ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលកំពុងធ្វើការពង្រីកសក្តានុពល និងបង្កើនផលិតភាពលើការផលិតទិន្នផលកសិកម្មឲ្យបានច្រើន និងប្រកបដោយគុណភាពនោះ កម្ពុជាបានស្នើដល់រដ្ឋាភិបាលប្រទេសសឹង្ហបុរីឲ្យបើកទីផ្សារទូលាយសម្រាប់ផលិតផលកសិកម្មពីកម្ពុជាបន្ថែមទៀត ដើម្បីបង្កភាពកាន់តែងាយស្រួលក្នុងការពង្រីកទំហំពាណិជ្ជកម្ម និងបង្កើនកំណើនសេដ្ឋកិច្ចនៃប្រទេសទាំង2។
នៅក្នុងឱកាសពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំប្រទេសកម្ពុជានៅថ្ងៃទី20 ខែឧសភា ឆ្នាំ2021ម្សិលមិញនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖
“ផលិតផលកសិកម្មដែលមានសក្តានុពលរបស់កម្ពុជាមានជាច្រើន ដូចជា ស្វាយ ចេក មៀនប៉ៃលិន ម្រេចកំពត ទុរេន ដូង ស្រកានាគ និងអង្ករជាដើម” ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនបន្ថែមពីការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជាដើម្បីទាក់ទាញវិនិយោគិន ជាពិសេសកិច្ចការពារកម្មសិទ្ធិបញ្ញា ដោយក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមជាប្រធាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាបានជំរុញឱ្យមានការអនុវត្តច្បាប់យ៉ាងជាក់លាក់ ជាពិសេសត្រូវការពារនូវម៉ាក ពាណិជ្ជនាមរបស់ក្រុមហ៊ុនបរទេសធំៗ ដើម្បីជាការលើកទឹកចិត្តឱ្យមានការវិនិយោគនៅកម្ពុជា។ ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មក៏បានជំរុញការបង្កើតអត្តសញ្ញាណផលិតផលជាតិ ដូចជាផលិតផលសម្គាល់ភូមិសាស្ត្រ ម៉ាកសមូហភាព និងម៉ាកវិញ្ញាតកម្ម ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកឱ្យបានស្គាល់។
ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំកម្ពុជា លោកស្រី Teo Lay Cheng បានទទួលស្គាល់ពីកិច្ចអភិវឌ្ឍន៍ និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជានាពេលបច្ចុប្បន្ន ជាមួយនឹងការបង្ហាញពីភាពមោទនចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
តបទៅនឹងសំណើររបស់ក្រសួងពាណិជ្ជកម្មខាងលើនេះ លោកស្រីបានសន្យា និងព្យាយាមផ្សព្វផ្សាយបន្តពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ជាពិសេសបញ្ជ្រាបព័ត៌មាននានាទៅដល់បណ្តាក្រុមហ៊ុនសឹង្ហបុរីអំពីផលិតផលកសិផលកម្ពុជាដែលកំពុងបង្កើនលទ្ធភាព គុណភាពសម្រាប់នាំចេញទៅកាន់បណ្តាទីផ្សារអន្តរជាតិនាពេលបច្ចុប្បន្នផងដែរ។
គួរកត់សម្គាល់ផងដែរថា កម្ពុជា-សឹង្ហបុរី មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នា តាំងពីឆ្នាំ1965 ហើយកម្ពុជាសិ្ថតនៅក្នុងចំណោមប្រទេសដំបូងគេ ដែលទទួលស្គាល់ឯករាជ្យរបស់សឹង្ហបុរី។ ជាមួយគ្នានេះ វឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកម្ពុជា និងសឹង្ហបុរីសំខាន់ៗបានផ្តោតលើវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វិនិយោគ បច្ចេកទេស អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ វប្បធម៌ សុខាភិបាល និងវិស័យការពារជាតិ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ម្ចាស់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ ៖ «សម័យកាលរ៉ប៉ូតរូបរាងមនុស្សមិនស្ថិតនៅឆ្ងាយពីយើងទៀតទេ»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/03/2025
លោក Huang ក៏បានធ្វើការព្យាករណ៍ទុកអំពីតម្លៃទីផ្សារនៃការប្រើប្រាសមនុស្សយន្ត Humanoid Robots ផងដែរដោយលោកជឿជាក់ថាវានឹងអាចមានចន្លោះនៅប្រហែលជាង១០ម៉ឺនដុល្លារក្នុងមួយគ្រឿង