មណ្ឌលគីរី ៖ ទន្ទឹមនឹងការចូលមកយ៉ាងច្រើនកុះករនៃក្រុមហ៊ុនវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា បច្ចុប្បន្ននេះមានក្រុមហ៊ុនមួយចំនួនតូចក្នុងក្រុមហ៊ុនទាំងអស់កំពុងតែជួបប្រទះនូវបញ្ហារាំងស្ទះដល់ដំណើរការសាងសង់របស់ខ្លួនដែលបណ្តាលមកពីបញ្ហាចម្បងនៃវិនត្តិជំងឺកូវីដ-១៩នៅមិនទាន់មានភាពស្រាកស្រាន្ត។
ដូចដែលយើងបានដឹងស្រាប់ថា កម្ពុជាសព្វថ្ងៃកំពុងជួបប្រទះនឹងវិបត្តិកូវីដ-១៩គួរឲ្យបារម្ភ ដោយចំនួនអ្នកឆ្លងមិនបានថមថយនោះឡើយ។ ដោយសារតែបញ្ហានេះ បានបណ្តាលឲ្យដំណើរការសាងសង់មួយចំនួនជួបភាពយឺតយ៉ាវ ហើយគម្រោងខ្លះទៀតនៅមិនទាន់បានចាប់ផ្តើមដំណើរនៅឡើយ ជាក់ស្ដែងដូចជាគម្រោងសាងសង់ព្រលានយន្ដហោះ ខេត្តមណ្ឌលគីរីជាដើម ខណៈដែលគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ-សៀមរាបអង្គរកំពុងបន្តក្នុងល្បឿនយឺត។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ និងជាអគ្គនាយករងបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានបំភ្លឺនូវសេចក្ដីព្រួយរបស់ក្រុមហ៊ុនវិនិយោគថា ៖
«អ្នកវិនិយោគមានការបារម្ភថា បើសិនជាគាត់ជំរុញឲ្យមានការសាងសង់លឿននៅពេលហ្នឹងទៅ ការរបោះទុនក៏ច្រើន ហើយប្រាក់ចំណេញដែលរំពឹងថានឹងបានត្រឡប់មកវិញក្នុងពេលខាងមុខនេះក៏មិនដឹងថាពេលណាដែរ»
លោក ស៊ិន ចាន់សិរីវុត្ថា បានសង្កត់ន័យថា អ្នកវិនិយោគអាចទម្លាក់ទុនឲ្យសាងសង់ពេលណាក៏បាន តែបញ្ហាគឺនៅត្រង់ថា បើការសាងសង់រួចរាល់នៅពេលនេះ តើពួកគេនឹងអាចទទួលបានប្រាក់ចំណេញមកពីការធ្វើដំណើររបស់អ្នកទេសចរដែរ ឬទេ?
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ៖
«ពួកគេ (ក្រុមហ៊ុនវិនិយោគ) បានសុំឲ្យខាងក្រសួង ក៏ដូចជាផ្នែកពាក់ព័ន្ធឲ្យជួយពិនិត្យមើលលទ្ធភាពឡើងវិញ ថាតើអាចធ្វើយ៉ាងម៉េចដើម្បីឲ្យគម្រោងរបស់ពួកគេនៅតែអាចបន្តទៅបានដោយគ្មានការខាតបង់ និយាយរួមគឺធ្វើយ៉ាងណាដើម្បីកុំឲ្យពួកគេទម្លាក់ទុនចោលដោយគ្មានចំណូលមកវិញ»
គួរបញ្ជាក់ថា គម្រោងសាងសង់ព្រលានយន្ដហោះនៅកម្ពុជាសព្វថ្ងៃមានចំនួន៥ ដែលរួមមាន ព្រលានយន្ដហោះខ្នាតតំបន់នៅតារាសាគរ ខេត្តកោះកុងដែលសម្រេចបានការសាងសង់ហើយ នៅឡើយតែដំណើរការរៀបចំបោសសម្អាត ព្រលានយន្ដហោះភ្នំពេញថ្មីដែលមានទីតាំងស្រុក កណ្ដាលស្ទឹង ខេត្តកណ្ដាលដែលមកទល់ពេលនេះបានសម្រេចការសាងសង់បានជិត ១៩ភាគរយ ហើយព្រលានយន្ដហោះអង្គរអន្តរជាតិនៅខេត្តសៀមរាបដែលសម្រេចបានជាង ៤៣ភាគរយ គិតត្រឹមខែមិថុនាកន្លងទៅនេះ គម្រោងព្រលានយន្ដហោះខ្នាតតំបន់នៅមណ្ឌលគិរីដែលស្ថិតនៅក្នុងការដាក់វាយតម្លៃ ព្រមទាំងគម្រោងសាងសង់ព្រលានយន្ដហោះនៅខេត្តបាត់ដំបងដែលជាគម្រោងចាស់ និងកំពុង ស្ថិតក្នុងតំណាក់កាលសិក្សានៅឡើយ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ