ជាសារមួយដ៏ល្អដែលរដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញពីឆន្ទៈក្នុងការពង្រីក និងពង្រឹងលទ្ធភាពការដាំដំណាំខ្ទឹមសនៅក្នុងខេត្តមណ្ឌលគីរី ដែលជាខេត្តមានសុវត្ថិភាពសម្រាប់ដំណាំនេះ ខណៈដែលមានកសិករខ្មែរដែលសាកល្បងដាំដំណាំខ្ទឹមសទទួលបាននូវទិន្នផលខ្ពស់។
ក្រសួងកសិកម្មបានចាប់ផ្តើមឱ្យពលរដ្ឋសាកល្បងដាំដំណាំខ្ទឹមសជាលើកដំបូង ដើម្បីឈានទៅកាត់បន្ថយការនាំចូលពីប្រទេសចិន មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជាមួយនឹងការផ្តល់ពូជខ្ទឹមសឱ្យពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ដើម្បីដាំសាកល្បងមុនពេលសម្រេចថា តើគួរពង្រីកឱ្យការដាំដុះប្រភេទដំណាំនេះនៅក្នុងខេត្តណា និងតំបន់ណាដើម្បីប្រាកដថាទទួលបានទិន្នផលខ្ពស់។
ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា ៖
“យើងសាកល្បងដាំដំណាំនេះ ពីព្រោះយើងឃើញមានការនាំចូលខ្ទឹមសយ៉ាងគគ្រឹកគគ្រេងទាំងឡានៗពីប្រទេសចិនមក។ ដូច្នេះហើយ យើងក៏សម្រេចចិត្តសាកល្បងដាំខ្ទឹមសនេះដើម្បីកាត់បន្ថយការនាំចូលមកកម្ពុជា និងដើម្បីជួយបង្កើនការងារជូនពលរដ្ឋរបស់យើងផងដែរ”
ខ្ទឹមស ជាដំណាំមានតម្រូវការនៅលើទីផ្សារចាំបាច់ ដោយមើលឃើញសក្ដានុពលនៃដំណាំខ្ទឹមសនេះនៅខេត្តមណ្ឌលគិរី រដ្ឋមន្ត្រីក្រសួងកសិកម្មបានផ្តល់លទ្ធភាពឱ្យមន្ទីរកសិកម្មខេត្តយកពូជខ្ទឹមសទៅជូនប្រជាជនដើម្បីដាំសាកល្បង ហើយជាលទ្ធផលបានទទួលនូវផលដ៏ប្រសើរ។
យោងទៅលើបច្ចេកទេសនៃការដាំដំណាំខ្ទឹមសនេះបង្ហាញថា ការត្រៀមពូជដាំនៅលើផ្ទៃដីទំហំ 7អារ ត្រូវដាំពូជអស់ចំនួន 17គីឡូក្រាម ។ មុនដាំ ត្រូវយកខ្ទឹមទៅហាលថ្ងៃរយៈពេល 1ខែ ដើម្បីឱ្យវាស្ងួតល្អ បន្ទាប់មកទើបយកទៅដាំ។ ក្រោយពីដាំបានរយៈពេលចាប់ពី 3ខែឡើង ទើបអាចចាប់ផ្តើមដកប្រមូលផល។ នៅលើផ្ទៃដី 7អារ គេអាចប្រមូលផលបានចំនួនប្រមាណ 560គីឡូក្រាម ហើយអាចទទួលបានប្រាក់ចំណេញសុទ្ធសល់ពីការចំណាយ 592,000រៀល។
លោក ភិន ផន ជាប្រជាកសិករ1រូបដែលបានដាំខ្ទឹមសនៅខេត្តមណ្ឌលគីរីបានឱ្យដឹងថា បច្ចុប្បន្នលោកបានដាំខ្ទឹមសសាកល្បង លើផ្ទៃដីតែជាង100ម៉ែត្រការ៉េប៉ុណ្ណោះ តែលោកមានផែនការពង្រីកការដាំដុះឱ្យបាន 3,000ម៉ែត្រការ៉េក្នុងឆ្នាំ2021នេះ ដោយក្នុង1ម៉ែត្រការ៉េ លោកអាចបានផល1គីឡូក្រាមស្រស់ និងក្រោយពេលហាលស្ងួតមានទំងន់ 9ខាំ ។
លោក ភិន ផន ដែលប្រជាកសិករនៅខេត្តភាគឦសានរូបនេះបានបញ្ជាក់ថា ខ្ទឹមសមិនពិបាកដាំទេ ដំបូងត្រូវភ្ជួរហាលដីឱ្យស្ងួត ដោយបាចកំបោរការពារផ្សិត និងប្រើជីធម្មជាតិទ្រាប់បាតដី បន្ទាប់មកត្រូវលើករងដី ក្រាលថ្នាលប្លាស្ទិក ទើបចោះដីដាក់កំពឹសខ្ទឹមសចូល ហើយវានឹងលូតលាស់ល្អស្ទើរតែមិនបាច់ប្រើជី ប៉ុន្តែត្រូវធ្វើស្មៅឱ្យស្អាត។
“ខ្ទឹមសអាចលក់បានថ្លៃ ដោយក្នុងមួយគីឡូក្រាមលក់បាន 25,000រៀលឯណោះ ចំណែកទីផ្សារក៏ល្អណាស់ដែរ ហើយខ្ទឹមសនេះគឺគ្មានហានិភ័យត្រូវខាតបង់ទេ ព្រោះទិន្នផលរបស់វាអាចទុក1ឆ្នាំក៏មិនចេះខូចដែរ”
នេះបើតាមលោក ភិន ផន កសិករសាកល្បងដាំដំណាំខ្ទឹមសជោគជ័យនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែមនោរម្យ ខេត្តមណ្ឌលគីរីបានបញ្ជាក់។
សម្រាប់នៅលើទីផ្សារបច្ចុប្បន្ន តម្លៃខ្ទឹមសដែលកត់សម្គាល់ថានាំមកពីប្រទេសចិនត្រូវបានដាក់លក់ក្នុងតម្លៃ 6,000-7,000 រៀលក្នុង1គីឡូក្រាម។ ចំណែកខ្ទឹមស ដែលជាផលិតផលក្នុងស្រុក មកពីសហគមន៍នៃខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ដាក់លក់ក្នុងតម្លៃ 20,000 រៀលក្នុង1គីឡូក្រាម នៅក្នុងទីផ្សារលក់រាយ និងនៅក្នុងផ្សារសហគមន៍តម្លៃ 2,4000រៀលក្នុង1គីឡូក្រាម។
ឯកឧត្តម វេង សាខុន បានសង្ឃឹមថា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា នឹងពេញចិត្ត ហើយជួយទិញមកបរិភោគ ដើម្បីចូលរួមចំណែក លើស្ទួយផលិតផលកម្ពុជា ជាពិសេសលើកទឹកចិត្តដល់កសិកររបស់យើងក្នុងការពង្រីកការដាំដុះ នាពេលខាងមុខ ព្រោះជាខ្ទឹមស ដែលជាផលិតផលដំបូងបានមកពីការដាំសាកល្បងដោយជោគជ័យនៅក្នុងឆ្នាំនេះ នៅខេត្តមណ្ឌលគីរី ។
ឯកឧត្តមបញ្ជាក់ថា ៖
“ប្រសិនបើដាំបានជោគជ័យ នោះយើងគិតអំពីការផ្គត់ផ្គង់ក្នុងស្រុកជាមុនសិន។ ខ្ញុំគិតថាត្រឹមតែផ្គត់ផ្គង់ក្នុងស្រុក ក៏កសិករយើងអាចរកស៊ីបានដែរដោយពុំចាំបាច់ធ្វើការនាំចេញ។ ក្រសួងនឹងមានវិធានការក្នុងការជួយជំរុញឱ្យពលរដ្ឋបង្កើនការដាំដំណាំខ្ទឹមសនេះ តាមរយៈការរៀបចំប្រព័ន្ធធារាសាស្រ្ត ដើម្បីឱ្យមានទឹកស្រោពស្រពគ្រប់គ្រាន់ រួមទាំងការសន្យាផ្ដល់ជំនួយផ្សេងៗទៀត”
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គំរូអត្ថប្រយោជន៍វិលជុំនៃកសិដ្ឋានសូឡានៅអាមេរិកទាំងចំពោះមនុស្ស និងសត្វចៀម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/01/2025
ឧស្សាហកម្មផលិត និងទាញយកថាមពលព្រះអាទិត្យដោយកសិដ្ឋានបន្ទះសូឡានៅអាមេរិកបាន និងកំពុងតែធ្វើឲ្យទំហំនៃការចិញ្ចឹមសត្វចៀមជាហ្វូងមានទំហំកាន់ច្រើនឡើងនៅទូទាំងប្រទេស