ការចិញ្ចឹមត្រីជាមុខរបរមួយដែលវារីវប្បករខ្មែរភាគច្រើនធ្វើក្នុងទំហំតូចតាចគ្រាន់នឹងដោះស្រាយជីវភាពគ្រួសារតែប៉ុណ្ណោះ ក៏ប៉ុន្តែការចិញ្ចឹមត្រីទីឡាព្យាក្នុងទ្រង់ទ្រាយមធ្យមជាកសិដ្ឋានមួយបាន និងកំពុងធ្វើការអភិវឌ្ឍផលិតកម្មរបស់ខ្លួនដោយប្រើបច្ចេកទេសចិញ្ចឹមតាមស្តងដារសម្រាប់ត្រៀមនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន។ កសិដ្ឋានចិញ្ចឹម និងកែច្នៃត្រីទីឡាព្យា Cambodia Fresh Farm ដែលបានបើកដំណើរការប្រមាណជាង៤ឆ្នាំមកហើយនោះ គ្រោងនាំសាច់ត្រីកែច្នៃទីឡាព្យាទៅកាន់ទីផ្សារជប៉ុនជាលើកដំបូងនៅត្រឹមដើមឆ្នាំ២០២២ខាងមុខនេះ។
អ្នកគ្រប់គ្រងកសិដ្ឋានខាងលើនេះ លោក ចាវ សួស្ដី បានមានប្រសាសន៍ថា ការចិញ្ចឹមត្រីទីឡាព្យានៅពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ ហើយការចំណាយថវិកាបានកើនឡើងប្រមាណ ២លានដុល្លារ។ ចំពោះមូលហេតុដែលនាំឱ្យមានការចំណាយច្រើនបែបនេះ គឺដោយសារតែកម្ពុជាពុំទាន់មានបទពិសោធន៍នៅឡើយទាក់ទងនឹងការងារចិញ្ចឹមត្រីកម្រិតស្ដងដារនេះ ដូច្នេះតម្រូវឱ្យមានការបណ្តុះបណ្តាលជំនាញឱ្យបានល្អិតល្អន់ទាំងបែបខ្មែរ និងជប៉ុន ហើយមានគុណភាពស្របតាមតម្រូវការទីផ្សារ។ លើសពីនេះ ឧបករណ៍ប្រើប្រាស់នៅក្នុងកសិដ្ឋាន ជាពិសេសនៅក្នុងរោងចក្រគ្រប់បែបយ៉ាងសុទ្ធតែមានតម្លៃថ្លៃ និងត្រូវនាំចូលពីជប៉ុនដោយផ្ទាល់ទាំងអស់។
ទាក់ទងទៅនឹងតម្លៃនៅលើទីផ្សារត្រូវបានលោក ចាវ សួស្ដី បញ្ជាក់ឲ្យដឹងថា ត្រីដែលត្រូវបានកែច្នៃហើយគឺមានតម្លៃថ្លៃជាងត្រីស្រស់ទាំងមូលដល់ទៅ ៥ដងពោលគឺត្រីស្រស់ទាំងមូលថ្លៃ ១ម៉ឺនរៀល ឯត្រីកែច្នៃហើយមានតម្លៃ ៥ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ កត្តានេះដោយសារដើម្បីទទួលបានសាចត្រីមានគុណភាពល្អតែ ១គីឡូក្រាម គេត្រូវការត្រីស្រស់យ៉ាងហោចណាស់ដល់ទៅ ៤គីឡូក្រាមមកកែច្នៃ។ តម្លៃនេះមិនសូវខុសគ្នាប៉ុន្មានទេរវាងក្នុងស្រុក និងតម្លៃនាំចេញគ្រាន់តែការនាំចេញមានបរិមាណច្រើន។ នេះជាអ្វីដែលលោកបានបញ្ជាក់។ លោក សួស្ដី ក៏បានប្រាប់ពីមូលហេតុដែលលោកជ្រើសរើសយកមុខរបរចិញ្ចឹមត្រីនេះ ដោយសារតែលោកគិតថាត្រីគឺជាចំណីដ៏ចាំបាច់បំផុតសម្រាប់របបអាហាររបស់មនុស្សនៅថ្ងៃអនាគត ចំណែកឯប្រភេទត្រីទីឡាព្យានេះទៀតសោត វាមានរសជាតិឆ្ងាញ់ស្រដៀងនឹងប្រភេទត្រីរបស់ជប៉ុនម្យ៉ាងដែលគេនិយមបរិភោគឆៅ ដូច្នេះហើយទើបលោកមានបំណងកែច្នៃត្រីប្រភេទនេះសម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន។
គួរបញ្ចាក់ដែរថា កសិដ្ឋាន Cambodia Fresh Farm មានទីតាំងនៅភូមិថ្នល់ដាច់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល មានផ្ទៃដីជាង ៤ហិចតា។ កសិដ្ឋាននេះមានស្រះចំនួន២១ និងមានរោងសិប្បកម្មកែច្នៃត្រីនៅខណ្ឌសែនសុខ។ សង្វាក់ផលិតកម្មនេះ អាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកបានប្រមាណជាង ៣០០គីឡូក្រាមក្នុង ១ខែ ដល់ផ្សារទំនើបៗ និងភោជនីយដ្ឋានផងដែរ។ បច្ចុប្បន្ន កសិដ្ឋានមួយនេះក៏មានលទ្ធភាពកែច្នៃសាច់ត្រីទីឡាព្យាដល់ទៅ១៤ប្រភេទ រួមមាន សាច់ត្រីបន្ទះមានស្បែក សាច់ត្រីបន្ទះអត់ស្បែក ត្រីមូល ត្រីសម្ងួត ត្រីឆ្អើរ ត្រីបំពង ស្បែកត្រី ស្រកាត្រី ប្រម៉ាត់ត្រី ក្បាលត្រី ប្រហិតត្រី ម្សៅកាល់ស្យូម ម្សៅត្រីរោយលើបាយ(ម៉ិហ្គឹមិ) និងសំណល់ធ្វើជាជី ហើយក្នុងនោះ ភាគច្រើនផ្ដោតទៅលើសាច់ត្រីដែលត្រូវបានចម្អិតរួចងាយស្រួលក្នុងការនាំចេញ។ ជាមួយនឹងការបង្ហើបប្រាប់ពីលទ្ធភាពក្នុងការចិញ្ចឹម និងកែច្នៃត្រីទីឡាព្យាសម្រាប់នាំចេញទៅកាន់ប្រទេសជប៉ុន លោក ចាវ សួស្ដី ក៏មានចក្ខុវិស័យវែងឆ្ងាយក្នុងការបង្កើនផលិតភាពនៃការផលិត ព្រមទាំងការកែច្នៃផលិតផលត្រីឱ្យបានកាន់តែច្រើន ដែលអាចជួយលើកស្ទួយវិស័យកសិកម្ម ផ្នែកវារីវប្បកម្ម និងសេដ្ឋកិច្ចជាតិ ជាពិសេសជួយដល់បងប្អូនប្រជាកសិករដែលចិញ្ចឹមត្រីក្នុងស្រុកឱ្យមានកម្រិតជីវភាពកាន់តែប្រសើរឡើង។ បន្ថែមពីលើនេះ លោកក៏ថ្លែងអំណរគុណដល់បណ្តាអតិថិជនដែលតែងតែគាំទ្រផលិតផលក្នុងស្រុក និងសូមឱ្យបងប្អូនខ្មែរជ្រើសរើសនូវអាហារណាដែលល្អ និងមានសុវត្ថិភាពចំពោះសុខភាពផងដែរ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧បារាំង និងអ៊ីតាលី មិនគាំទ្រគំនិតរបស់ Trump រ៉ៃអង្គាសលុយសម្ព័ន្ធមិត្ត១០ពាន់លានដុល្លារដើម្បីទិញអាវុធពីអាម៉េរិកឲ្យអ៊ុយក្រែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/07/2025
ប្រទេសបារាំង និងប្រទេសអ៊ីតាលី បានប្រកាសហើយថានឹងមិនចូលរួមក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump ក្នុងការបង្កើតមូលនិធិកញ្ចប់ថ្មីមួយទំហំប្រមាណ ១០ពាន់លានដុល្លារ សម្រាប់ចំណាយទៅលើការបញ្ជាទិញសព្វាវុធពីអាម៉េរិកឲ្យទៅប្រទេសអ៊ុយក្រែននោះឡើយ
ធនាគារ ជីប ម៉ុង បន្តជួយឱ្យប្រជាពលរដ្ឋខ្មែរ អាចសម្រេចបាននូវក្តីស្រមៃក្នុងការមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាមួយបុរី ឡាក់ឃី វ័ន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/07/2025
ធនាគារ ជីប ម៉ុង ដែលបង្កើតឡើងដោយកូនខ្មែរ១០០% និងបុរី ឡាក់គី វ័ន ដែលវិនិយោគវិស័យអចលនទ្រព្យជាង១០ឆ្នាំ បានចាប់ដៃគ្នាបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន តាមរយៈការផ្ដល់កម្ចីគេហដ្ឋាន