ភ្នំពេញ ៖ សេចក្ដីព្រាងច្បាប់ថ្មីស្ដីពីការវិនិយោគនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលសម្រេចអនុម័តគាំទ្រទាំងស្រុងហើយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ (Zoom) បានសម្រេចគាំទ្រទាំងស្រុងទៅលើសេចក្ដីព្រាងច្បាប់ស្ដីពីការវិនិយោគថ្មី ដើម្បីជាមូលដ្ឋានគតិយុត្តិសម្រាប់ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងកិច្ចវិនិយោគមកកម្ពុជា។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា ការងារសិក្សា និងតាក់តែងសេចក្តីព្រាងច្បាប់បឋមនេះ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក. អ. ក)។ នៅក្នុងកិច្ចដំណើរការនៃការតាក់តែងសេចក្តីព្រាងច្បាប់បានប្រជុំពិគ្រោះយោបល់ជាមួយតំណាងផ្នែកឯកជន និងអង្គពាក់ព័ន្ធផ្សេងទៀតជាច្រើនលើកច្រើនសារ ដើម្បីធ្វើការប្រមូលធាតុចូល។
ឯកឧត្តម សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគរៀបចំឡើងក្នុងគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តិដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបានប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេសប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា។
សេចក្តីព្រាងច្បាប់ក៏ត្រូវបានរៀបចំឡើងឱ្យមានភាពបត់បែនដោយមានការផ្តល់ការលើកទឹកចិត្តពិសេស ចំពោះវិស័យ និងសកម្មភាពវិនិយោគជាក់លាក់ណាមួយដែលមានសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយការលើកទឹកចិត្តពិសេសនេះ នឹងត្រូវកំណត់នៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង។ ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន សេចក្តីព្រាងច្បាប់នេះ បានដាក់បញ្ចូលនូវកាតព្វកិច្ចជាអន្តរជាតិមួយចំនួនរបស់កម្ពុជា ដើម្បីបង្ហាញដល់វិនិយោគិនទាំងអស់នូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារវិនិយោគ និងផ្តល់ការធានាដោយអនុលោមតាមច្បាប់អន្តរជាតិនូវប្រព្រឹត្តកម្មដែលមិនរើសអើង ព្រមទាំងផ្តល់សេវាថែទាំវិនិយោគផងដែរ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសាទរទៅនឹងសេចក្ដីសម្រេច និងគាំទ្ររបស់រាជរដ្ឋាភិបាលទៅលើសេចក្ដីព្រាងច្បាប់វិនិយោគថ្មីនេះ ជាមួយនឹងភាពជឿជាក់ក្នុងការទទួលបានកំណើនវិនិយោគិនថ្មីៗមកបន្ថែមទៀត ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយពង្រឹងកំណើនសេដ្ឋកិច្ចជាតិកម្ពុជាទាំងមូល។
«ពិតជារឿងល្អបំផុតសម្រាប់វិស័យឯកជន ត្បិតក្រមនៅក្នុងច្បាប់វិនិយោគថ្មីនេះបានបញ្ចូលនូវធាតុផ្សំជាច្រើនក្នុងគោលបំណងជួយសម្រួលដល់វិស័យឯកជន»
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ៖
«នៅក្នុងសេចក្ដីព្រាងច្បាប់វិនិយោគថ្មីមានការកាត់បន្ថយនូវភាពលំបាកជាច្រើនប្រការរាប់ទាំងការរៀបចំឯកសារពាក់ព័ន្ធនានា ដែលសំដៅធ្វើយ៉ាងណាកាត់បន្ថយពេលវេលា ពន្លឿនសកម្មភាពវិនិយោគ ដែលចំណេញបានផលប្រយោជន៍ទាំងវិស័យឯកជនដែលជាម្ចាស់គម្រោងវិនិយោគ ចំណេញទាំងរដ្ឋាភិបាល និងចំណេញទាំងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងចង្កោមកម្លាំងជំនាញក្នុងការបំពេញការងារ»
លោកឧកញ៉ាបន្តថា ៖
ជាមួយនឹងការលើកឡើងខាងលើនេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា កម្ពុជាមានលក្ខណៈពិសេសដែលអាចទាក់ទាញទុនវិនិយោគរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗដោយក្នុងនោះរួមមានដូចជា ការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចចិនដែលជាមិត្តដែកថែមជាមួយកម្ពុជា។ ក្រៅពីនេះ កម្ពុជាទទួលបានការលើកលែងពន្ធពិសេស GSP ជាមួយចក្រភពអង់គ្លេស កិច្ចព្រមព្រៀមពាណិជ្ជកម្មជាមួយប្រទេសកូរ៉េ កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ដែលមាន១៥ប្រទេសជាសមាជិក ការឈានទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា។
បន្ថែមពីនេះ កម្ពុជាបានផ្តល់សិទ្ធិវិនិយោគដល់ជនបរទេស ១០០ភាគរយ រួមជាមួយនឹងការដាក់ចេញឲ្យអនុវត្តនូវច្បាប់វិនិយោគថ្មី ការព្យាយាមតាំងចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីជួយសម្រួលដល់កិច្ចដំណើរការវិនិយោគដែលមានស្រាប់ និងលើកទឹកចិត្តវិនិយោគិនថ្មីៗបន្ថែមទៀត ដែលអាចទទួលបាននូវផលប្រយោជន៍រួមគ្នា ទាំងវិស័យរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋផងដែរ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ