ភ្នំពេញ ៖ នៅពេលនិយាយដល់ផលិតផលក្នុងស្រុកគេជឿថា មានមនុស្សតិចណាស់ដែលមានទំនោរចិត្ត និងគាំទ្រ ខណៈដែលមួយភាគធំនៃអ្នកប្រើប្រាស់មានរសនិយមទៅលើផលិតផលបរទេសយ៉ាងសន្ធឹកសន្ធាប់ក្រោមហេតុផលភាពខុសគ្នារវាងគុណភាព សោភ័ណភាព និងកត្តាតម្លៃ រហូតស្ទើរតែបានក្លាយជាទម្លាប់មួយរបស់ប្រជាជនកម្ពុជាដែលមិនព្រមបើកចិត្តទូលាយសាកល្បងគាំទ្រផលិតផលក្នុងស្រុកនោះឡើយ បើទោះជាផលិតករចាប់ផ្ដើមពង្រឹងគុណភាពនៃការផលិតក៏ដោយ។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅកម្ពុជា បានលើកឡើងថា ដោយសារតែកម្ពុជាជាប្រទេសដែលមាននិន្នាការទីផ្សារសេរី មិនអាចបិទការនាំចូលពីបណ្ដាប្រទេសជាដៃគូបាន ជាហេតុធ្វើឲ្យផលិតផលដែលផលិតឡើងនៅក្នុងស្រុកមានភាពលំបាកក្នុងការប្រកួតប្រជែងជាមួយទីផ្សារប្រទេសក្នុងតំបន់ដែលមានជំហររឹងមាំរួចទៅហើយ។ យ៉ាងណាក៏ដោយ ស្ថិតនៅក្នុងបរិបទនេះ កម្ពុជានៅតែមានដំណោះស្រាយល្អដោយស្វែករក និងដាក់គោលដៅទីផ្សារជាក់លាក់ណាមួយនៅក្នុងស្រុក ដើម្បីអាចធានាស្ថេរភាពនៃតម្រូវការ ដើម្បីពង្រឹងការផលិតសម្រាប់ផ្គត់ផ្គង់ ខណៈដែលការនាំចូលមួយចំនួនធំត្រូវបានកាត់បន្ថយ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ និងឆ្លើយតបបញ្ហានេះថា៖
«យើងត្រូវធ្វើកសិកម្មដើម្បីគាំទ្រវិស័យផ្សេងៗទៀតដែលកំពុងទទួលរងនូវផលប៉ះពាល់ ជាពិសេសវិស័យទេសចរណ៍ ព្រោះកន្លងមកយើងមានសហគមន៍ទេសចរណ៍ តែយើងមិនបានយកទំនិញកសិកម្មរបស់យើងទៅផ្គត់ផ្គង់វិស័យនេះទេ យើងតែងតែនាំចូលផលិតផលពីបរទេសយកមកលក់នៅក្នុងតំបន់ទេសចរណ៍ទៅវិញ ដែលនេះជាទង្វើមួយខុស»
ការយករូបភាពផលិតផលកសិកម្មជួយគាំទ្រដល់វិស័យទេសចរណ៍ និងដើម្បីលើកស្ទួយផលិតផលក្នុងស្រុកនេះ គឺសុទ្ធតែអាចធ្វើឡើងបាននៅតាមបណ្តាតំបន់រមណីយដ្ឋាន មណ្ឌលកម្សាន្តនានានៅទូទាំងប្រទេស រាប់ទាំងការដាក់លក់ផលិតផល-កសិកផលខ្មែរ ឬផលិតផលក្នុងស្រុកដោយផ្ទាល់ ការយកវត្ថុធាតុដើមដូចជាបន្លែត្រីសាច់នានាសម្រាប់ធ្វើជាសេវាផ្គត់ផ្គង់ចំណីអាហារ និងភេសជ្ជៈជាដើម ដែលទាំងអស់នេះសុទ្ធតែជាការចូលរួមប្រើប្រាស់ និងគាំទ្រផលិតផលក្នុងស្រុកទាំងអស់។
ជាមួយគ្នានេះ លោកក៏បានបង្ហាញពីការព្រួយបារម្ភផងដែរថា បើគ្រាន់តែទីផ្សារទេសចរណ៍ក្នុងស្រុកខ្លួនឯងសោះ ហើយនាំយកផលិតផលពីប្រទេសគេមកផ្គត់ផ្គង់ដែរ វានឹងធ្វើឱ្យបាត់បង់ការរួមចំណែកក្នុងការជួយគាំទ្រដល់ផលិតផលក្នុងស្រុក និងសង្វាក់ផលិតកម្មក្នុងស្រុកដទៃទៀតនោះឡើយ។ ការធ្វើកសិកម្មបែបទំនើប និងរកលក្ខណៈពិសេសរបស់ខ្លួន រួចយកទៅផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរ គឺជាចំណុចល្អបំផុតក្នុងការចាប់ផ្ដើមផ្សព្វផ្សាយនូវផលិតផលក្នុងស្រុក ក៏ដូចជាដំណោះស្រាយល្អក្នុងការបញ្ជ្រៀបខ្លួនចូលទៅវាយលុកទីផ្សារនាំចូលផងដែរ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលបណ្ឌិតរូបនេះបានលើកឡើងពីដំណោះស្រាយចំពោះវិស័យកសិកម្ម។ កាលពីឆ្នាំកន្លងទៅ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានរំលេចឡើងពីបញ្ហានេះជាមួយនឹងយុទ្ធសាស្ត្រថ្មីដោយដូរមកធ្វើជាកសិផលសេរីរាង្គ ការរៀបចំឲ្យមានជាសហគមន៍ដើម្បីបង្កើតជាចង្វាក់ផលិតកម្មរឹងមាំក្នុងគោលបំណងជួយឲ្យកសិករមានកម្លាំងផលិតរួមគ្នា និងទទួលបានការផ្គត់ផ្គង់ក្នុងបរិមាណមួយអាចប្រកួតប្រជែងក្នុងទីផ្សារ ហើយក៏អាចរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើមផងដែរ។
ប្រសិនបើអាចអនុវត្តនូវវិធីសាស្ត្រទាំងអស់នេះបាន នោះវានឹងអាចជួយបង្កើននូវសក្កានុពល និងលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងផលិតផលកសិផលក្នុងវិស័យកសិកម្មនៅកម្ពុជាជាមួយប្រទេសជិតខាងបាន៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ម្ចាស់ក្រុមហ៊ុនតម្លៃទ្រីលានដុល្លារ ៖ «សម័យកាលរ៉ប៉ូតរូបរាងមនុស្សមិនស្ថិតនៅឆ្ងាយពីយើងទៀតទេ»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/03/2025
លោក Huang ក៏បានធ្វើការព្យាករណ៍ទុកអំពីតម្លៃទីផ្សារនៃការប្រើប្រាសមនុស្សយន្ត Humanoid Robots ផងដែរដោយលោកជឿជាក់ថាវានឹងអាចមានចន្លោះនៅប្រហែលជាង១០ម៉ឺនដុល្លារក្នុងមួយគ្រឿង