ព្រះសីហនុ ៖ យោងតាមស្ថិតិចុងក្រោយគិតចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទទួលទំហំពាណិជ្ជកម្មសរុបប្រមាណ ៩៩៤ លានដុល្លារអាមេរិក កើនឡើង ៤៩,៩២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆមាសទី១ ឆ្នាំ២០២០ ដែលមានតម្លៃ ៦៦៣ លានដុល្លារអាមេរិក ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ AMS ថា ការកើនឡើងនៃទំហំពាណិជ្ជកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ជាការជំរុញកំណើនប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីទាញយកការវិនិយោគបន្ថែមទៀត ហើយក៏ជាចំណុចមួយសំរាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញផងដែរ។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ខេត្តព្រះសីហនុគឺជាប៉ូលសេដ្ឋកិច្ចពិសេសគឺជាគោលដៅច្រកចេញចូលទំនិញពិសេសរបស់កម្ពុជា ដែលយើងត្រូវតែអភិវឌ្ឍន៍ទីក្រុងមួយនេះឱ្យទំនើបជាងទីក្រុងភ្នំពេញទៅទៀត ព្រោះជាចំណុចទាក់ទាញវិនិយោគមកកាន់កម្ពុជា។ នេះជាចំណុចមួយនៃការកើនឡើងដ៏ល្អនៅពេលដែលតំបន់សេដ្ឋកិច្ចពិសេសបានកើតមានច្រើន ខណៈដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ាន (EAEU) បូករួមជាមួយការអនុគ្រោះពន្ធការនាំចេញរបស់កម្ពុជាពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហគមន៍អឺរ៉ុបផងនោះ វាជាសញ្ញាល្អ មួយសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ហើយសង្ឃឹមថាខេត្តព្រះសីហនុបានចាប់ផ្ដើមរីកចម្រើននឹងបន្តទៅកាន់បណ្តាខេត្តផ្សេងៗទៀត ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៩ ខែមិថុនាកន្លងទៅនេះ ក៏បានចុះហត្ថលេខាលើអនុក្រឹត្យលេខ៨២ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង(គ.ប.ដ.)ផងដែរ។
ការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានគោលដៅផ្តល់ការណែនាំជាយុទ្ធសាស្ត្រ និងបច្ចេកទេសក្នុងការរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ សម្រាប់ក្រុមប្រឹក្សារៀបចំផែនការមេ និងធ្វើកិច្ចសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ កំពង់ផែក្រុងព្រះសីហនុនៅដើមឆ្នាំ២០២២ ខាងមុខនឹងត្រៀមផ្តើមការសាងសង់កំពង់ផែកុងតឺន័រថ្មីដោយគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៤។ ក្រោយពេលកំពង់ផែក្រុងព្រះសីហនុមានទំហំកាន់តែធំ និងជម្រៅទឹកកាន់តែជ្រៅ នឹងជួយឱ្យកម្ពុជាមានសមត្ថភាពទទួលបានការចូលចតរបស់នាវាលំដាប់អន្តរជាតិដោយផ្ទាល់កាន់តែច្រើន ខណៈបច្ចុប្បន្នការដឹកទំនិញធំៗតាមផ្លូវទឹក កម្ពុជាត្រូវពឹងផ្អែកលើកំពង់ផែប្រទេសក្នុងតំបន់៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ