សៀមរាប ៖ មិនចាញ់មាន់អាំងតំបន់បាគងប៉ុន្មាននោះទេ ជ្រូកខ្វៃសហគមន៍ភ្នំគូលែនក៏កំពុងទទួលបានប្រជាប្រិយភាពខ្លាំង មានការគាំទ្រខ្ពស់ រហូតជំរុញឱ្យសហគមន៍នៅលើភ្នំគូលែនបង្កើនការចិញ្ចឹមជ្រូកប្រភេទនេះយ៉ាងច្រើនគួរឱ្យកត់សម្គាល់។
មានមនុស្សមិនតិចនាក់នោះទេ រាប់ទាំងអ្នកដែលរស់នៅក្នុងស្រុក ក្នុងខេត្ត ក៏ដូចជាទេសចរណ៍ជាតិ អន្តរជាតិដែលមានលើកឡើងពីរសជាតិដ៏ទាក់ទាញបំផុតរបស់មុខម្ហូបប្រចាំតំបន់ភ្នំគូលែនជ្រូកខ្វៃតូច ដែលកាន់តែមានភាពល្បីល្បាញទៅដល់តំបន់ផ្សេងៗ និងពង្រីកទីផ្សារបានយ៉ាងទូលាយ រហូតបានជួយសម្រួលដល់ជីវភាពរបស់អ្នកចិញ្ចឹម អ្នកប្រកបអាជីពអាំង និងខ្វៃជ្រូកនៅសហគមន៍ភ្នំគូលែនថែមទៀតផង។
លក្ខណៈពិសេសនៃភាពល្បីល្បាញរបស់ជ្រូកខ្វៃកណ្ដុរភ្នំគូលែន ខេត្តសៀមរាបនេះ ត្រូវបានគេលើកឡើងចំនួន៤ចំណុចសំខាន់ៗ គឺទី១. កូនជ្រូកតូចមិនសូវមានខ្លាញ់ ទី២. ប្រភេទពូជកូនជ្រូកក្នុងស្រុកកាត់ជ្រូកព្រៃ ទី៣. ចិញ្ចឹមជាលក្ខណៈគ្រួសារព្រលែងនៅក្នុងព្រៃក្រោយផ្ទះ និងចំការស្វាយចន្ទីមិនប្រើចំណីគីមី ហើយចុងក្រោយទី៤. គឺផ្តល់ចំណីបែបធម្មជាតិដែលអ្នកចិញ្ចឹមអាចរកបានដូចជាបន្លែ ផ្លែឈើក្នុងព្រៃធម្មជាតិ។
ជាមួយនឹងភាពល្បីល្បាញនៃជ្រូកកណ្តុរខ្វៃនៅក្នុងខេត្តសៀមរាប បច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មខ្វៃជ្រូកបែបប្រពៃណីនៅតាមបណ្តាខេត្តមួយចំនួន រាប់ទាំងរាជធានីភ្នំពេញផងដែរនោះ បានបញ្ជាទិញកូនជ្រូកកណ្តុរពីសហគមន៍ខេត្តសៀម ដើម្បីយកមកខ្វៃសម្រាប់ដាក់លក់នៅលើទីផ្សារជាមួយនឹងការទទួលតម្លៃខ្ពស់ខុសពីជ្រូកខ្វៃធម្មតាដែលលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។
អ្នកនាង ពេជសុខ សុផានីត្តា ជាអ្នកប្រកបអាជីវកម្មខ្វៃជ្រូកកណ្តុរសៀមរាប មានយីហោ ហ៊ាលុច មានទីតាំងស្ថិតសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានប្រាប់ AMS ថា ៖
“ខ្ញុំទើបតែចាប់ផ្ដើមរកស៊ីខ្វៃជ្រូកនេះទេ តែខ្ញុំមើលឃើញថាទីផ្សាររបស់វាទូលាយ ដែលជាធម្មតាយើងអាចលក់បានពី 6-7 ក្បាលក្នុងមួយថ្ងៃ ហើយបើថ្ងៃបុណ្យទានអាចលើសនេះ”
អ្នកនាងបានប្រាប់ថា ប្រភេទជ្រូកកណ្ដុរនេះមិនសូវមានខ្លាញ់ដូចជ្រូកធម្មតា ទេដែលធ្វើឱ្យវាមានរសជាតិឆ្ងាញ់ មិនឆាប់ទ្រលាន់ ហើយវាមានទំហំតូចតែមានតម្លៃថ្លៃ។ ជាទូទៅ សាច់ជ្រូកស្រស់មានទម្ងន់ 5-6គីឡូក្រាម ហើយពេលខ្វៃហើយមានទម្ងន់ប្រមាណ 3-4 គីឡូក្រាមតែប៉ុណ្ណោះ ប៉ុន្តែអាចលក់បានក្នុងតម្លៃចាប់ពី ៦០ម៉ឺនរៀលឡើងទៅ។
ទាក់ទងទៅនឹងការទិញជ្រូកសាច់ទុកសម្រាប់ខ្វៃត្រូវបានអ្នកនាងបញ្ជាក់ប្រាប់ឲ្យដឹងថា ត្រូវប្រមូលទិញជ្រូកកណ្ដុរនេះនៅតាមសហគមន៍ចិញ្ចឹមជ្រូកកណ្តុរនៅខេត្តសៀមរាប ដែលក្រៅពីសហគមន៍គូលែន នៅមានសហគមន៍ផ្សេងទៀត ប្រៀបដូចជាការជួយគាំទ្រ ជ្រោមជ្រែងសេដ្ឋកិច្ចសហគមន៍ជាប្រចាំបានមួយផ្នែកដែរ ព្រោះត្រូវបញ្ជាទិញជាបន្តបន្ទាប់។
អ្នកនាងបញ្ជាក់ថា បច្ចុប្បន្ននេះចំនួនជ្រូកកណ្ដុរនៅមានកម្រិតនៅឡើយដោយសាររគេចិញ្ចឹមតាមផ្ទះ ដែលត្រូវប្រមូលទិញយកមកស្តុកទុកទើបបាន។
តំបន់ដែលចិញ្ចឹមជ្រូកប្រភេទនេះមានមិនច្រើនប៉ុន្មាននោះទេ ពោលគឺមានចិញ្ចឹមនៅតែសហគមន៍ព្រៃភ្នំពពេល សហគមន៍ខ្នងភ្នំ និងសហគមន៍គូលែននៅខេត្តសៀមរាបប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ការនិយមចិញ្ចឹមជ្រូកកណ្តុរតូចៗតាមរបៀបធម្មជាតិ ដើម្បីបំពេញតម្រូវការទីផ្សារជ្រូកខ្វៃនេះនៅតែមានកម្រិត មិនទាន់ទូលំទូលាយនោះទេ។ ដោយមើលឃើញពីតម្រូវការទីផ្សារជាក់ស្ដែង ដែលអាចជួយលើកកម្ពស់ដល់កម្រិតជីវភាពរបស់អ្នកចិញ្ចឹម ក៏ដូចជាអាជីវករដែលជាអ្នកប្រកបមុខរបរអាំង-ខ្វៃជ្រូកកណ្តុរនេះ និងជាជំនួយដល់សហគមន៍ចិញ្ចឹមជ្រូកខាងលើ ក្រសួងបរិស្ថានក៏បានចែកពូជជ្រូកឦសានដែលយកមកពីខេត្តមណ្ឌលគិរី ដល់អ្នកចិញ្ចឹមក្នុងសហគមន៍ដើម្បីលើកកម្ពស់ការចិញ្ចឹមឲ្យកាន់តែទទួលបានផលខ្ពស់ ដោយតម្រូវឲ្យមានកិច្ចសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តសៀមរាបក្នុងការថែទាំសុខភាពសត្វផងដែរ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា AI តម្លៃពាន់លានដុល្លារម្នាក់ព្យាករណ៍ពីបញ្ហាសម្រាប់សហគ្រាសនៅឆ្នាំក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/12/2024
អ្នកជំនាញបានមើលឃើញថា បច្ចេកវិទ្យា AI របស់ចិននឹងអាចក្លាយទៅជាអ្នកនាំមុខគេនៅពេលខាងមុខ ខណៈដែលវត្តមានមនុស្សយន្ត AI Robot នឹងត្រូវបានផលិតក្នុងចំនួនយ៉ាងច្រើន
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/12/2024
ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម