សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បញ្ជាបន្ទាន់ដល់អភិបាលខេត្តមួយចំនួនត្រូវកែសម្រួលលើវិធានការនៃការធ្វើចត្តាឡីស័ក14ថ្ងៃទៅលើប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ខេត្តរបស់ខ្លួនឡើងវិញ ជៀសវាងបង្កផលប៉ះពាល់ និងភាពលំបាកកាន់តែខ្លាំងដល់ប្រជាពលរដ្ឋទូទៅក្នុងការធ្វើដំណើរ និងប្រកបមុខរបរផ្សេងៗនៅទូទាំងប្រទេស។
តាមរយៈសារជាសំឡេងនៅរសៀលថ្ងៃទី6 ខែឧសភា ឆ្នាំ2021នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបិទបញ្ចប់ក្នុងការបិទរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ក៏ដូចជាការបិទបញ្ចប់សម្រាប់ការធ្វើដំណើរឆ្លងខេត្តតាំងពីរយៈពេលមុនមកម៉្លេះ។ ក្នុងពេលបិទបញ្ចប់នេះ រាជរដ្ឋាភិបាលក៏បានផ្តល់អំណាចទៅឱ្យអភិបាលខេត្ត រាជធានី ដើម្បីគ្រប់គ្រងស្ថានការណ៍តាមការជាក់ស្ដែង ប៉ុន្តែមានរដ្ឋបាលខេត្តខ្លះបានដាក់វិធានការកំណត់ធ្វើចត្តាឡីស័កចំពោះពលរដ្ឋណាដែលចូលក្នុងភូមិសាស្ត្រនៃខេត្តរបស់ខ្លួន ដែលការដាក់ចេញនូវវិធានការបែបនេះអាចប្រៀបដូចជាការបិទរដ្ឋ ឬបិទប្រទេសឡើងវិញ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ៖
“យើងត្រូវបន្តធ្វើចត្តាឡីស័ករយៈពេល14ថ្ងៃចំពោះតែពលរដ្ឋដែលសង្ស័យមានហានិភ័យដែលមានជំងឺកូវីដ-19 ដើម្បីទៅយកសំណាក ហើយឱ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនធ្វើឡើងលើមនុស្សទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ខេត្តរបស់ខ្លួននោះទេ បើធ្វើយ៉ាងដូច្នេះ ប្រជាជនហាក់ដូចជានៅក្នុងទ្រង់យ៉ាងដូច្នោះ ចឹងសូមឱ្យលោកជំទាវ និងឯកឧត្តមណាដែលបានចេញសេចក្ដីសម្រេចរួចទៅហើយ ត្រូវកែប្រែនូវសេចក្ដីសម្រេចនោះឡើងវិញជាបន្ទាន់ ដើម្បីសម្រួលឱ្យមានការចរាចរសម្រាប់ប្រជាពលរដ្ឋ ហើយខ្ញុំនិយាយនេះមិនមែនសំដៅមិនឱ្យទប់ស្កាត់ចំពោះអ្នកដែលមានករណីសង្ស័យដែលយើងតម្រូវឱ្យយកសំណាក និងនាំទៅដល់ការធ្វើចត្តាឡីស័កដែលជៀសវាងមិនបាននោះទេ ក៏ប៉ុន្តែការធ្វើនេះ គឺសំដៅដើម្បីឱ្យកែសម្រួលសេចក្ដីសម្រេចដើម្បីអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរបាន”
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ការធ្វើចត្តាឡីស័កទៅលើគ្រប់ប្រជាពលរដ្ឋដែលឆ្លងកាត់ខេត្តមិនខុសពីការបិទប្រទេសឡើងវិញនោះទេ ហើយវាក៏ជាការបិទក្បាលម៉ាស៊ីនសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងដូច្នេះដែរ។ ដូច្នេះសម្រាប់អភិបាលខេត្តណាដែលបានចេញសេចក្ដីសម្រេចរួចហើយនោះហើយ ត្រូវកែឡើងវិញសាជាថ្មី ប៉ុន្តែសម្ដេចគាំទ្រឱ្យមានការដាក់ចេញឱ្យអនុវត្តនូវវិធានការសុខាភិបាល និងយកចិត្តទុកដាក់ទៅលើពលរដ្ឋដែលមានករណីសង្ស័យ យកសំណាកធ្វើតេស្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19 ៕