ព្រះសីហនុ ៖ ក្រោមការអនុវត្តទៅតាមគម្រោង និងផែនការមេដែលបានដាក់ចេញ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅការិយាល័យគ្រប់គ្រងគម្រោងទី៣សម្រេចបានជាង៩០ភាគរយហើយ ខណៈដែលគម្រោងសរុបសម្រេចបានប្រមាណជាង៥១ភាគរយ។
តាមរយៈរបាយការណ៍ដែលបង្ហាញដោយការិយាល័យគ្រប់គ្រងគម្រោងទី៣ គិតត្រឹមរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ ជាលទ្ធផលនៃការសាងសង់សម្រេចបានគួរជាទីមោទនដោយក្នុងនោះមានផ្នែកខ្លះនៃគម្រោងត្រូវបានសម្រេច១០០ភាគរយ និងផ្នែកខ្លះទៀតសម្រេចបានជាង៦០ភាគរយ ដែលអាចនឹងបញ្ចប់នៅក្នុងអំឡុងខែក្រោយនេះ។
នៅក្នុងរបាយការណ៍ដដែលបានលម្អិតថា ចម្ងាយចាប់ផ្តើម និងបញ្ចប់នៃការិយាល័យគ្រប់គ្រងគម្រោងទីបីគឺរាប់ចាប់ពីចំណុច K80+000 ដល់ K120+000 មានប្រវែងសរុប ៤០គីឡូម៉ែត្រ ដោយក្នុងនោះការសាងសង់គ្រឹះទន់បានបញ្ចប់ ១០០ភាគរយ ការជីកជម្រៅដីបានបញ្ចប់ ១០០ភាគរយ ការបំពេញសរុបត្រូវបានបញ្ចប់៩៨ភាគរយ ការដាក់លូឆ្លងកាត់ដែលមាន១២៣កន្លែងត្រូវបានបញ្ចប់១០០ភាគរយ សំណង់គ្រឹះសរុបដែលមាន៦២៧ដើម ត្រូវបានបញ្ចប់១០០ភាគរយ។
ជាមួយគ្នានេះ ហេដ្ឋារចនាសម្ព័ន្ធផ្នែកខាងក្រោម (Pile cap) សម្រេចបាន៧៣កន្លែង ស្មើនឹប្រមាណ៩៨,៦៥ភាគរយ, សសរស្ពានសម្រេចបានចំនួន២១២ដើម ក្នុងអត្រា ៨៩ភាគរយ, គម្របផ្នឹម(Bent cap) ចំនួន២១១ ក្នុងអត្រា៩៣ភាគរយ, ការដំឡើងផ្នឹម (Beam slab)សរុបចំនួន៨៤៨ សម្រេចបានប្រមាណ ៧៤ភាគរយ, ស្រទាប់គ្រឹះរងពីល្បាយថ្មពង្រឹងស៊ីម៉ង់ត៍ ៥០,៥គីឡូម៉ែត្រ ត្រូវបានបញ្ចប់ប្រមាណ៦៣ភាគរយ , ស្រទាប់មូលដ្ឋានក្រួសពិសេសសម្រេចបាន ៣៥,៤គីឡូម៉ែត្រ ក្នុងអត្រាប្រមាណ ៤៤,២ភាគរយ, ស្រទាប់ក្រោមកៅស៊ូប្រវែង ២៩,៦គីឡូម៉ែត្រ សម្រេចបានក្នុងអត្រាប្រមាណ ៣៧ភាគរយ។
ដោយឡែកសម្រាប់ផែនការសាងសង់នៅខែក្រោយនេះរួមមាន ស្ពានចំនួន២៤ គម្របផ្នឹម៣ សាងសង់ស្រទាប់គ្រឹះរងពីល្បាយថ្មពង្រឹងស៊ីម៉ង់ត៍ ៧គីឡូម៉ែត្រ ស្រទាប់មូលដ្ឋានក្រួសពិសេស១១គីឡូម៉ែត្រ និងស្រទាប់ក្រោមកៅស៊ីប្រវែង១៣គីឡូម៉ែត្រ។
គួររំលឹកថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង 190គីឡូម៉ែត្រតភ្ជាប់ពីភូមិ1 សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ1 សង្កាត់លេខ3 ក្រុងព្រះសីហនុ សម្រេចបានប្រមាណ 51.35ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី31 ខែឧសភា ឆ្នាំ2023ខាងមុខនេះ។
ចំពោះការដោះស្រាយផលប៉ះពាល់ក្នុងការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន 99.9ភាគរយ ហើយក្រសួងកំពុងតែខិតខំប្រឹងប្រែងធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឆ្លងកាត់រាជធានីភ្នំពេញ 8.30គីឡូម៉ែត្រ ខេត្តកណ្តាល 9.10គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ 80.80គីឡូម៉ែត្រ ខេត្តកោះកុង 1.92គីឡូម៉ែត្រ និងខេត្តព្រះសីហនុ 89.89គីឡូម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ 2,000លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ