ដំណក់ប្រេងដំបូងជាប្រវត្តិសាស្ត្ររបស់កម្ពុជាត្រូវបានតម្កល់ទុកនៅវិមានឈ្នះឈ្នះរួចរាល់

ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ នៅព្រឹកថ្ងៃទី9 ខែមិថុនា ឆ្នាំ2021 បានទទួលយកកែវផ្ទុកដំណក់ប្រេងលើកដំបូង និងជាប្រវត្តិសាស្ត្ររបស់កម្ពុជាតម្កល់ទុកនូវវិមានឈ្នះឈ្នះសម្រាប់បន្សល់ទុកដល់កូនចៅកម្ពុជាជំនាន់ក្រោយ។

ដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានកាលពីថ្ងៃទី29 ខែធ្នូ ឆ្នាំ2020 គឺជាសមិទ្ធផល់ប្រវត្តិសាស្ត្រ និងជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជាទាំងមូល ដែល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់មកហើយ។

តាមរយៈព្រឹត្តិការណ៍នៃការទទួលបានដំណក់ប្រេងលើកដំបូងនេះ គឺជាការចាប់ផ្តើមជំហានដំបូងមួយដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗនៃឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនេះ បាននាំមកនូវចំណូលថវិកាជាតិ​ ហើយផលសេដ្ឋកិច្ចទទួលបានពីការបង្កើតនូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងកសាងសមត្ថភាពជាតិក្នុងវិស័យនេះថែមទៀតផង។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ៖ «ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែងដែលទទួលបានកិត្តិយស់ឧត្តុង្គឧត្តមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជាដែលបានប្រសិទ្ធិនាមជា «បឋមតេលពិន្ទុកម្ពុជានាពេលនេះ»។

សម្ដេចបន្តថា ៖ «ក្នុងនាមគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ សូមសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងរ៉ែ និងថាមពល ដែលដឹកនាំដោយឯកឧត្តម រដ្ឋមន្ត្រី ស៊ុយ សែម ដែលបានខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា តាមរចនាបថខ្មែរ ទំនើបមានភាពស្រស់បំព្រង រស់រវើក និងបានបង្ហាញពីអត្ថន័យតាមក្បាច់ចម្លាក់នីមួយៗ និងឯកសារមួយចំនួនទៀតប្រល់ជូនគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះនាពេលនេះ ដើម្បីយកមកទុកដាក់ជាវត្ថុតឹកតាងជាប្រវត្តិសាស្ត្រនៅវិមាន ឈ្នះ ឈ្នះ ក្នុងសារមន្ទីរមគ្គុទេសក៍តេជោសែន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី28 ខែឧសភា ឆ្នាំ2020។

នៅក្នុងឱកាសនេះ សម្ដេចក៏បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធបន្តចូលរួមអភិវឌ្ឍន៍សារមន្ទីរមគ្គុទេសក៍តេជោសែនយើងនេះទៅតាមតួនាទីភារកិច្ចរៀងៗខ្លួនឲ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការផ្ដល់វត្ថុតឹកតាង និងឯកសារពាក់ព័ន្ធ ដែលជាសមិទ្ធផលសំខាន់ៗសម្រេចបានប្រវត្តិសាស្ត្រ តាមរយៈនយោបាយឈ្នះឈ្នះ ដើម្បីក្រុមការងារតម្កល់ទុកក្នុងសារមន្ទីរវិមានឈ្នះឈ្នះសម្រាប់ទុកជូនមនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ ដូចដែលក្រសួងរ៉ែ និងថាមពលបានប្រគល់ជូននាថ្ងៃនេះជាសក្ខីភាពស្រាប់។

ក្នុងនាមគណៈកម្មកាសាងសង់វិមានឈ្នះ ឈ្នះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញពីជំនឿ និងក្ដីសង្ឃឹមរំពឹងទុកយ៉ាងមុតមាំថា ក្រសួង ស្ថាប័ននានា និងបន្តចូលរួមឱ្យកាន់តែសកម្ម ផុសផុលថែមទៀតនៅក្នុងការផ្តល់វត្ថុតឹកតាង និងឯកសារប្រវត្តិសាស្ត្រ ដែលជាសមិទ្ធផលតាមរយៈនយោបាយឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ដើម្បីទុកជូនមនុស្សជំនាន់ក្រោយបានសិក្សារៀនសូត្រ – ស្វែងយល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្ត្រ វីរភាពពិតរបស់កូនខ្មែរសម័យនេះ និងចរិតកត់ត្រាអំពីសមត្ថភាពចំណេះដឹងដ៏មានតម្លៃពិតប្រាកដនៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា៕