថា ៖
“ការធ្វើដូច្នេះនឹងជំរុញដល់ផលិតកម្មបន្លែ ត្រី សាច់ នៅក្នុងស្រុក ខណៈពេលដែលមានការបញ្ឈប់នាំមកពីប្រទេសវៀតណាមជាបណ្តោះអាសន្ន។ ប្រសិនបើយន្តការនេះត្រូវបានអនុវត្តបានល្អវាអាចឈានទៅជាភាពឈ្នះយូរអង្វែងផង ក្នុងការជំនួសឱ្យការនាំចូលបន្លែគីមីមួយចំនួនធំ”
អ្នកស្រី សុធា ជាប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ2 ខណ្ឌមានជ័យ រាជធានីភ្នំពេញបានលើកឡើងថា ប្រសិនបើមានការអនុញ្ញាតឱ្យរ៉ឺម៉កដឹកទំនិញអាចចេញលក់បានសេរីគ្រប់ច្រកល្ហក វានឹងក្លាយទៅជាដំណោះស្រាយល្អមួយសម្រាប់បងប្អូនប្រជាជនពិសេសអ្នកមានជីវភាពខ្សត់ខ្សោយដែលគាត់អាចមានលទ្ធភាពទិញបន្លែ ត្រី សាច់ក្នុងតម្លៃសមរម្យសម្រាប់ផ្គត់ផ្គង់ និងបំពេញក្រពះប្រចាំថ្ងៃ និងមិនចាំបាច់ធ្វើដំណើរទៅផ្សារឆ្ងាយ។ លើសពីនេះទៅទៀតវាក៏ជាវិធីល្អមួយអនុគ្រោះដល់អាជីវករខ្នាតតូចអាចបន្តរកចំណូលពីការលក់បន្តិចបន្តួចសម្រាប់ចញ្ចឹមគ្រួសារ។ ប្រសិនបើមានការអនុវត្តដូចនេះ ទំនិញក៏មិនឡើងថ្លៃ ហើយកសិករដាំបន្លែក៏អាចនាំកសិផលរបស់ខ្លួនចូលទីផ្សារបានមិនខាតបង់ដូចប៉ុន្មានថ្ងៃនេះទេ។
អ្នកស្រីបន្តថា ៖
“ខ្ញុំឃើញគេទិញទំនិញតាមទូរស័ព្ទពីផ្សារទំនើប និងហាងទំនើបបានដែរ ប៉ុន្តែអាចចំណាយលុយច្រើន ប៉ុន្តែសម្រាប់គ្រួសារខ្ញុំអាចចំណាយត្រឹម2ម៉ឺនរៀលយ៉ាងច្រើនសម្រាប់ទិញម្ហូបអាហារក្នុងមួយថ្ងៃដែលមានសមាជិក5នាក់ បើទិញពីផ្សារទំនើបដូចគេគឺមិនគ្រាន់នោះទេ ណាមួយមិនសូវចេះប្រើទូរស័ព្ទទិញអីនឹងទៀត ប៉ុន្តែបើមានអ្នកដឹកលក់គឺងាយស្រួល ហើយមិនមែនល្អតែសម្រាប់ខ្ញុំទេ គឺល្អចំពោះមនុស្សច្រើនទៀត ព្រោះខ្ញុំគិតថា អ្នកចេះប្រើទូរស័ព្ទទិញទំនិញក៏មានមិនច្រើនដែរ”
គួរកត់សម្គាល់ផងដែថា ដើម្បីដោះស្រាយនូវភាពលំបាករបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ និងទប់ស្កាត់ការឡើងថ្លៃទំនិញ រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្មបានបញ្ចេញផលិតផល និងស្បៀងយុទ្ធសាស្ត្រសំខាន់ៗដូចជាអង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុងជាដើមលក់ជូនប្រជាជនក្នុងតម្លៃទាប រួមជាមួយនឹងការឧបត្ថម្ភស្បៀងនៅតាមមូលដ្ឋានដែលត្រូវបានបិទខ្ទប់ ជាពិសេសតំបន់ក្រហម។
ក្រៅពីនេះ បន្ថែមពីលើការលក់ទំនិញរបស់រថយន្តចល័តនៃក្រសួងពាណិជ្ជកម្ម រដ្ឋបាលក្រុងក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនវិស័យឯកជនវីរៈប៊ុនថាំធ្វើការផ្គត់ផ្គង់ទំនិញចាំបាច់តាមរយៈរថយន្តចល័តចំនួន64គ្រឿង នៅតាមតំបន់នានាទូទាំងរាជធានីភ្នំពេញដោយចាប់អនុវត្តតាំងពីរសៀលថ្ងៃទី22 ខែមេសា ឆ្នាំ2021 ម្សិលមិញនេះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ