សិទ្ធិអ្នកនិពន្ធជាសិទ្ធិដែលផ្តល់ឱ្យដោយច្បាប់ដល់អ្នកនិពន្ធ សិល្បៈករ ឬអ្នកបង្កើតស្នាដៃផ្សេងៗទៀតក្នុងការប្រើប្រាស់ និងការពារស្នាដៃរបស់ខ្លួន។ ពាក្យកិច្ចការពារមានន័យថា ជាសកម្មភាពស្របច្បាប់ណាមួយក្នុងការបង្ការស្នាដៃពីការចម្លងដោយគ្មានការអនុញ្ញាត ឬការយល់ព្រមជាមុនពីផលិតករ។ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលមានគោលបំណងធានាការគោរពសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងការពារនូវផលិតផល វប្បធម៌ជាស្នាដៃ អ្នកនិពន្ធ អ្នកសម្តែង ផលិតករហ្វូណូក្រាម សំដៅធានាការធ្វើអាជីវកម្មមួយត្រឹមត្រូវស្របច្បាប់លើផលិតផលវប្បធម៌ទាំងនេះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌។
ស្នាដៃបន្តរួមមានការបកប្រែ ការយកលំនាំតាម ការសម្រួល ការកែច្នៃ ឬការកែលំនាំស្នាដៃផ្សេងទៀត ឬការចងក្រងប្រព័ន្ធទិន្នន័យ ទោះបីជាក្នុងម៉ាស៊ីនដែលអាចអានបាន ឬក៏ជាទម្រង់ផ្សេងទៀតក៏ត្រូវទទួលបាននូវកិច្ចការពារពីច្បាប់នេះដែរ។ កិច្ចការពារស្នាដៃណាមួយដែលមានចែងខាងលើ មិនធ្វើឱ្យបាត់បង់សិទ្ធិចំពោះកិច្ចការពារស្នាដៃដើម ដែលត្រូវបានបញ្ចូល ឬប្រើប្រាស់សម្រាប់បង្កើតស្នាដៃថ្មី។
យោងតាមច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលពាក្យមួយចំនួនត្រូវបានកំណត់និយមន័យយ៉ាងច្បាស់លាស់។ ស្នាដៃ ជាផលិតផលខាងវិស័យអក្សរសាស្រ្ត វិទ្យាសាស្រ្ត សិល្បៈ ឬតូរ្យតន្រ្តី កើតចេញពីការច្នៃប្រឌិត បង្កើតឡើងដោយគំនិតប្រាជ្ញា ឬមនោសញ្ចេតនា។ អ្នកនិពន្ធ ជាជនដែលបង្កើតបានស្នាដៃ។ ការសម្តែង ជាការបញ្ចេញស្នាដៃលើឆាកដូចជារាំ ប្រគំតន្រ្តី ច្រៀង ឬបង្ហាញតាមមធ្យោបាយ និងវិធីផ្សេងៗទៀតនូវស្នាដៃសិល្បៈប្រពៃណី ទំនៀមទម្លាប់ អក្សរសាស្ត្រ ការអប់រំ ឬវិទ្យាសាស្ត្រ។ អ្នកសម្តែង ជាសិល្បករ អ្នករបាំ តន្រ្តីករ អ្នកចម្រៀង ឬជនដែលធ្វើការសម្តែង។ ស្នាដៃសោតទស្សន៍ ជាស្នាដៃបង្កើតឡើងដោយមានរូបភាពតគ្នាជាឈុតៗភ្ជាប់គ្នា បង្កើតជាចលនាអាចឲ្យមើលឃើញបាន ទោះបីមាន ឬពុំមានបញ្ចូលសម្លេង ហើយបើមានបញ្ចូលគឺអាចស្តាប់ឮសូរសម្លេងបាន។

អ្នកនិពន្ធស្នាដៃដែលទទួលបានកិច្ចការពារទទួលបានសិទ្ធិពីរប្រភេទ៖
១. សិទ្ធិបេតិកភណ្ឌ៖ សិទ្ធិបេតិកភណ្ឌជាសិទ្ធិប្រកបអាជីវកម្មរបស់អ្នកនិពន្ធលើទ្រព្យជាស្នាដៃរបស់ខ្លួនតាមរយៈការផលិតឡើងវិញ ការផ្សព្វផ្សាយជាសារធារណៈ និងការបង្កើតស្នាដៃបន្ត។ អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខធ្វើដោយខ្លួនឯង ឬអនុញ្ញាតឱ្យគេធ្វើកិច្ចការដូចជាការបកប្រែជាភាសាបរទេសនូវស្នាដៃរបស់ខ្លួន ការយកលំនំាតាម ឬការកែសម្រួលផ្សេងៗទៀតនៃស្នាដៃ ការជួលស្នាដៃច្បាប់ដើម ឬច្បាប់ចម្លងស្នាដៃ ការចែកចាយជាសធារណៈតាមការលក់ការជួលការសម្តែងស្នាដៃជាសាធារណៈ ការផ្សាយស្នាដៃជាសាធារណៈ ការផ្សាយស្នាដៃតាមទូរផ្សាយ និងការផ្សាយស្នាដៃជាសាធារណៈតាមវិធីផ្សេងៗទៀត។
២. សិទ្ធិសីលធម៌៖ សិទ្ធិសីលធម៌របស់អ្នកនិពន្ធមាន៣ចំណុចដូចខាងក្រោមៈ
- អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខក្នុងការសម្រេចពីរបៀប និងពេលនៃការផ្សព្វផ្សាយស្នាដៃរបស់ខ្លួនជាសាធារណៈ ព្រមទាំងបែបបទគ្រប់គ្រងការផ្សព្វផ្សាយ។
- អ្នកនិពន្ធមានសិទ្ធិកំណត់ឱ្យគេទទួលស្គាល់ឈ្មោះ ឋានៈ និងស្នាដៃរបស់ខ្លួនសម្រាប់ទាក់ទងជាមួយសាធារណជន។
- អ្នកនិពន្ធមានសិទ្ធិជំទាស់នូវគ្រប់រូបភាពនៃការបំផ្លើស ឬការកាត់ចោលខ្លឹមសារ ឬការកែរប្រែខ្លឹមសារជាហេតុធ្វើឱ្យខូចកិត្តិយស ឬកេរ្តិ៍ឈ្មោះរបស់ខ្លួន។ សិទ្ធិសីលធម៌របស់អ្នកនិពន្ធគឺជាសិទ្ធិអចិន្រ្តៃយ៍មិនអាចលក់ដូរបាន មិនអាចរឹបអូសបាន និងមិនអាចផុតអាជ្ញាយុកាល។
ចំពោះរយៈពេលកិច្ចការពារសិទ្ធិនេះ គឺត្រូវប្រព្រឹត្តទៅអស់មួយជីវិតរបស់អ្នកនិពន្ធព្រមទាំងប្រព្រឹត្តទៅ ៥០ឆ្នាំ ក្រោយថ្ងៃទទួលមរណភាពរបស់អ្នកនិពន្ធ។ កិច្ចការពារសិទ្ធិបេតិកភណ្ឌលើស្នាដៃសហការ ប្រព្រឹត្តទៅអស់មួយជីវិតរបស់អ្នកនិពន្ធដែលរស់នៅចុងក្រោយគេ ព្រមទាំងប្រព្រឹត្តទៅរយៈពេល ៥០ឆ្នាំ ក្រោយថ្ងៃទទួលមរណភាពរបស់អ្នកនិពន្ធចុងក្រោយនេះ។
គូសបញ្ជាក់ថា លោកអ្នកអាចចូលទៅអានសេចក្តីលម្អិតនៃច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលតាមរយៈតំណលីង Microsoft Word – law on copyright KhmerFinal (cambodiaip.gov.kh)។
ប្រភព៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 07/11/2025
វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content