បើមិនមានអ្វីប្រែប្រួលនោះទេ ក្រុមហ៊ុន KrisEnergy នឹងនាំយកដំណក់ប្រេងឆៅលើកដំបូង និងចាប្រវត្តិសាស្ត្ររបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ ដោយក្នុងជំហានបឋមនេះមានបរិមាណចន្លោះពី 27-30ម៉ឺនបារ៉ែល (1បារ៉ែល=158.99លីត្រ) ស្មើនឹងប្រមាណ47លានលីត្រតាមរយៈនាវាផ្ទុកប្រេងទៅកាន់ទីផ្សារអន្តរជាតិ។
ក្រោយដំណើរការចាប់ផ្តើមបូមប្រេងអស់រយៈពេល4ខែរួចមក បច្ចុប្បន្នក្រុមហ៊ុនគ្រីសអេនើជី (KrisEnergy) បានរៀបចំឯកសារ និងត្រៀមធ្វើការនាំចេញប្រេងឆៅកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិលើកដំបូង ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងអាចនាំមកនូវចំណូលបន្ថែមចាក់ចូលក្នុងសេដ្ឋកិច្ចជាតិ។
អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ បានមានប្រសាសន៍នៅថ្ងៃទី18 ខែឧសភា ឆ្នាំ2021នេះថា បើមិនមានអ្វីប្រែប្រួលនោះទេ ក្រុមហ៊ុន KrisEnergy នឹងនាំចេញប្រេងកាតរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងខែឧសភា ឆ្នាំ2021នេះហើយ ដោយក្នុងជំហានដំបូងមានបរិមាណក្នុងចន្លោះប្រមាណ 27-30ម៉ឺនបារ៉ែល។
លោកបានបញ្ជាក់ថា ៖
“ក្រុមហ៊ុនរុករក និងបូមប្រេងរបស់សិង្ហបុរី KrisEnergy នឹងនាំចេញប្រេងរបស់កម្ពុជាទៅលក់នៅលើទីផ្សារអន្តរជាតិ នៅអំឡុងខែឧសភានេះ។ ចំពោះដំណាក់កាលដំបូងនេះ ក្រុមហ៊ុនអាចនឹងនាំចេញប្រេងឆៅ ក្នុងបរិមាណចន្លោះពី27ម៉ឺនបារ៉ែល ទៅ30ម៉ឺនបារ៉ែល ហើយបរិមាណប្រេងនាំចេញនេះ វាប្រែប្រួលទៅតាមការវាស់វែងជាក់ស្តែង”
យ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់នោះទេថា ការនាំចេញប្រេងឆៅលើកដំបូងរបស់កម្ពុជានាពេលនេះ នឹងត្រូវបានដឹកទៅកាន់ទីផ្សារប្រទេសណា ហើយលក់ក្នុងតម្លៃប៉ុន្មានដែរ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ប្រសិនបើដំណើរការនៃការនាំចេញប្រេងឆៅកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបាននៅពេលណា នោះវានឹងនាំមកនូវប្រាក់ចំណូលបន្ថែមចាក់ចូលក្នុងសេដ្ឋកិច្ចជាតិបានមួយចំណែកទៀត។
លោកបណ្ឌិតបានបន្តថា ៖
“តាមរយៈការនាំចេញប្រេងនេះវាជាចំណូលបន្ថែម និងជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលបានមកពីតំណក់ប្រេងក្នុងសម័យកាលមួយដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅតែពីចំណូលបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា អ្វីដែលជាផលប្រយោជន៍ធំនោះគឺកេរ្តិ៍ឈ្មោះ។ ប្រសិនបើគុណភាពប្រេងរបស់កម្ពុជាមានគុណភាពល្អកម្រិតខ្ពស់ និងកិត្យានុភាពរបស់កម្ពុជានឹងលេចឡើងនៅលើឆាកអន្តរជាតិក្នុងនាមជាប្រទេសមួយដែលមានចង្វាក់ផលិតកម្មប្រេងឆៅដូចបណ្តាប្រទេសផ្សេងៗចំនួនទៀតនៅលើពិភព”
ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា ការទទួលបានប្រេងឆៅ ឬបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅពេលនេះ មិនអាចធ្វើឱ្យតម្លៃប្រេងឥន្ទនៈសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនាពេលបច្ចុប្បន្នធ្លាក់ថ្លៃច្រើននោះទេ ឬអាចទទួលបានផលប្រយោជន៍ចាក់ចូលក្នុងសេដ្ឋកិច្ចជាតិតិចតួចប៉ុណ្ណោះ ព្រោះកម្ពុជាទើបតែអាចទាញយកបានពីប្លុកមួយក្នុងចំណោមប្លុកប្រមាណ 5ទៀតនៅកម្ពុជា។ ហេតុនេះវាត្រូវការពេលវេលាដើម្បីធ្វើផែនការ និងការរៀបចំជាច្រើនទៀតដើម្បីធានាបានថាផលប្រយោជន៍អាចត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជន និងសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ផងដែរថា កម្ពុជាបានទទួលដំណក់ប្រេងលើកដំបូងកាលពីថ្ងៃទី29 ខែធ្នូ ឆ្នាំ2020 ដែលក្លាយជាប្រទេសបូមប្រេងមួយនៅក្នុងពិភពលោក។ ក្រុមហ៊ុន KrisEnergy ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ទទួលបានសិទ្ធិសម្បទានវិនិយោគបូមប្រេងឆៅក្នុងប្លុកA ដែលមានចំនួន5អណ្ដូងស្ថិតក្នុងដែនសមុទ្រកម្ពុជា។ បច្ចុប្បន្ន ជាលទ្ធផលដែលសម្រេចបានពីការបូមប្រេងប្រចាំថ្ងៃក្នុងបរិមាណជាង 2000បារ៉ែល ដែលខុសពីការរំពឹងទុករបស់ក្រុមហ៊ុនមួយនេះដែលអាចបូមប្រេងឆៅចេញពីអណ្តូងក្នុងបរិមាណចន្លោះពី 7,000-7,500បារ៉ែលក្នុងមួយថ្ងៃ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧សិង្ហបុរី សង្ឃឹម អាមេរិក បន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មលើផលិតផលឱសថ និងបន្ទះឈីប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/04/2025
ប្រទេសសិង្ហបុរី កំពុងព្យាយាមក្នុងការចរចាជាមួយនឹងរដ្ឋាភិបាលទីក្រុងវ់ាស៊ិនតោនដើម្បីធ្វើការបន្ធួរបន្ថយទៅលើការតម្លើងពន្ធគយលើផលិតផលឱសថរបស់សិង្ហបុរី
ស្ថាបនា ម៉ូបាល ជំនាន់ថ្មីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីបំពេញកំណើនតម្រូវការប្រជាជនកម្ពុជា សម្រាប់សេវាធនាគារ ឌីជីថលដ៏ងាយស្រួល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/04/2025
ស្ថាបនា ម៉ូបាល ជំនាន់ថ្មីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីបំពេញកំណើនតម្រូវការប្រជាជនកម្ពុជា សម្រាប់សេវាធនាគារ ឌីជីថលដ៏ងាយស្រួល
ផ្សារទំនើប NORO LANE ពិសេសលើសពីការលក់ទំនិញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/04/2025
ផ្សារទំនើប Noro Lane ដែលមានទីតាំងនៅសង្កាត់បឹងកេងកង ចំកណ្តាលបេះដូងទីក្រុងភ្នំពេញបានបើកដំណើរការជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥