ភ្នំពេញ ៖ ជាមួយនឹងសកម្មភាពអភិវឌ្ឍន៍ជាបន្តបន្ទាប់តាមរយៈការវិនិយោគដោយផ្ទាល់ពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជន បច្ចុប្បន្នខេត្តសំខាន់ៗដែលមានសក្ដានុពលចំនួន៣របស់កម្ពុជាបាននឹងកំពុងពិចារណាដាក់ស្នើចូលទៅក្នុងខេត្តមេត្រីភាពជាមួយនឹងខេត្តហ៊ូប៉ៃនៃប្រទេសចិន ដែលកំពុងមានសក្ដានុពលលើផ្នែកកសិកម្ម និងទេសចរណ៍ប្រចាំប្រទេស។
ខេត្តទាំង៣របស់កម្ពុជា រួមមានខេត្តព្រះសីហនុ កំពត និងខេត្តសៀមរាប ដែលត្រូវបានដឹងថាជាខេត្តដែលមានកិច្ចអភិវឌ្ឍខ្លាំងផ្នែកវិស័យទេសចរណ៍ ដែលជាវិស័យបង្អែកដ៏សំខាន់របស់កម្ពុជានោះ ត្រូវបានភាគីចិនធ្វើលិខិតស្នើសុំចងសម្ព័ន្ធភាពជាមួយខេត្តរបស់ខ្លួនក្រោមគោលបំណងបង្កើតភាពស្និទ្ធស្នាល និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការងារអភិវឌ្ឍន៍លើគ្រប់វិស័យ ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ខេត្តនៃប្រទេសទាំងសងខាង។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានបង្ហាញទស្សនៈវិជ្ជមាន ក៏ដូចជាកិច្ចស្វាគមន៍ចំពោះការបង្កើនទំនាក់ទំនងល្អជាមួយបរទេស។
“ការភ្ជាប់មកកាន់ប្រទេសកម្ពុជា នេះជាការភ្ជាប់ទំនាក់ទំនងនៃវិស័យទេសចរណ៍នៃប្រជាជនចិនដែលមាននៅក្នុងខេត្តហ៊ូប៉ៃ ប្រមាណ ១២៦លាននាក់ ក្នុងនោះយើងឃើញថាជាឱកាសមួយសម្រាប់ប្រទេសកម្ពុជាដែរនៅពេលដែលយើងទទួលបានវ៉ាក់សាំងគ្រប់គ្នាហើយ”
លោកបណ្ឌិតបានមានប្រសាសន៍ថា
លោកបានគូសបញ្ជាក់ទៀតថា ប្រជាជនទាំង ១២៦ លាននាក់នៅក្នុងខេត្តហ៊ូប៉ៃរបស់ចិននេះ ច្រើនតែជាកសិករ ម៉្លោះហើយពួកគេកម្រមានឱកាសដើរកម្សាន្តតាមតំបន់ទេសចរណ៍។ ម៉្យាងទៀត ខេត្តទាំង៣របស់កម្ពុជានេះ សុទ្ធតែមានចំណុចទាក់ទាញរៀងខ្លួន ដែលនេះហើយជាហេតុផលធ្វើឲ្យលោកប្រមើលឃើញថាវិស័យទេសចរណ៍នៅកម្ពុជានឹងមានការរីកចម្រើនជាងមុន។
ចំណុចទាក់ទាញរបស់ខេត្តទាំង៣នេះមានជាអាថទិ៍ ខេត្តកំពតមានអំណោយផលពីធម្មជាតិមានទិដ្ឋភាពដ៏ស្រស់ស្អាតនៃដងសមុទ្រ ព្រែកព្រៃកោងកាង ជួរភ្នំ ចំការម្រេច និងការផលិតអំបិលរបស់ប្រជាជនក្នុងស្រុក។ ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចពិសេស និងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញបែបទំនើបរបស់កម្ពុជា ព្រមគ្នាជាមួយនឹងឆ្នេរសម្រទ្រដ៏ស្រស់ស្អាតលំដាប់ពិភពលោក និងកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ដោយឡែក ខេត្តសៀមរាបដែលជាប៉ូលសេដ្ឋកិច្ចពិសេសទី២របស់កម្ពុជា មានប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកយ៉ាងអស្ចារ្យ ព្រមទាំងមានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងក្រុងរណបដែលមានតម្លៃសរុបរាប់ពាន់លានដុល្លារកំពុងដំណើរការសាងសង់។
គួរបញ្ជាក់ថា សំណើរនៃការសុំចងសម្ព័ន្ធភាពរវាងខេត្តហ៊ូប៉ៃនៃប្រទេសចិនជាមួយខេត្តសក្ដានុពលទាំង៣របស់កម្ពុជា (ព្រះសីហនុ កំពត និងសៀមរាប) នេះបានធ្វើឡើងតាមរយៈលិខិតមួយច្បាប់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ជូនទៅដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ហើយរហូតមកដល់ពេលនេះ លិខិតនេះកំពុងស្ថិតនៅក្នុងការពិចារណារបស់ភាគីកម្ពុជានៅឡើយ។ គួរឲ្យដឹងដែរថា ខេត្តហ៊ូប៉ៃ ជាមជ្ឈមណ្ឌលភូមិសាស្រ្តសេដ្ឋកិច្ច និងដឹកជញ្ជូនរបស់ចិន និងជាខេត្តស្ថិតក្នុងផែនការអភិវឌ្ឍន៍ខ្សែក្រវ៉ាត់ និងផ្លូវរបស់មហាយក្សចិនផងដែរ ដោយកន្លងមកក្រុមហ៊ុនធំៗនៅខេត្តនេះបានមកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងធនធានថាមពលជាដើម៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧Huawei វ៉ាដាច់ទីផ្សារលក់ស្មាតហ្វូនរបស់ Apple នៅក្នុងខែសីហាជាលើកដំបូងក្នុងរយៈពេល៤៦ខែចុងក្រោយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/10/2024
Huawei បានកាន់កាប់តំណែងទីផ្សារក្នុងស្រុកវិញហើយ ដោយសារតែការនាំចូលស្មាតហ្វូនពីបរទេសយកមកចែកចាយបន្តមានការធ្លាក់ចុះ