ក្រោមការយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មបានបញ្ចេញនូវស្បៀងយុទ្ធសាស្ត្រសំខាន់ៗសម្រាប់លក់ជូនប្រជាពលរដ្ឋដែលកំពុងជួបផលលំបាកដែលស្ថិតនៅក្នុងភូមិសាស្ត្រហាមឃាត់នៃតំបន់ក្រហម ជាមួយនឹងតម្លៃក្រោមទីផ្សារ រួមនឹងការគ្រប់គ្រងទៅលើការដំឡើងតម្លៃទំនិញនៅតាមបណ្តាទីផ្សារមួយចំនួនផងដែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ នៅក្នុងដំណើរចុះពិនិត្យស្តង់លក់ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងតំបន់បិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញនៅថ្ងៃទី28 ខែមេសា ឆ្នាំ2021 បានលើកឡើងថាការលក់ស្បៀង និងគ្រឿងឧបភោគបរិភោគរបស់ក្រសួងពាណិជ្ជកម្មជូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញ(តំបន់ក្រហម)គឺធ្វើឡើងតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីជួយសម្រួលដល់ផលលំបាករបស់ប្រជាជនដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម។
លោករដ្ឋមន្ត្រីបានបន្តថា នៅក្នុងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ01 សណន ចុះថ្ងៃទី19 ខែមេសា ឆ្នាំ2021ស្ដីពីវិធានការលម្អិតដើម្បីរឹតបន្តឹងការអនុវត្តសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-19 និងក្រោមការតាមដានត្រួតពិនិត្យ គុណភាព និងសន្ទស្សន៍ថ្លៃទំនិញជាប្រចាំដោយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.)ដែលជាស្ថាប័នជំនាញ។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ការផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្រសួងពាណិជ្ជកម្ម បានបញ្ចេញស្បៀងឱ្យចរាចរក្នុងទីផ្សារតាមរយៈទីផ្សារអនឡាញ (shop.moc.gov.kh) និងរថយន្តចល័តរបស់ក្រុមហ៊ុន ហ្គ្រីនត្រេដ និងរថយន្តក្រសួងចំនួន8គ្រឿង ព្រមទាំងបើកស្ដង់លក់ទំនិញចំនួន11ទីតាំង ដែលមាន25ស្តង់ ដើម្បីទ្រទ្រង់ស្ថិរភាពថ្លៃទំនិញដែលជាស្បៀងមូលដ្ឋាន ក្នុងនោះរួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ឆៃប៉ូវ និងស្បៀងមូលដ្ឋានមួយចំនួនទៀត ដែលត្រូវបានត្រួតពិនិត្យគុណភាព និងតម្លៃ យ៉ាងយកចិត្តទុកដាក់ដោយ អគ្គនាយកដ្ឋាន ក.ប.ប. ដោយក្រសួងបានចាត់មន្ត្រីជំនាញរបស់ខ្លួនឱ្យបន្តចុះត្រួតពិនិត្យ និងតាមដានសន្ទស្សន៍ ថ្លៃទំនិញតាម ទីផ្សារជាប្រចាំ ដើម្បីទប់ស្កាត់ការបន្លំគុណភាព ការលក់ដូរបំប៉ោងតម្លៃទំនិញ ព្រមទាំងណែនាំដល់អាជីវករទាំងអស់ឱ្យបិទស្លាកថ្លៃនៅលើមុខទំនិញ និងកុំឱ្យមានការផ្លាស់ប្តូរថ្លៃទំនិញតាមអំពើចិត្តលើសពីតម្លៃទំនិញដែលបានលក់មុនពេលបិទខ្ទប់។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងករណីមានការលួចបន្លំ ដំឡើងថ្លៃណាមួយកើតឡើង ក្រសួងលើកទឹកចិត្តដល់ពលរដ្ឋអាចរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធរបស់ក្រសួង ឬមន្ត្រីប្រចាំការនៅតាមស្តង់លក់ទំនិញ ដើម្បីចាត់វិធានការឱ្យបានទាន់ពេលវេលា។
សូមជម្រាបថា ចាប់ពីថ្ងៃទី23-27 ខែមេសា ឆ្នាំ2021 ការលក់តាមស្តង់ទាំង11ទីតាំង បានអង្ករ 1,362បាវ មីជាតិ 4,331កេស ទឹកត្រី 1,227យួរ ទឹកស៊ីអ៊ីវ 1,191យួរ ត្រីខ 2,763យួរ ឆៃប៉ូវ 483ថង់ និងទឹកសុទ្ធ 88កេស ក្នុងតម្លៃទាបជាងទីផ្សារជូនប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់ក្រហម៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គំរូអត្ថប្រយោជន៍វិលជុំនៃកសិដ្ឋានសូឡានៅអាមេរិកទាំងចំពោះមនុស្ស និងសត្វចៀម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/01/2025
ឧស្សាហកម្មផលិត និងទាញយកថាមពលព្រះអាទិត្យដោយកសិដ្ឋានបន្ទះសូឡានៅអាមេរិកបាន និងកំពុងតែធ្វើឲ្យទំហំនៃការចិញ្ចឹមសត្វចៀមជាហ្វូងមានទំហំកាន់ច្រើនឡើងនៅទូទាំងប្រទេស