រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាក្នុងឆ្នាំ២០២២ ឲ្យបានជោគជ័យ ដើម្បីអាចធ្វើឱ្យសេដ្ឋកិច្ច និងកិច្ចអភិវឌ្ឍន៍នៅក្នុងតំបន់កាន់តែមានភាពល្អប្រសើរឡើង។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ បានលើកឡើងថា៖
“កម្ពុជាបាននឹងកំពុងពន្លឿននិតិវិធីក្នុងស្រុកសម្រាប់ឈានទៅការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិក រួមមានកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២០កន្លងទៅ”
ឯកឧត្តមបន្តថា ក្រៅពីនេះក្រសួងក៏បាននឹងកំពុងជំរុញនិតិវិធីសេសសល់ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង ដើម្បីឈានទៅរកការចុះហត្ថលេខាឱ្យបានកាន់តែឆាប់ មុននឹងសម្រេចបើកការចរចាកិច្ចព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀត (រួមមានជប៉ុន ឥណ្ឌា…) នៅពេលការសិក្សាបានបញ្ចប់។ ក្រសួងក៏បាននឹងកំពុងបង្កើតក្រុមការងារថ្នាក់ក្រសួង ដើម្បីត្រៀមរៀបចំផ្តល់ជាធាតុចូលសំខាន់ៗក្នុងវិស័យពាណិជ្ជកម្ម ជូនដល់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ដាក់ជាចំណុចអាទិភាព និងគំនិតផ្តួចផ្តើមនានារបស់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្ត៖
“ក្នុងឋានៈជាអនុប្រធាននៃគណៈកម្មការជាតិ និងជាតំណាងឲ្យកម្ពុជាជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទទួលបន្ទុកសសរស្ដម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ក៏បានលើកឡើងពីការត្រៀមខ្លួនរបស់ក្រសួងពាណិជ្ជកម្ម ពិសេសក្នុងការឈានទៅសម្រេចបាននូវកិច្ចការក្រោមសរសរស្តម្ភសេដ្ឋកិច្ចរបស់អាស៊ាន”
គួរកត់សម្គាល់ដែរថា កិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូខាងលើនេះ ដឹកនាំដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២។
កិច្ចប្រជុំនេះផ្តោតសំខាន់លើរបៀបវារៈចំនួន៤ រួមមាន ទី១-មូលបទ និងអាទិភាពសម្រាប់កម្ពុជាធ្វើជាប្រធានអាស៊ាន, ទី២-ការត្រៀមរៀបចំនូវគំនិតផ្តួចផ្តើមរបស់កម្ពុជាសម្រាប់ឆ្នាំ២០២២, ទី៣-ដំណើរការប្រព្រឹត្តទៅនៃអនុគណៈកម្មការនីមួយៗក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ និងទី៤-បញ្ហាផ្សេងៗ ដែលធ្វើឡើងដើម្បីកម្ពុជាត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២៕
ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានទទួលយកអនុសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលជាប្រធានអង្គប្រជុំ និងបានប្តេជ្ញាថានឹងសហការតាមគ្រប់មធ្យាបាយ និងក្នុងគ្រប់កាលៈទេសៈ ដើម្បីធានាសម្រេចបាននូវភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/01/2025
ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម