មូលបត្រដែលបោះលក់នៅផ្សារមូលបត្រកម្ពុជាត្រូវបានចែកចេញជា2 គឺមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល។ ក្នុងនោះ សញ្ញាបណ្ណ គឺជាប្រភេទមូលបត្របំណុល ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រូមមានសាជីវកម្ម សហគ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។
តាមរយៈកិច្ចសន្យានេះ បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់ឱ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា “គូប៉ុង” ឬ “ការប្រាក់” (លើកលែងសម្រាប់សញ្ញាបណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើមនៅពេលដែលសញ្ញាបណ្ណនោះដល់កាលកំណត់សង ដែលហៅថា “ឥណប្រទិទាន” ខណៈដែលបច្ចុប្បន្ននេះមានក្រុមហ៊ុនធំៗចំនួន6កំពុងមានវត្តមានដាក់លក់មូលបត្របំណុលរបស់ខ្លួនជាសាធារណៈនៅក្នុងផ្សារមូលបត្រកម្ពុជា។
ក្រុមហ៊ុនទាំង6 ដែលកំពុងដំណើរការលក់នៅក្នុងទីផ្សារមូលបត្រនាពេលបច្ចុប្បន្នរួមមាន ៖
ទី1- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក (PRASAC Microfinance Institution Plc) ៖ ប្រាសាក់ មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ជាគ្រឹះសា្ថនមីកូ្រហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន និងធ្វើប្រតិបត្តិការជាង 25ឆ្នាំក្នុងវិស័យមីកូ្រហិរញ្ញវត្ថុ និងធនាគារឯកជននៅកម្ពុជា។ បច្ចុប្បន្ននេះ ប្រាសាក់ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេ បើគិតពីទ្រព្យសកម្ម សម្ពៀតឥណទាន ប្រាក់ចំណេញ ប្រាក់បញ្ញើពីអតិថិជន និងឈរឈ្មោះលំដាប់កំពូលក្នុងចំណោមគ្រឹះស្ថានធនាគារធំៗចំនួន5នៅក្នុងប្រទេសកម្ពុជា។
ប្រាសាក់ជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេនៅលើទីផ្សារដោយមានទ្រព្យសកម្មសរុបចំនួន 3,746លានដុលា្លរអាមេរិក គិតត្រឹមថ្ងៃទី31 ខែមីនា ឆ្នាំ2021។ ប្រាសាក់មានបណ្តាញការិយាល័យសាខាធំជាងគេលំដាប់ទី2 ដោយមានសាខាចំនួន 182ទីតាំងនៅក្នុងប្រទេសកម្ពុជា។
ទី2 ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA (CAMBODIA) PLC) ៖ ក្រុមហ៊ុន RMAC គឺជាក្រុមហ៊ុនចែកចាយរថយន្ត កសិកម្ម និងគ្រឿងបន្លាស់ធុនធ្ងន់នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនផ្តល់ការធានា និងសេវាកម្មក្រោយការលក់សម្រាប់ម៉ាកល្បីៗលំដាប់ពិភពលោករួមមាន Ford, Jaguar Land Rover, John Deere, TCM, JCB, FUSO, និង Piaggio។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនទទួលបានកេរិ៍្តឈ្មោះជាក្រុមហ៊ុនផ្តល់សេវាកម្មនាំចូលរថយន្ត និងដំណោះស្រាយលើសេវាកម្មផ្សេងៗដែលទាក់ទងនឹងគ្រឿងផ្គត់ផ្គង់ និងការតម្លើងដំបូងគេបង្អស់។ ក្រុមហ៊ុន RMAC គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Clipper Holdings Limited ដែលជាក្រុមហ៊ុនមេរបស់ RMA Group ដែលមានទីស្នាក់ការកណ្តាលប្រតិបត្តិកប្រចាំតំបន់នៅទីក្រុងបាងកក ប្រទេសថៃ។
ទី3 ធនាគារភ្នំពេញពាណិជ្ជ “ភីភីស៊ីប៊ែង” ម.ក (Phnom Penh Commercial Bank Plc.) ៖ ធនាគារភ្នំពេញពាណិជ្ជ ម.ក (PPCBank) បានចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ2008 ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ។ កាលពីខែកញ្ញា ឆ្នាំ2016 PPCBank ទទួលបានភាគទុនិកដ៏រឹហមាំពី JB Financial Group Co., Ltd. ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង។ គិតត្រឹមបំណាច់ខែមីនា ឆ្នាំ2021 PPCBank មានទ្រព្យសកម្មសរុប 1,047លានដុល្លារអាមេរិក និងមានអតិថិជនច្រើនជាង 122,000នាក់ ជាមួយនឺងសាខាចំនួន23ទូទាំងប្រទេស និងម៉ាស៊ីន ATMs ចំនួន66។
ទី4 ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (Advanced Bank of Asia Limited) ៖ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថា ABA ជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជននាំមុខមួយរបស់កម្ពុជា ដែលបង្កើតឡើងនៅឆ្នាំ1996។ ឆ្លងកាត់ការអភិវឌ្ឍនិងកំណើនជាង25ឆ្នាំកន្លងមកនេះ ABA បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារកម្ពុជា និងក្លាយជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកំពូលទាំង3នៅក្នុងប្រទេស។ សព្វថ្ងៃនេះ ABA មានបម្រើសេវាជូនដល់បណ្ដាអតិថិជិនជាច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម, អាជីវកម្មមខ្នាតតូច, និងរូបវន្តបុគ្គល។
គិតត្រឹមថ្ងៃទី31 ខែមីនា ឆ្នាំ2021 ធនាគារ ABA គ្រប់គ្រងទ្រព្យសកម្មសរុបចំនួន 6.6 ពាន់លានដុល្លារអាមេរិក និងបម្រើសេវាជូនអតិថិជនចំនួន 1.5លាននាក់់ តាមរយៈបណ្តាញទំលំទូលាយនៃសាខាចំនួន79 ទីតាំង ។
ទី5 អិល អូ អិល ស៊ី (ខេមបូឌា) ភីអិលស៊ី (LOLC (Cambodia) Plc.) ៖ អិល អូ អិល ស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើធំមួយនៅក្នុងប្រទេសកម្ពុជា ដែលបានធ្វើប្រតិបត្តិការជាង26ឆ្នាំមកហើយ។ អិលអូអិលស៊ី ផ្តល់សេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនរបស់ខ្លួនរួមមាន សេវាឥណទាន សេវាប្រាក់បញ្ញើសំចៃ ភតិសន្យាហិរញ្ញវត្ថុ សេវាផ្ទេរប្រាក់ សេវាធាគារចល័ត និងសេវាទូទាត់វិក្កយបត្រ។ ជាមួយនឹងបដិវត្តនៃបច្ចេកវិទ្យា អិលអូអិលស៊ី បាននឹងកំពុងផ្តល់សេវាហិរញ្ញវត្ថុឌីជីថល ដើម្បីពង្រីកបណ្តាញចែកចាយបន្ថែមទៀត ដូចជា កម្មវិធីធនាគារចល័ត iPay Mobile Application សេវាធនាគារតាមអ៊ីនធើណែតបាគង សេវាទូទាត់រហ័ស (FAST). CSS និងសេវាទូទាត់សងប្រាក់តម្លៃរាយ (RFT)។
គិតត្រឹមខែមីនា ឆ្នាំ2021 សមតុល្យប្រាក់បញ្ញើរបស់អិលអូអិលស៊ីមានចំនួនជាង 2,272ពាន់លានរៀស ជាមួយនឹងចំនួនអតិថិជនជាង 424,000នាក់។ ផលប័ត្រឥណទានសរុបកើនឡើងដល់ 3,626ពាន់លានរៀល និងមានអតិថិជនជាង 305,000នាក់
ទី6 ធនាគារ ហត្ថា ម.ក (Hattha Bank Plc.) ៖ ធនាគារ ហត្ថា ម.ក គឺជាធនាគារមួយក្នុងចំណោមធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ងាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី26 ខែសីហា ឆ្នាំ2020។ ជាមួយបទពិសោធន៍ក្នុងការបម្រើសេវាហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជាង26ឆ្នាំ ក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន ធនាគារ ហត្ថា ម.ក បានកែលម្អ និងដាក់ឲ្យប្រើប្រាស់បន្ថែមនូវសេវាកម្មហិរញ្ញវត្ថុជាច្រើនផ្សេងទៀតរួមមាន ការធ្វើឲ្យប្រសើរឡើងនូវសេវាធនាគារចល័ត (Hattha Mobile) ដាក់ឲ្យប្រើប្រាស់នូវសេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាឥណទានវិបារូបន៍ សេវាបញ្ញើសន្សំផលច្រើន (HYSA Flexi and HYSA Corporate) ។ គិតត្រឹមខែមីនា ឆ្នាំ2021 សមតុល្យប្រាក់បញ្ញើសន្សំរបស់ ធនាគារហត្ថា មានចំនួនជាង 822លានដុល្លារអាមេរិក ជាមួយនឹងចំនួនអតិថិជនប្រាក់បញ្ញើសន្សំចំនួណ 277,360នាក់ និងផលប័ត្រឥណទានសរុបមានចំនួនប្រមាណ 1,412លានដុល្លារអាមេរិក ដែលបម្រើអតិថិជនចំនួន 189,480នាក់ តាមរយៈសាខាចំនួន 177 និងម៉ាស៊ីន ATMs ចំនួន 137ទីតាំង នៅទូទាំងប្រទេស។
គួរំលឹកជូនថា កាលពីចុងឆ្នាំ2020 គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានកម្លាយខ្លួនទៅជា ធនាគារ ហត្ថា ម.ក ហើយធនាគារ ហត្ថា ម.ក គឺជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី (ធនាគារ អាយុធ្យា ម.ក និង ក្រុមហ៊ុនជាបុត្រសម្ព័ន្ធ) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលំដាប់ទី5 នៅក្នុងព្រះរាជាណាចក្រថៃ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ឥណ្ឌូណេស៊ី ហាមឃាត់ Apple មិនឱ្យលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ដោយសារហេតុផលតែមួយប៉ុណ្ណោះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/01/2025
ឥឡូវនេះ ស្ថានភាពឥណ្ឌូណេស៊ី និង Apple កំពុងស្ថិតក្នុងភាពច្របូកច្របល់ពាក់ព័ន្ធនឹងការចូលទីផ្សារ និងការវិនិយោគ។ អាជ្ញាធរឥណ្ឌូនេស៊ីមិនអនុញ្ញាតឱ្យ Apple លក់ផលិតផលចុងក្រោយរបស់ខ្លួនគឺ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួនឡើយ
មជ្ឈមណ្ឌលកីឡា ២៧១ របស់ ជីប ម៉ុង នឹងក្លាយជាកន្លែងលេងកីឡាធំជាងគេនៅកម្ពុជារួមចំណែកជួយដល់សុខភាពប្រជាជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/01/2025
វត្តមាននៃមជ្ឈមណ្ឌលកីឡា ២៧១ នឹងជួយលើកស្ទួយដល់វិស័យសុខភាពប្រជាជនក្នុងតំបន់នេះឱ្យ កាន់ល្អប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលមួយម្រិតទៀតទៅដល់អ្នករស់នៅក្នុងគម្រោងជីប ម៉ុង លែន