បរទេស ៖បច្ចុប្បន្នអាហារធ្វើពីសាច់សត្វបូករួមទាំងសាច់គោ ជ្រូក មាន់ ឬទា ជាដើម កំពុងតែដើរតួយ៉ាងសំខាន់នៅក្នុងអាហារប្រចាំថ្ងៃរបស់មនុស្សរាប់ពាន់លាននាក់នៅលើសកលលោក។
ដោយសារតែមើលឃើញពីតម្រូវការអាហារប្រភេទនេះកើនឡើងខ្លាំង គួបផ្សំនឹងក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានព្រមានថាផលិតកម្មផលិតសាច់ជាអាហារបច្ចុប្បន្នកំពុងធ្វើឲ្យមានផលប៉ះពាល់ខ្លាំងទៅដល់បរិស្ថាននោះ បច្ចុប្បន្ននេះក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមរបស់ប្រទេសហ្វាំងឡង់បានស្រាវជ្រាវ និងរកឃើញពីវិធីសាស្ត្រម្យ៉ាងដែលអាចផលិតចេញជាអាហារធម្មជាតិម្យ៉ាង មានប្រូតេអ៊ីនស្មើនឹងសាច់សត្វដែរ ដោយគ្រាន់តែប្រើប្រាស់ធនធានដ៏តិចតួច និងសន្សំសំចៃបំផុតដល់ពិភពលោកផងដែរ។
វិធីដែលក្រុមអ្នកវិទ្យាសាស្ត្រយកធ្វើជាមូលដ្ឋានគ្រឹះតាមរយៈការទាញយកមីក្រូសរីរាង្គរាវ ឬ Liquid Microrganisms ចេញពីក្នុងដីទៅបញ្ចូលរួមគ្នាជាមួយនឹងឧស្ម័នកាបូនឌីអុកស៊ីត (CO2) ព្រមទាំងអ៊ីដ្រូសែន និងសារធាតុចិញ្ចឹម (nutrients) មួយចំនួនទៀត ដែលវានឹងអនុញ្ញាតឲ្យមីក្រូសរីរាង្គទាំងនោះប្រែក្លាយទៅសារជាតុប្រូតេអ៊ីនថ្មីមួយប្រភេទដែលត្រូវបានគេដាក់ឈ្មោះថា Solein អាចដើរនាទីជាអាហារជំនួសសាច់ ខុសត្រង់ថាវាគ្មានរសជាតិ គ្មានក្លិនអ្វីទាំងអស់ ប៉ុន្តែមានប្រូតេអ៊ីនច្រើនស្មើទៅនឹងកម្រិតដែលសាច់សត្វមាន។
Solein ត្រូវបានផលិតចេញជារូបរាងម្សៅ និងអាចយកទៅប្រើប្រាស់ ចម្អិនវាជាម្ហូបអាហារច្រើនប្រភេទបាន ដូចជាប្រភេទអាហារបំពងបែប Schnitzel(បន្ទះសាច់បំពង) សម្រាប់ក្រុមអ្នកមិនបរិភាគសាច់ ឬអ្នកញាំបួស ហើយអាចយកទៅជំនួសប្រេងដូងដែលមាននៅក្នុងទឹកដោះគោជូរ យកទៅជំនួសនំ Biscuit និងនំប៉ុង ឬក៏អាចយកទៅជំនួសទឹកសណ្តែកដែលជាអាហារសម្រាប់ចញ្ចឹមគោយកទឹកដោះជាដើម។
នៅពេលដែល Solein អាចយកមកប្រើប្រាស់កាន់តែច្រើន ឬក្លាយទៅជាការប្រើប្រាស់ជាប្រចាំថ្ងៃរបស់មនុស្សជាតិនោះវានឹងជួយឲ្យមានការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានជាច្រើនដូចជាកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការយកមកប្រើប្រាស់ជាអាហារជំនួសឲ្យសាច់សត្វច្រើនមុខ និងអាចកាត់បន្ថយផលិតកម្មផលិតអាហារជាសាច់ដែលកំពុងធ្វើឲ្យមានការកកើតជាឧស្ម័នកាបូនឌីអុកស៊ីតបំផ្លាញបរិយាកាសផែនដីយ៉ាងខ្លាំងនោះ កាត់បន្ថយការប្រើប្រាស់ដីផង ជាពិសេសកាត់បន្ថយការប្រើប្រាស់ទឹកស្អាតដល់ទៅ ១០ភាគរយ ធៀបទៅនឹងការផលិតទឹកសណ្តែក ។ យ៉ាងយូរនៅត្រឹមឆ្នាំ២០៣៥ ខាងមុខនេះ Solein នឹងអាចក្លាយទៅជាអាហារដែលមានតម្លៃធូរថ្លៃខ្លាំងជាងតម្លៃសាច់សត្វ ប៉ុន្តែស្ថិតនៅក្នុងកម្រិតសារជាតិចិញ្ចឹមស្មើគ្នា ខណៈដែលក្រុមហ៊ុនអ្នកផលិតគឺ Solar Foods ក៏កំពុងស្រាវជ្រាវស្វែងរកដំណើរការផលិតថ្មីដែលកាន់តែល្អប្រសើរ និងប្រើប្រាស់តែថាមពលកើតឡើងវិញប៉ុណ្ណោះនាពេលអនាគត៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ