ត្រឹមតែមានស្រះសម្រាប់ដាំចក អាសូឡា ចំនួន៣ ដែលមានទំហំតូចល្មម ក៏អាចរកចំណូលប្រចាំថ្ងៃបានយ៉ាងហោចណាស់៣០ម៉ឺនរៀលក្នុង១ថ្ងៃ និងអាចរស់នៅជួបជុំគ្រួសារយ៉ាងរីករាយ ដោយមិនចាំបាច់ទៅស៊ីឈ្នួលធ្វើជាកម្មករនៅក្រៅស្រុកនោះទេ។ នេះជាការលើកឡើងរបស់កសិករម្នាក់ដែលប្រកបមុខរបរដាំចកប្រភេទ អាសូឡា (Azolla) សម្រាប់ធ្វើជាចំណីសត្វគ្រប់ប្រភេទនៅក្នុងខេត្តតាកែវ។
អាសូឡា (Azolla) ជាប្រភេទចកម្យ៉ាងដែលអាចធ្វើជាចំណីសត្វបានយ៉ាងប្រសើរ មានសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ ងាយស្រួលដាំ និងមានទីផ្សារល្អ ដែលប្រកសិករខ្មែរគួរតែសាកល្បងដាំសម្រាប់ការផ្គត់ផ្គង់ជាចំណីសត្វចិញ្ចឹម ក៏ដូចជាលក់ចេញទៅលើទីផ្សារក្នុងស្រុកដើម្បីទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ។
លោក និល សំរ៉េត ជាម្ចាស់កសិដ្ឋានបណ្តុះ និងដាំរុក្ខជាតិចកប្រភេទអាសូឡាខ្នាតតូចមួយនៅស្រុកព្រៃកប្បាស ខេត្តតាកែវបានមានប្រសាសន៍ថា ៖
«ខ្ញុំដាំអាសូឡា ដោយសារវាងាយស្រួលដាំ និងល្អសម្រាប់ឱ្យសត្វស៊ី ហើយសល់ពីធ្វើចំណីសត្វដែលខ្ញុំចិញ្ចឹម ខ្ញុំអាចលក់ទៅឲ្យកសិករដទៃទៀតដែលចិញ្ចឹមសត្វទាំងនៅក្នុងតំបន់ ក្នុងខេត្ត និងផ្ញើទៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ »
«យើងអាចយកអាសូឡាធ្វើជាចំណីបង្កង ត្រី កង្កែប កន្ធាយ និងសត្វរស់នៅក្នុងទឹកផ្សេងៗទៀត ហើយក្រៅពីនេះ សម្រាប់សត្វគោ ជ្រូក មាន់ ទា ក៏អាចយកអាសូឡាទៅលាយជាចំណី ឬឲ្យសត្វទាំងនេះស៊ីផ្ទាល់ក៏បាន ហើយសត្វចិញ្ចឹមកាន់តែធំធាត់បានលឿន»
កសិកររូបនេះបានបន្តទៀតថា ៖
បច្ចុប្បន្ន លោក និល សំរ៉េត មានអាងដាំអាសូឡាចំនួន៣ មានទំហំ ៣×១០ ម៉ែ្រត ដោយលោកបានចាប់ផ្ដើមដាំរយៈពេលជាងមួយឆ្នាំមកហើយ។ ជាធម្មតាលោកអាចលក់បានប្រមាណ ៤០-៥០ គីឡូក្រាមជារៀងរាល់ថ្ងៃ ដោយក្នុងតម្លៃ ៥ ០០០ ទៅ ៧ ០០០ រៀលក្នុង ១គីឡូក្រាម។ អតិថិជនរបស់គាត់មានទាំងនៅក្នុងស្រុក តំបន់ និងខេត្តដទៃទៀត ដូចជា ខេត្តតាកែវ កំពង់ស្ពី កំពត កំពង់ចាម ជាដើម ដែលគាត់ដងអាសូឡាផ្ញើទៅឱ្យស្ទើរតែមិនគ្រប់តម្រូវការផងនោះ។
«មូលហេតុដែលខ្ញុំចាប់ផ្ដើមដាំ គឺដំបូងឡើយខ្ញុំមើលតាម Youtube ឃើញការចិញ្ចឹមសត្វដោយប្រើចកប្រភេទអាសូឡា(Azolla)ជាចំណី ហើយឃើញថាអាចកាត់បន្ថយការទិញចំណីបានច្រើន ទើបខ្ញុំ និងមិត្តភក្ដិបានសាកល្បងដាំនៅខេត្តសៀមរាប។ គ្រានោះ ដោយមើលឃើញពីភាពងាយស្រួលក្នុងការដាំ និងថែទាំ ខ្ញុំក៏បានយកមកដាំនៅឯខេត្តតាកែវដែលជាផ្ទះរបស់ខ្ញុំដោយខ្លួនឯងតែម្ដង»
លោក និល សំរ៉េត បាននិយាយប្រាប់ទៀតថា ៖
ពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការដាំរុក្ខជាតិអាសូឡានេះ លោកបានរៀបរាប់ថា ដំបូងឡើយគឺត្រូវការមានស្រះ ឬក៏អាងដែលមានជម្រៅទឹកប្រមាណ ១០-២០ សង់ទីម៉ែ្រត ហើយកាន់តែងាយស្រួលគឺអាចប្រើតង់ដើម្បីធ្វើជាអាងតែម្ដង។ ក្រៅពីនេះគេត្រូវការធ្វើដំបូលស្បៃសម្រាប់គ្របកុំឱ្យត្រូវកម្ដៅថ្ងៃខ្លាំងពេក និងធ្វើឲ្យអាសូឡាខ្ចីល្អ រួមជាមួយនឹងការដាក់ជីដែលបានមកពីលាមកគោ ឬមាន់ ដាក់ចូលទៅក្នុងទឹក ហើយយកពូជអាសូឡាមកដាក់ជាការស្រេច។ សម្រាប់ស្រះ ឬអាងទឹកដែលមានទំហំ ៣×១០ ម៉ែ្រត អាចដាក់ជីលាមកគោប្រមាណ ៣ធុងប៉េត្រូ និងដាក់កូនអាសូឡាចូលប្រមាណ ៥-១០គីឡូក្រាម ហើយរង់ចាំប្រមូលផលតែម្ដង។
ដោយឡែកទាក់ទងទៅនឹងការថែទាំគឺកាន់តែងាយស្រួលបំផុត ដោយក្រោយពេលដាក់ជីចូលក្នុងស្រះ ឬអាងទឹកទុកចោលរយៈពេល២ថ្ងៃ គឺអាចដាក់កូនអាសូឡាចូលបាន ហើយត្រូវថែមជីរៀងរាល់ខែ និងមើលទឹកក្នុងអាង ឬស្រះកុំឱ្យរីងជាការស្រេច។ ការដាំនេះត្រូវការយៈពេលត្រឹមមួយសប្ដាហ៍ ឬយ៉ាងយូរ១០ថ្ងៃ គឺអាចដងយកអាសូឡាឱ្យសត្វស៊ីបាន ហើយវានឹងដុះជាបន្តបន្ទាប់មិនងាយអស់នោះឡើយ។
យ៉ាងណាមិញ ចំពោះផលលំបាកនៃការដាំ ត្រូវបានលោកអះអាងបញ្ជាក់ថា ហាក់មិនសូវមានជួបប្រទះនោះទេ ហើយនៅថ្ងៃអនាគត លោកក៏មានគម្រោងពង្រីកមុខរបរដាំអាសូឡានេះបន្ថែមទៀត ដោយការពង្រីកស្រះ និងអាងដាំឱ្យបានច្រើន ដើម្បីបំពេញអាចមានលទ្ធភាពក្នុងការផ្គត់ផ្គង់តម្រូវការជាក់ស្ដែងរបស់បងប្អូនប្រជាកសិករដែលចិញ្ចឹមសត្វ។
ជាមួយគ្នានេះ លោក និល សំរ៉េត ក៏បានផ្តល់ជាយោបល់សម្រាប់បងប្អូនកសិករនៅតាមទីជនបទដែលនិយមចិញ្ចឹមសត្វមាន់ ទា ជ្រូក គោ ឬត្រីជាដើមនោះ គួរសាកល្បងដាំចកប្រភេទអាសូឡា ដែលយ៉ាងហោចណាស់មួយអាងដែលអាចជួយកាត់បន្ថយទៅលើការចំណាយទុនក្នុងការទិញចំណី ហើយអាចជួយពន្លឿនការធំធាត់របស់សត្វចិញ្ចឹមផងដែរ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។