អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបង្ហាញនូវទស្សនៈវិជ្ជមានមួយចំពោះទីផ្សារនៃផ្លែស្វាយនាពេលបច្ចុប្បន្នដោយលោកយល់ថា នឹងមានសភាពល្អប្រសើរជាងពេលកន្លងទៅ។ ការយល់ឃើញបែបនេះ គឺបន្ទាប់ពីលោកសង្កេតឃើញអំពីសន្ទុះនៃការនាំចេញផ្លែស្វាយមានការកើនឡើង ក៏ដូចជាមានការអនុម័តក្នុងការបង្កើតរោងចក្រកែច្នៃផ្លែស្វាយកាលពីពេលថ្មីៗនេះផងដែរ។
គិតត្រឹមរយៈពេល5ខែដំបូងឆ្នាំ2021នេះ ប្រទេសកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួនជាង15ម៉ឺនតោន ដែលចំនួននេះមានការកើនឡើងជាង255ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2020។
“ខ្ញុំគិតថាចំណូលរបស់ប្រទេសកម្ពុជាទៅថ្ងៃអនាគត ទាក់ទិននឹងដំណាំស្វាយនេះ មិនអន់ជាងដំណាំស្វាយចន្ទី ដំឡូងមី ឬក៏ពោត សណ្ដែកនោះទេ។ វាគឺជារឿងមួយដ៏ល្អ ក៏ដូចជាការឆ្លើយតបដ៏ប្រសើរមួយទៅនឹងការត្អូញត្អែរបស់ប្រជាកសិករកាលពីពេលកន្លងទៅអំពីការមានផ្លែស្វាយ តែបែរជាខ្វះទីផ្សារ”
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
“រហូតមកទល់ពេលនេះ តាមរយៈតួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្ន ដំណាំស្វាយមានការដាំដុះនៅលើដីទំហំរហូតទៅដល់ជិត20ម៉ឺនហិកតាទៅហើយ ដូច្នេះប្រសិនជាមានរោងចក្រកែច្នៃស្វាយថែមទៀត នោះសន្ទុះនៃការដាំដំណាំស្វាយនឹងមានការកើនឡើង។ ម្យ៉ាងទៀត ដំណាំស្វាយនេះ គឺជាដំណាំមួយប្រភេទដែលងាយស្រួលដាំ និយាយឲ្យចំតាមរបងផ្ទះប្រជាកសិករក៏អាចដាំបាន”
លោកឧកញ៉ាបន្តទៀតថា
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានអំពាវនាវដល់សាធារណៈជន ជាពិសេសម្ចាស់ចំការស្វាយត្រូវចុះបញ្ជីជាមួយក្រសួងកសិកម្ម ដែលជាលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល ក៏ដូចជាមានឱកាសទទួលបានចំណេះដឹង អំពីការគ្រប់គ្រងចំការស្វាយស្របតាមលក្ខខណ្ឌតម្រូវជាមួយនឹងក្រុមហ៊ុននាំចេញស្វាយជាលក្ខណៈស្ដង់ដារ។
គួរបញ្ជាក់ឲ្យដឹងដែរថា កាលពីថ្ងៃទី01 ខែមិថុនា ឆ្នាំ2021 រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC បានចេញនូវសេចក្ដីប្រកាសមួយស្ដីអំពីការអនុម័តគម្រោងវិនិយោគថ្មីដោយការបង្កើតរោងចក្រកែច្នៃផ្លែស្វាយមួយបន្ថែមទៀតដែលមានទីតាំងស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានទុនវិនិយោគប្រមាណ 6.5លានដុល្លារ និងអាចបង្កើតការងារបានចំនួន 500កន្លែងរបស់ក្រុមហ៊ុន CAMBODIA GOME FARM FOOD CO.,LTD៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ