បើទោះជាគោលនយោបាយថាមពលអគ្គិសនីកម្ពុជាបានបង្ហាញថា ការផ្គត់ផ្គង់ទៅលើការប្រើប្រាស់នៅទូទាំងប្រទេសសម្រេចបានដល់ទៅប្រមាណ 97.38 ភាគរយនៅទូទាំងប្រទេស ប៉ុន្តែអ្នកជំនាញនៅតែបង្ហាញពីក្ដីកង្វល់ពាក់ព័ន្ធទៅនឹងទំហំនៃលទ្ធភាពក្នុងការផ្គត់ផ្គង់ទៅលើខ្សែចង្វាក់ផលិតកម្មធំៗនៃគម្រោង វិនិយោគនានាដូចជារោងចក្រជាដើមដែលនឹងចូលមកកាន់កម្ពុជាបន្ថែមទៀតក្រោយបញ្ចប់វិបត្តិកូវីដ-19។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់AMSថា បញ្ហានៃការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅលើខ្សែចង្វាក់ផលិតកម្មគឺនៅតែមានភាពប្រឈម ទាំងទំហំនៃការផ្គត់ផ្គង់ ទាំងបញ្ហានៃតម្លៃបើប្រៀបធៀបទៅនឹងប្រទេសជិតខាង។
“នៅក្នុងបញ្ហានៃការត្រៀមលក្ខណៈពាក់ព័ន្ធទៅនឹងរឿងថាមពលអគ្គិសនីនេះអាចនៅមានបញ្ហាខ្លះ ព្រោះបើនៅស្រុកគេអ្នកបង្កើតរោងចក្រ គឺមានរដ្ឋគេភ្ជាប់បណ្តាញឱ្យ តែនៅក្នុងស្រុកយើង អ្នកបង្កើតរោងចក្រត្រូវរត់ការសុំភ្ជាប់អគ្គិសនីដើម្បីឱ្យគេមកភ្ជាប់ និងចេញឧបករណ៍មួយចំនួនទៀត។ នេះជាបញ្ហាប៉ះពាល់ដល់ការបង្កើតសហគ្រាសធុនតូច និងមធ្យម”
លោកឧកញ៉ាបានមានប្រសាសន៍ថា
“អ្នកដែលគាត់បង្កើតកូនសិប្បកម្មមួយ ត្រូវកក់ប្រាក់ រួមទាំងថ្លៃត្រង់ស្វ័រ ហើយមួយតម្លៃអស់រាប់ម៉ឺនដុល្លារទៅហើយ នេះមិនទាន់គិតដល់តម្លៃថ្លៃអគ្គិសនីនោះទេ….កម្ពុជាយើងថ្លៃជាងប្រទេសជិតខាងយើងផង។ នេះជាបញ្ហាពិបាក ដែលស្នើសុំឱ្យរដ្ឋជួយ សម្ភារៈអគ្គិសនី ត្រូវលើរដ្ឋជាអ្នកចំណាយដើម្បីផ្គត់ផ្គង់ដល់សហគ្រាសរោងចក្រដែលគេបង្កើត”
លោកឧកញ៉ាលឹម ហេង បានបន្តថា
ទោះជាយ៉ាងណាក៏ដោយ លោកឧកញ៉ាបញ្ជាក់ថា ថ្វីត្បិតអគ្គិសនីនៅកម្ពុជាមានតម្លៃថ្លៃបន្តិចបើធៀបទៅនឹងបណ្តាប្រទេសជិតខាង ប៉ុន្តែគួបផ្សំជាមួយនឹងការចំណាយទៅលើថ្លៃកម្មករនៅទាបនោះ កម្ពុជានៅតែអាចមានលទ្ធភាពក្នុងការស្រូបទាញគម្រោងវិនិយោគបន្ថែម ខណៈដែលរដ្ឋាភិបាលក៏មានផែនការបញ្ចុះតម្លៃអគ្គិសនីឲ្យទាបបន្តិចម្ដងៗជារៀងរាល់ឆ្នាំ។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម វិចទ័រ ហ្សូនា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានប្រាប់ AMSថា រដ្ឋាភិបាលមានផែនការគ្រប់គ្រងថាមពល សម្រាប់ការធ្វើវិនិយោគរួចហើយ ដោយបានក្រសោបមិនមែនតែផ្ទះសម្បែងប្រជាពលរដ្ឋនៅទាំងប្រទេសមួយមុខទេ ពោលគឺរួមទាំងការផ្គត់ផ្គង់ ទៅដល់សហគ្រាសឧស្សាហកម្ម ព្រោះជាចំណុចសំខាន់នៃការលើកកម្ពស់សេដ្ឋកិច្ច និងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋ។
“ការងារផ្គត់ផ្គង់ថាមពលដល់ប្រជាជននៅតាមជនបទ ក៏ស្ថិតនៅក្នុងផែនការមេ ដែលក្រសួងបានកសាងដែរ ហើយពាក់ព័ន្ធនឹងតម្លៃសម្រាប់ថាមពលផ្គត់ផ្គង់ការវិនិយោគគឺត្រូវបានរៀបចំដោយអាជ្ញាធរអគ្គិសនីកម្ពុជា។ ដោយឡែកតម្លៃវាថ្លៃក្នុងការតចេញពីអនុស្ថានីយ៍ ឬក៏ថ្លៃតចេញពីខ្សែបណ្ដាញ វាថ្លៃតាមប្រភេទថ្នាក់ និងមានលំអៀងថ្លៃគ្នាតិចតួច។ តម្លៃវាខ្ពស់ជាងប្រទេសជិតខាង ក៏អាចជាចំណុចដែលនាំឱ្យអ្នកវិនិយោគិនពិបាកមករកស៊ីបណ្តាក់ទុននៅស្រុកខ្មែរ ប៉ុន្តែបញ្ហាថ្លៃនេះ វាពាក់ព័ន្ធទៅនឹងថ្លៃដើម ការលក់ចេញបានទាល់តែដឹងថ្លៃដើម។ ដូច្នេះអាជ្ញាធរអគ្គិសនី គឺគេមានមូលដ្ឋានសិក្សាថ្លៃដើមរួមរបស់ប្រព័ន្ធថាមពលយើង”
ឯកឧត្តម វិចទ័រ ហ្សូនា បានមានប្រសាសន៍ថា
“ខ្ញុំមានសុទិដ្ឋិនិយមថា ក្រោយពេលវិបត្តិកូវីដទៅ សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញតាមរយៈនៃការចូលរួមវិនិយោគ ទាំងអ្នកក្នុងស្រុក និងអ្នកក្រៅស្រុក ដើម្បីបង្កើតការងារ ដែលជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច ហើយក្នុងនោះវិស័យថាមពល នឹងដើរតួនាទីជាស្នូលក្នុងការអភិវឌ្ឍន៍ ហើយសម្រាប់អ្នកអភិវឌ្ឍន៍ ឬអ្នកវិនិយោគក៏ប្រាកដជាមានផែនការ និងយុទ្ធសាស្ត្រនៅក្នុងដំណើរការអាជីវកម្មដែលសង្វាក់គ្នាជាក់ជាមិនខាន”
ឯកឧត្តម វិចទ័រ ហ្សូនា បានបង្ហាញពីជំនឿថា
ជាមួយគ្នានេះ ឯកឧត្តម វិចទ័រ ហ្សូនា បានប្រាប់ឲ្យដឹងថា ការសិក្សាថ្លៃដើម ការកំណត់ថ្លៃលក់ចេញ គឺជាការងារសំខាន់បំផុត។ ដូច្នេះការកំណត់ថ្លៃអគ្គិសនីនេះ អាជ្ញាធរអគ្គិសនី ដែលជាអ្នកកំណត់យុទ្ធសាស្ត្រតម្លៃត្រូវតែមានភាពប្រាកដប្រជាប្រកបដោយនិរន្តរភាពសម្រាប់អ្នកវិនិយោគក្នុងការប្រើប្រាស់នៅក្នុងអាជីវកម្ម ដែលអាចទទួលបានចំណេញ និងមានលំនឹងទៅតាមលទ្ធភាពសមស្របដែលបានរៀបចំ៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គំរូអត្ថប្រយោជន៍វិលជុំនៃកសិដ្ឋានសូឡានៅអាមេរិកទាំងចំពោះមនុស្ស និងសត្វចៀម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/01/2025
ឧស្សាហកម្មផលិត និងទាញយកថាមពលព្រះអាទិត្យដោយកសិដ្ឋានបន្ទះសូឡានៅអាមេរិកបាន និងកំពុងតែធ្វើឲ្យទំហំនៃការចិញ្ចឹមសត្វចៀមជាហ្វូងមានទំហំកាន់ច្រើនឡើងនៅទូទាំងប្រទេស