វិភាគ ៖ តើលោក ស៊ី ជីនភីង អាចធ្វើឱ្យគណបក្សកុម្មុយនិស្តចិនគង់វង្សទេ ក្រោយពីខួប ១០០ឆ្នាំ?

បរទេស ៖ គណបក្ស​កុម្មុយនិស្ត​ចិន​មាន​អាយុ​ ១០០ឆ្នាំ​ហើយ នៅ​ក្នុង​ឆ្នាំ២០២១នេះ។ គណបក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ១០ឆ្នាំ ក្រោយ​ពី​របប​រាជានិយម​នៅ​ប្រទេស​ចិន​ត្រូវ​បាន​រំលាយ​ ហើយ​ស្ថានភាព​ចិន​នៅ​ពេល​នោះ​ស្ថិត​ក្នុង​ភាព​ជ្រួលច្របល់ ដោយ​មាន​ការ​បែងចែក​ទឹកដី និង​គ្រប់គ្រង​ដោយ​ក្រុម​ផ្សេងៗ​គ្នា។

សង្គ្រាម​ស៊ីវិល​ចិន​អូស​បន្លាយ​រាប់​ទសវត្សរ៍​នៅ​ពេល​នោះ ហើយ​ប្រទេស​នេះ​រងគ្រោះ​មួយ​ជាន់​ទៀត​នៅ​សង្គ្រាម​លោក​លើក​ទី២ រហូត​មក​ដល់​ឆ្នាំ១៩៤៩ កងទ័ព​ក្រហម​របស់​បក្ស​កុម្មុយនិស្ត​ចិន​បាន​កាន់​កាប់​ចិន​ដី​គោកស្ទើរ​តែ​ទាំង​ស្រុង ហើយ​នៅ​ពេល​នោះ​មេដឹកនាំ​កុម្មុយនិស្ត​ដ៏​ល្បី​ឈ្មោះ​ ម៉ៅ សេទុង បាន​ប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​មាន​វត្តមាន​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

ចាប់​តាំង​ពី​ពេល​នោះ​មក ចិន​ប្រជាមានិត​ឆ្លង​កាត់​ព្រឹត្តិការណ៍​ជា​ច្រើន​ទាំង​ភាព​សោកសៅ និង​ភាព​រុងរឿង ចំណែក​ឯ​កំណែ​ទម្រង់​នានា​រាប់​ភ្លេច​ក៏​បាន​កើត​ឡើង​ទៅ​ផង​ដែរ។ កំណែទម្រង់​ដែល​ត្រូវ​បាន​គេ​ចងចាំ​ជាង​គេ​គឺ ការ​បើក​ចំហ​ប្រទេស​ចិន ដោយ​ស្វាគមន៍​រាល់​ការ​វិនិយោគ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ពិភពលោក ដោយ​មិន​ប្រកាន់​របប​នយោបាយ​អ្វី​នោះ​ទេ នៅ​អំឡុង​ទសវត្ស​ឆ្នាំ១៩៨០ ដោយ​មេដឹកនាំ​ចិន​ តេង ស៊ាវភីង។ នេះ​គឺ​ជា​កំណែ​ទម្រង់​ដ៏​ធំ​ ដោយ​កាល​នោះ​ប្លុក​កុម្មុយនិស្ត​ និង​ប្លុក​សេរី​គឺ​មិន​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​គ្នា​ទេ​។

«ឆ្មា​ស ឬ ឆ្មា​ខ្មៅ​មិន​សំខាន់​នោះ​ទេ ដរាប​ណា​ឆ្មា​អាច​ចាប់​កណ្ដុរ​បាន»។ នេះ​ជា​សម្ដី​របស់​អគ្គមគ្គុទ្ទេសក៍​ចិន តេង ស៊ាវភីង នៅ​អំឡុង​ទសវត្ស​រ៍ ១៩៦០ ដែល​ជា​មេរៀន​សម្រាប់​អ្នក​នយោបាយ និង​អ្នក​សេដ្ឋកិច្ច​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

លុះ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គណបក្ស​កុម្មុយនិស្ត​ចិន​កំពុង​ស្ថិត​ក្នុង​យុគសម័យ​ថ្មី ដែល​ដឹកនាំ​ដោយ​​លោក​ ស៊ី ជីនភីង។ យុគសម័យ​ថ្មី​របស់​គណបក្ស​កុម្មុយនិស្ត​ចិន ក៏​ដូច​ជា​ប្រទេស​ចិន​ទាំង​មូល គឺ​ពោរ​ពេញ​ទៅ​ដោយ​មហិច្ឆតា​ខ្ពស់ និង​ឆន្ទៈ​ចង់​លុបលាង​នូវ​ប្រវត្តិសាស្ត្រ​ដ៏​អាម៉ាស់​ នៃ​ជិះជាន់​ដោយ​​បរទេស​កាល​ពី​ ១០០-២០០ឆ្នាំ​មុន។

«យើង​ដាច់​ខាត​នឹង​មិន​អនុញ្ញាត​ឱ្យ​កម្លាំង​បរទេស​មក​ជិះជាន់ មើលងាយ យើង​ទៀត​ឡើយ។ នរណា​ក៏​ដោយ​ ដែល​ព្យាយាម​ធ្វើ​បែប​នេះ នឹង​ត្រូវ​បំបែក​ក្បាល​ច្រាប​ឈាម​នឹង​មហា​កំពែង​ដែក​ថែប ដែល​កសាង​ឡើង​ដោយ​ប្រជាជន​ចិន ១,៤ពាន់​លាន​នាក់»។ នេះ​ជា​ការ​ថ្លែង​របស់​លោក ស៊ី អំឡុង​ពេល​ពិធី​គម្រប់​ខួប ១០០ឆ្នាំ​នៃ​គណបក្ស​កុម្មុយនិស្ត​ចិន។

យ៉ាងណាមិញ នៅ​ក្នុងកិច្ចការ​ផ្ទៃ​ក្នុង​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​យុគសម័យ​ថ្មី​របស់​លោក ស៊ី ជីនភីង ​នេះ កំពុង​តែ​ប្រាស​ចាក​ឆ្ងាយ​ពី​គន្លង​របស់​ផ្នត់​គំនិត​កំណែ​ទម្រង់​របស់​លោក តេង ស៊ាវភីង ហើយ​ងាក​ទៅ​រក​លទ្ធិ​បុគ្គល​និយម​របស់​លោក​ប្រធាន ម៉ៅ សេទុង​ ទៅ​វិញ​។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​អ្នក​វិភាគ​មួយ​ចំនួន។

លោក ស៊ី ឡើង​កាន់​តំណែង​កាល​ពី​ឆ្នាំ២០១២។ តាម​ពិត​ទៅ​ លោក​មាន​ខ្សែស្រឡាយ​ជា​មន្ត្រី​ជាន់​ខ្ពស់ ដោយ​ឪពុក​របស់​លោកជា​អ្នក​បដិវត្តន៍​បក្ស​កុម្មុយនិស្ត​ចិន​ជំនាន់​ដំបូង​ៗ ហើយ​ក៏​ជា​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​រដ្ឋ​ចិន​ផង​ដែរ។

នៅ​ពេល​​លោក ស៊ី ក្លាយ​ជា​មេដឹកនាំ​កំពូល​ចិន​នៅ​អាណត្តិ​ទី១ លោក​បាន​ចាប់​អនុវត្ត​នូវ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ជា​សកម្មភាព​មួយ ដើម្បី​ត​ភ្ជាប់​រដ្ឋាភិបាល​កណ្ដាល និង​ប្រជាជន​តាម​មូលដ្ឋាន​ឡើង​វិញ។ គិត​មក​ទល់​ពេល​នេះ មន្ត្រី​ជាន់​ខ្ពស់​ចំនួន ៣៩២​រូប និង​សមាជិក​គណបក្ស​កុម្មុយនិស្ត​រាប់​លាន​នាក់​ជាប់​ក្រោម​ការ​ស៊ើបអង្កេត​ករណី​អំពើ​ពុករលួយ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ CNN។ យ៉ាងណាមិញ បើ​មើល​ពី​មួយ​ជ្រុង​ទៀត មន្ត្រី​ដែល​ជាប់​ក្រោម​ការ​ចោទ​ប្រកាន់​បទ​ល្មើស​អំពើ​ពុក​រលួយ ក៏​ជា​សត្រូវ​នយោបាយ​របស់​លោក​ផង​ដែរ។

ក្រៅ​ពី​រឿង​បង្ក្រាប​អំពើ​ពុករលួយរចនាសម្ព័ន្ធ​នៅ​ក្នុង​ការ​ដឹកនាំ​រដ្ឋ​ចិន​មាន​ការ​ប្រែប្រួល​ ដោយ​លោក ស៊ី បង្កើត​ «ក្រុម​ការងារ​ដឹកនាំ​មជ្ឈិម» ជាច្រើន ដែល​ត្រួត​ពិនិត្យ​លើ​ការងារ​អនុវត្ត​គោលនយោបាយ​នានា​តាំង​ពី​កំណែ​ទម្រង់​យោធា ហិរញ្ញវត្ថុ និង​កិច្ចការ​បរទេស។ គេ​មើល​ឃើញ​ថា លោក ស៊ី ជីនភីង ដឹកនាំ​ក្រុមការងារ​នេះ​ដោយ​ផ្ទាល់ ហើយ​អ្នក​ស្មោះស្ម័គ្រ​នឹង​លោក​បាន​កាន់កាប់​តំណែង​សំខាន់ៗ​នៅ​ក្នុង​នោះ​ដែរ។

បើ​តាម​ការ​យល់​ឃើញ​របស់​លោកស្រី Cai Xia អតីត​សាស្ត្រាចារ្យ​នៅ​សាលា​បង្រៀន​មន្ត្រី​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ឱ្យ​ដឹង​ថា «ក្រុម​ដឹកនាំ​ទាំង​នេះ​តាម​ពិត​ទៅ បាន​ធ្វើ​ការ​តាម​យន្តការ និង​ស្ថាប័ន​ដែល​មាន​ស្រាប់​នៅ​ក្នុង​បក្ស និង​ក្នុង​រដ្ឋាភិបាល»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​ស្ត្រី ដែល​រិះគន់​ប្រព័ន្ធ​នយោបាយ​បក្ស​កុម្មុយនិស្ត​ចិន​ ដែល​ពេល​នេះ​និរទេស​នៅ​ក្រៅ​ប្រទេស​ប្រាប់​សារព័ត៌មាន CNN។

ជំហាន​នយោបាយ​ដ៏​ធំ​មួយ​របស់​លោក ស៊ី ជីនភីង គឺ​លោក​បាន​លុប​ការ​កំណត់​អាណត្តិ​ដឹកនាំ​របស់​ប្រធានាធិបតី អគ្គលេខាធិការ​បក្ស​ និង​គណៈកម្មការ​យោធា​មជ្ឈិម នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ចិន​កាល​ពី​ឆ្នាំ២០១៨។ តំណែង​ទាំង ៣ នេះ​ជា​ប្រពៃណី​ស្ថិត​ក្រោម​មនុស្ស​តែ​ម្នាក់ តែ​ចាប់​ពី​ជំនាន់​លោក តេង ស៊ាវភីង មក ត្រូវ​បាន​កំណត់​ឱ្យ​កាន់​ដោយ​បុគ្គល​ផ្សេង​គ្នា​ត្រឹម​ពីរ​ ២ អាណ្ណត្តិ ដើម្បី​ទប់ស្កាត់​ការ​រំលោភ​អំណាច​ណា​មួយ​របស់​មេដឹកនាំ។

មួយ​វិញ​ទៀត ជា​ប្រពៃណី​ តែ​មិន​ចារ​ក្នុង​ច្បាប់​ មេដឹកនាំ​ចិន​នីមួយៗ​តែងតែ​ប្រសិទ្ធិនាម​អ្នក​បន្ត​វេន បន្ទាប់​ពី​បញ្ចប់​អាណត្តិ​ទី១ ហើយ​លាលែង​ពី​តំណែង​នៅ​អាយុ ៦៨ឆ្នាំ ឬ ក្នុង​វ័យ​ចំណាស់​ជាង​នេះ​បន្តិចបន្តួច​នៅ​ពេល​មហាសន្និបាត​បក្ស ដែល​ធ្វើ​ឡើង​ក្នុង​ ៥ ឆ្នាំ​ម្ដង។ លោក ស៊ី ជីនភីង មិន​ទាន់​ធ្វើ​ទាំង​អស់​ គិត​មក​ទល់​ពេល​នេះ។

អ្នក​វិភាគ​ជា​ច្រើន​យល់​ថា ការ​ប្រាសចាក​ពី​ទម្លាប់​ផ្ទេរ​តំណែង​ដោយ​សន្តិវិធី​បែប​នេះ អាច​ធ្វើ​ឱ្យ​មាន «បញ្ហា​អ្នក​ស្នង​តំណែង» ដែល​បណ្ដាល​ឱ្យ​មាន​​ភាព​មិន​ប្រាកដប្រជា​នា​ពេល​អនាគត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គណបក្ស​កុម្មុយនិស្ត​ចិន​ទំនង​ជា​មិន​ទាន់​មាន​បញ្ហា​ភ្លាម​ៗ​អំឡុង​ពេល​លោក ស៊ី នៅ​កាន់​តំណែងនោះទេ។ មូលហេតុ​ចម្បង​នោះ​គឺ អំណាច​ក្នុង​បក្ស​របស់​លោក​នៅ​ក្ដាប់​ជាប់​ ខណៈ​វាជាសមត្ថភាព​ដឹកនាំ​របស់​លោក​ពិត​ ហើយ​មិន​អាច​ប្រកែក​បាន​ថា ធ្វើ​ឱ្យ​ចិន​រីក​ចម្រើន​ជាង​ពេល​ណាៗ​ទាំង​អស់ ចាប់​តាំង​ពី​ការ​កកើត​នៃ​របប​ចិន​ប្រជាមានិត​នៅ​ឆ្នាំ១៩៤៩​មក។

យ៉ាងណាមិញ បញ្ហា​ធំៗ​ជា​ច្រើន​នឹង​អាច​កើត​ឡើងសម្រាប់​ជំនាន់​ក្រោយ​ពី លោក​ ស៊ី ជីនភីង។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​អ្នក​តាម​ដាន​នយោបាយ​ចិន​មួយ​ចំនួន។​

នៅ​ឆ្នាំ២០២២ ខាង​មុខ​នេះ គណបក្ស​កុម្មុយនិស្ត​ចិន​នឹង​រៀបចំ​មហាសន្និបាត​គណបក្ស​លើក​ទី២០ ដែល​ក្នុង​មហាសន្និបាត​នេះ គេ​នឹង​សង្កេត​មើលពី​ការ​ផ្លាស់​ប្ដូរ​តំណែង​ធំ​ៗ​មួយ​ចំនួន​នៅ​ក្នុង​បក្ស​ ក៏​ដូច​ជា​រដ្ឋាភិបាល​ចិន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី ទទួលបានសមតុល្យប្រាក់បញ្ញើសរុបជាង ១.000លានដុល្លារអាមេរិកគិតត្រឹមត្រីមាសទី៤​ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/01/2025

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ឈានមុខគេនៅ ព្រះរាជាណាចក្រកម្ពុជា​ ដែលទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០១៥។

ក្រុមហ៊ុនធុរកិច្ចថ្មីចំនួន៥លើវិស័យយោធា ដែលកំពុងលេចមុខមាត់ខ្លាំងនៅអាមេរិកសម្រាប់ឆ្នាំ២០២៥នេះ

ជំនួញ, ព្រឹត្តិការណ៍

• 16/01/2025

បច្ចុប្បន្នធុរកិច្ចថ្មីសម្រាប់វិស័យយោធានៅអាមេរិកសរុបមានប្រមាណជា ៥៥៦ ក្រុមហ៊ុនមកហើយប៉ុន្តែក្នុងនោះមានប្រមាណជា ៣០០ជាងប៉ុណ្ណោះដែលទទួលបានទុនវិនិយោគ

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ ក្រោយរដ្ឋាភិបាលថៃអនុម័តឲ្យមានច្បាប់កាស៊ីណូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

សាជីវកម្មចម្រុះជាតិសាសន៍ចំនួន ៦ ចង់វិនិយោគក្នុងប្រទេសថៃ បន្ទាប់ពីរដ្ឋាភិបាលថៃអនុម័តសេចក្តីព្រាងច្បាប់អនុញ្ញាតឲ្យមានអាជីវកម្មកាស៊ីណូស្របច្បាប់

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/01/2025

បទពិសោធន៍ជួបវិបត្តិធ្ងន់ធ្ងរចំនួន២ដង ក្នុងរយៈពេល២០ឆ្នាំ ធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពចាស់ទុំ និងអាចដោះស្រាយបញ្ហាបាន​នាពេលអនាគត

ម៉ាឡេស៊ី ចង់ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងថាមពល ដើម្បីទាក់ទាញការវិនិយោគទំហំរាប់រយពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/01/2025

ម៉ាឡេស៊ី បច្ចុប្បន្នគឺជាប្រទេសដែលជាទទួលបន្ទុកកិច្ចការងារធ្វើតេស្ត និងវេចខ្ចប់ផលិតផលបន្ទះឈីបរបស់ពិភពលោក ឬប្រមាណជា ១៣ភាគរយនៃទីផ្សារសរុប

ធុរជនកម្ពុជា មានឱកាសបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួននៅពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេសចិនលើកទី១៣៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/01/2025

ធុរជនកម្ពុជា នឹងមានឱកាសបង្ហាញផលិតផល និងសេវាកម្មនៅក្នុងពិព័រណ៍ផលិតផលនាំចេញ-នាំចូលប្រទេស​ចិនលើកទី១៣៧ ដើម្បីពង្រឹងភាពជាដៃគូពាណិជ្ជកម្ម លើកកម្ពស់ឱកាសអាជីវកម្ម

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ឥលូវនេះ ប្រជាពលរដ្ឋអាចទទួលសេវាផ្សេងៗតាមតម្រូវការរបស់ខ្លួនតាមរយៈប្រព័ន្ធអនឡាញពីក្រសួងរៀបចំដែនដី

ដើមខែមករា ឆ្នាំ២០២៥ គម្រោងវិនិយោគចំនួន ១៧គម្រោង មានតម្លៃសរុប ១៥០លានដុល្លារ កំពុងស្នើចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2025

គម្រោងវិនិយោគចំនួន១៧គម្រោងដែលមានតម្លៃ១៥០លានដុល្លារអាម៉េរិក កំពុងស្នើចុះបញ្ជីគម្រោងវិនិយោគពីគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា

ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម និង​សំណង់ ​រៀបចំ​សិក្ខាសាលា​ពីសេវា​សាធារណៈអនឡាញ​​ ដើម្បី​ជំរុញការ​ប្រើប្រាស់​ឱ្យកាន់តែទូលាយ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2025

ក្នុងគោលបំណងជំរុញការ​ប្រើប្រាស់​នូវ​សេវាសាធារណអនឡាញ​របស់ក្រសួង​រៀបចំដែនដី​កាន់តែទូលំទូលាយក្រសួង​បានរៀបចំសិក្ខាសាលាមួយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥​