បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការបិទ និងអនុញ្ញាតឱ្យមានការបើកដំណើរការឡើងវិញនូវតំបន់កម្សាន្ត ទីរមណីយដ្ឋាននានានៅទូទាំងប្រទេសឡើងវិញនោះ ក្រសួងទេសចរណ៍ក៏បាន និងកំពុងបន្តសិក្សាលម្អិតទៅលើលទ្ធភាពក្នុងការទទួលយកភ្ញៀវទេសចរអន្តរជាតិដែលមកពីទីផ្សារណាមានហានិភ័យទាប និងចាក់វ៉ាក់សាំងការពារជំងឺកូវីដរួចរាល់ដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ។
ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលបានបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសនោះ រហូតមកដល់ពេលនេះចំនួនភ្ញៀវទេសចរនៅតាមតំបន់នីមួយៗនៅមានកម្រិតនៅឡើយ ខណៈម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍មួយចំនួន ក៏នៅមិនទាន់បើកដំណើរការឡើងវិញដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងរយៈពេលជាងមួយសប្តាហ៍នេះកន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត1ម៉ឺននាក់ ក្នុងនោះភាគច្រើនជាភ្ញៀវទេសចរជាតិ និងមួយចំនួនទៀតជាភ្ញៀវបរទេសផ្ទៃក្នុងដែលរស់នៅ និងបំពេញការងារនៅក្នុងប្រទេសកម្ពុជា។ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង គឺនៅមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបជាមួយស្ថានភាពមុនព្រឹត្តិការណ៍20កុម្ភៈ។ ឯគោលដៅទេសចរណ៍នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល អាជ្ញាធរមិនទាន់អនុញ្ញាតឱ្យបើកឡើងវិញទេ។ ដោយឡែក តាមបណ្តាខេត្តផ្សេងៗរដ្ឋបាលខេត្តមានការប្រយ័ត្នប្រយែងខ្លាំងក្នុងការបើករមណីយដ្ឋាន និងគោលដៅទេសចរណ៍ឡើងវិញ ដោយពុំទាន់អនុញ្ញាតឱ្យបើកឡើងវិញទេ និងនៅបន្តអនុវត្តវិធានការរឹតត្បិតការធ្វើដំណើរ និងការចេញចូលតំបន់សំខាន់ៗ ពិសេសគោលដៅទេសចរណ៍។
ជាមួយគ្នានេះ មន្ទីរទេសចរណ៍បានសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្តក្នុងការចុះពិនិត្យ និងបន្តពន្យល់អប់រំណែនាំដល់ទេសចរ និងអាជីវករជាម្ចាស់រមណីយដ្ឋានចូលរួមអនុវត្តវិធានការនៃការធ្វើចត្តាឡីស័ក និងការផ្តល់សំណាកធ្វើតេស្តរកជំងឺកូវីដ-19 ហើយប្រជាពលរដ្ឋក៏មានការយល់ដឹងច្រើនពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-19 ពិសេសការរក្សាគម្លាតសុវត្ថិភាព និងវិធានការ 3កុំ និង 3ការពារ ប៉ុន្តែចាំបាច់ត្រូវឃ្លាំមើល និងត្រូវពន្យល់អប់រំណែនាំជាប់ជាប្រចាំ ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានបន្ថែមថា ក្រសួងទេសចរណ៍នឹងបន្តជំរុញដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បន្តពង្រឹង និងបង្កើនកិច្ចសហការជាមួយរដ្ឋបាលខេត្តផ្នែកពាក់ព័ន្ធ និងម្ចាស់មូលដ្ឋានអាជីវកម្ម ដើម្បីបង្កើនការអប់រំពន្យល់ណែនាំឱ្យកាន់តែស៊ីជម្រៅ និងជាប់ជាប្រចាំដល់ទេសចរ និងបុគ្គលិកបម្រើការ និងអ្នកផ្តល់សេវាក្នុងរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងក្នុងមូលដ្ឋាអាជីវកម្មទេសចរណ៍ទាំងអស់អនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាដល់សុវត្ថិភាព និងសុខភាពទេសចរ និងប្រជាពលរដ្ឋសហគមន៍ ពិសេសពេលរាជរដ្ឋាភិបាលនឹងបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏កំពុងជំរុញការសិក្សាលទ្ធភាព ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមកពីទីផ្សារណាមានហានិភ័យទាប និងបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-19 រួចហើយ នឹងចាប់ផ្តើមនៅត្រីមាសទី 4 ឆ្នាំ 2021នេះនៅក្នុងនៅក្នុងជំហានដំបូងរបស់ខ្លួន ដែលរំពឹងថាដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់កម្ពុជាឡើងវិញ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/01/2025
ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម