គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី3 ដែលនឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់ក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀតរបស់កម្ពុជា រហូតមកដល់ពេលនេះលទ្ធផលនៃការសាងសង់សម្រេចបានប្រមាណ៥០ភាគរយ ហើយប្រសិនបើមិនមានការរំខានដោយវិបត្តិកូវីដ-19 នោះទេ ដំណើរការនៃគម្រោងនេះអាចនឹងបញ្ចប់ទៅតាមគម្រោងដែលបានគ្រោងទុកនៅត្រឹមថ្ងៃទី5 ខែកញ្ញា ឆ្នាំ2022ខាងមុខនេះ។
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី3 (NR4-NR1) ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន Guangzhou Wanan Construction Supervision Co., Ltd. មានប្រវែងសរុបជិត50គីឡូម៉ែត្រជាប្រភេទផ្លូវ4គន្លង មានទទឹងតួផ្លូវសរុប25ម៉ែត្រ, ផ្លូវរថយន្តមាន4គន្លង ដែលមួយគន្លងមានទទឹង3.50ម៉ែត្រ ចំណែកផ្លូវទោចក្រយានយន្ត2គន្លង មួយគន្លងមានទទឹង2.25ម៉ែត្រ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងថា គិតត្រឹមដើមខែឧសភា ឆ្នាំ2021នេះ លទ្ធផលនៃការសាងសង់គម្រោងផ្លូវក្រវាត់ក្រុងទី3 សម្រេចបានប្រមាណជិត50ភាគរយ ដោយមួយរយៈពេលមុននេះសកម្មភាពសាងសង់បានបន្ថយល្បឿនបន្តិចដោយសារតែការរំខានដោយវិបត្តិនៃជំងឺកូវីដ ជាពិសេសារចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានបញ្ជាក់ថា ផ្អែកតាមលទ្ធផលដែលទទួលបាននៅពេលបច្ចុប្បន្ន ប្រសិនបើបញ្ហានៃការរាតត្បាតជំងឺឆ្លងត្រូវបានកាត់បន្ថយត ហើយស្ថានការណ៍បានល្អប្រសើរជាងនេះ នោះការសាសង់នឹងចាប់ផ្តើមបន្ត និងសម្រុកដើម្បីអាចបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុកប្រកបដោយគុណភាព និងប្រសិទ្ធភាពការងារនៅត្រឹមថ្ងៃទី5 ខែឧសភា ឆ្នាំ2022ខាងមុខនេះ។
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី3 មានការតភ្ជាប់ទៅនឹងផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ3 ផ្លូវជាតិលេខ4 ផ្លូវជាតិលេខ5 និងភ្ជាប់ទៅនឹងស្ពានឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ6។
តាមរយៈហេដ្ឋារចនាសម្ព័ន្ធដែលវែងមួយនេះនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំសម្បើមបម្រើដល់វិស័យដឹកជញ្ជូនវាងរាជធានីភ្នំពេញ ដោយថែមទាំងកាត់ផ្លូវជាតិលេខ2 និងផ្លូវជាតិលេខ21 ឆ្លងកាត់ទន្លេបាសាក់ ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ទៅនឹងផ្លូវជាតិលេខ1 ជាពិសេស តភ្ជាប់ទៅចំណតផែស្ងួតថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញស្ថិតនៅក្នុងស្រុកកៀនស្វាយ ក៏ដូចជាការបំពេញឲ្យការតភ្ជាប់ផ្លូវអាស៊ានហាយវ៉េយ (AH1 និង AH11) និងផ្លូវរបៀងសំខាន់ៗ (របៀងកណ្តាល និងរបៀងសេដ្ឋកិច្ចភាគខាងត្បូង) របស់មហាអនុតំបន់មេគង្គ។
អ្នកនាំពាក្យក្រសួងសាធារណការបានបន្ថែមទៀតថា លើសពីនេះទៀតការសាងសង់ផ្លូវក្រវាត់ក្រុងទី3នេះ គឺជាការតភ្ជាប់ផ្ទៃក្នុង និងសមាហរណកម្មតំបន់ ពិសេសតភ្ជាប់ផ្លូវអាស៊ានហាយវ៉េ និងផ្លូវរបៀងសេដ្ឋកិច្ចសំខាន់ៗរបស់មហាអនុតំបន់មេគង្គ រួមចំណែកក្នុងការសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារកម្មតំបន់ និងប្រែក្លាយទឹកដីដែលនៅសងខាងផ្លូវខ្សែក្រវាត់ក្រុងនេះទៅជាតំបន់អភិវឌ្ឍបូរីលំនៅឋាន តំបន់ភស្តុភារកម្ម និងឧស្សាហកម្មដ៏មានសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា៕