បរទេស៖ ក្រសួងទទួលបន្ទុកកិច្ចការងារសន្តិសុខសាធារណៈរបស់ប្រទេសចិននៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះបានប្រកាសថាបានចាប់ខ្លួនមនុស្សប្រមាណជា ១,១០០ នាក់ដែលមានការពាក់ព័ន្ធទៅនឹងការប្រើប្រាស់រូបិយបណ្ណអេឡិចត្រូនិកក្នុងការលាងលុយខុសច្បាប់។
ក្រសួងបានបញ្ជាក់ថាលុយខុសច្បាប់ទាំងនោះត្រូវបានគេដឹងថាមានប្រភពមកពីសកម្មភាពក្លែងបន្លំតាមរយៈទូរស័ព្ទ និងអ៊ីនធឺណេត ហើយការចាប់ខ្លួននេះត្រូវបានគេដឹងថា បានធ្វើឡើងនៅក្រោយពេលដែលអជ្ញាធរនៃប្រទេសចិនទើបតែបានប្រកាសអំពីយុទ្ធនាការក្នុងការប្រយុទ្ធប្រឆាំងទៅនឹងក្រុមអ្នកជួញដូររូបិយបណ្ណអេឡិចត្រូនិក។
កាលពីខែឧសភាកន្លងទៅនេះ គណៈកម្មការជាតិចំនួន ៣ ដែលធ្វើការនៅលើវិស័យនេះបានប្រកាសដាក់បំរាមចំពោះការចាយវាយ និងជួញដូរលុយអេឡិចត្រូនិក ហើយក្រុមប្រឹក្សារដ្ឋចិនរួមទាំងរដ្ឋសភាជាតិនៃប្រទេសចិនផងដែរនោះក៏បានអំពាវនាវខ្លាំងៗ ឲ្យមានការកាត់បន្ថយនូវសកម្មភាពជួញដូរ និងរុករកលុយអេឡិចត្រូនិក Bitcoin។
ក្រុមអ្នកលាងលុយបច្ចុប្បន្នមានការកើនឡើងខ្លាំងនៅក្នុងប្រទេសចិន ហើយពួកគេទាំងនោះត្រូវបានគេដឹងដែរថាអាចទទួលបានថ្លៃសេវាពីអតិថិជនចន្លោះពី ១.៥ ទៅ ៥ ភាគរយនៅពេលដែលពួកគេអាចប្តូរលុយខ្មៅ ឬលុយខុសច្បាប់ទៅជាលុយសិប្បនិម្មិត ឬ Vitual Currencies តាមរយៈវិធីក្នុងការយកទៅជួញដូរលុយអេឡិចត្រូនិកនេះ។
Virtual Currencies គឺជាលុយឌីជីថលដែលអាចប្រើប្រាស់នៅក្នុងទម្រង់ជាការចាយវាយទៅលើប្រព័ន្ធអេឡិចត្រូនិក ដូចជាការលេងហ្គេមអនឡាញ ឬការជួញដូរមួយចំនួនលើប្រព័ន្ធអនឡាញផងដែរ។ បច្ចុប្បន្ន Virtual Currencies ត្រូវបានប្រើប្រាស់យ៉ាងហោចណាស់ក៏ ១៣ភាគរយនៅក្នុងវិស័យហ្គេមអនឡាញដែលវិធីនៃការចាយវាយលុយតាមបច្ចេកវិទ្យាមួយនេះពិតជាមានភាពលំបាកខ្លាំងណាស់ទៅដល់អជ្ញាធរក្នុងការតាមដាន និងត្រួតពិនិត្យទៅលើប្រតិបត្តិការរបស់វា៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ