ស្របពេលដែលមានការបិទផ្សារបែបប្រពៃណីរបស់រដ្ឋ និងផ្សារមិនរបៀបរៀបរយដូចជាផ្សារក្រមួនជាដើម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 នៅតំបន់ទីប្រជុំជននានា រដ្ឋបាលខេត្តកណ្តាលបានជំរុញឱ្យអាជ្ញាធរនៅតាមតំបន់ស្រុក ឃុំមួយចំនួន រៀបចំបង្កើតផ្សារសុវត្ថិភាពជាបណ្តោះអាសន្នជំនួសផ្សារដែលបានបិទ ដើម្បីសម្រួលដល់សេដ្ឋកិច្ចគ្រួសារប្រជាជន ក៏ដូចជាផ្គត់ផ្គង់តម្រូវការហូបចុកប្រចាំថ្ងៃ។
នៅក្នុងមូលដ្ឋានក្រុងតាខ្មៅនៃខេត្តកណ្តាលកាលពីពេលកន្លងទៅនេះ បន្ទាប់ពីឃើញមានសភាពណែនណាន់នៃចំនួនមនុស្សនៅផ្សារក្រុងតាខ្មៅ ដែលប្រឈមនឹងការឆ្លងជំងឺនោះ រដ្ឋបាលខេត្តបានសម្រេចបង្កើតផ្សារសុវត្ថិភាពជាបណ្តោះអាសន្ននៅក្នុងបរិវេញកីឡាដ្ឋានខេត្តកណ្តាល ដោយមានការរៀបចំជាស្ដង់យ៉ាងមានរបៀប ការបង្កើតផ្សារបោះដុំបន្លែនៅស្រុកស្អាង និងផ្សារបណ្តោះអាសន្នមួយចំនួនទៀតដោយការរក្សាគម្លាតសុវត្ថិភាព ដែលស្ថិតនៅក្នុងវិធានការការពារ រក្សាអនាម័យ 3កុំ 3ការពារ។
លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍ថា ក្រោមគំនិតផ្តួចផ្តើមរបស់លោកអភិបាលខេត្តកណ្តាល ពេលនេះរដ្ឋបាលស្រុកបានរៀបចំបង្កើតផ្សារសុវត្ថិភាពជាបណ្តោះអាសន្ននៅក្នុងមូលដ្ឋានដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សេងៗដាក់លក់ផលិតផល ចំណីអាហារស្បៀងផ្សេងៗបានជាមួយនឹងការអនុវត្តតម្លៃទីផ្សារសមរម្យ។
លោកថា ការរៀបចំផ្សារនេះមានការចូលរួមសហការជាមួយវិស័យឯកជន គឺក្រុមហ៊ុន JET’S GROUP ដោយមានសង់ជាស្តង់ចំនួន3ជួរសម្រាប់ដាក់លក់បន្លែ ត្រី សាច់ ផ្លែឈើ និងស្បៀងអាហារជាច្រើនប្រភេទទៀត ដែលមានទីតាំងនៅក្បែរទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាល ស្ថិតក្នុងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជាមួយនឹងារបើកឱ្យមានការលក់ដូរនៅផ្សារសុវត្ថិភាពជាបណ្តោះអាសន្នមួយនេះ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល ក៏បានសំណូមពរដល់បងប្អូនប្រជាជនពលរដ្ឋទាំងអស់ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19ទាំងអស់គ្នា ដើម្បីអាចឱ្យស្ថានភាពសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូលវិលត្រឡប់ទៅរកភាពល្អប្រសើរវិញ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/01/2025
ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម