ភ្នំពេញ ៖ ការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ត្បិតទទួលបានប្រាក់ចំណូលខ្ពស់បន្តិចក៏ពិតមែន ប៉ុន្តែត្រូវឃ្លាតឆ្ងាយស្រុកកំណើត និងឆ្ងាយពីគ្រួសារ និងមានភាពប្រថុយប្រថាន។ ដូច្នេះ សូមត្រឡប់មកមើលមុខរបរក្នុងស្រុកចំនួន៣ងាយៗអនុវត្ត ប៉ុន្តែអាចទទួលបានចំណូលគួរសម ដូចជាមុខរបរធ្វើនំប៉័ងតួគី មុខរបរចញ្ចឹមចង្រិតដែលមានទីផ្សារខ្ពស់ និងការដាំចកអាសូឡា ដែលសុទ្ធសឹងតែអាចធ្វើបាននៅជិតផ្ទះ ហើយអាចមានលទ្ធភាពផ្គត់ផ្គង់គ្រួសារបានរស់ស្រួល។
របរទី១ គឺនំប៉័ងតួគី ៖ បានជួយកែប្រែជីវភាពគ្រួសាររបស់អ្នកស្រី ប៉ែន ស្រីពៅ ឱ្យល្អប្រសើរជាងមុន ក្រោយពីត្រឡប់មកពីធ្វើកម្មករនៅក្រៅប្រទេសវិញ។ កាលពីពេលកន្លងទៅនេះ អ្នកស្រីបានបញ្ជាក់ថា ដោយសារតែមានការខ្វះខាតជីវភាព អ្នកស្រីបានទៅធ្វើការជាកម្មកររោងចក្រសាច់មាន់នៅប្រទេសថៃ។ ធ្វើជាកម្មករគេមិនស្រួលទេ ទាំងហត់ ទាំងក្ដៅ ហើយបានប្រាក់ខែប្រមាណ ៥ ០០០បាត ឬស្មើនឹងប្រមាណជាង ១៦០ដុល្លារតែប៉ុណ្ណោះ ដែលវាផ្ទុយពីបច្ចុប្បន្នដែលអាចរកកម្រៃបានគ្រាន់បើ ហើយអាចរស់នៅជួបជុំក្រុមគ្រួសារបានយ៉ាងកក់ក្ដៅ។
សព្វថ្ងៃនេះ អ្នកស្រីបានបើកតូបលក់នំប៉័ងតួគីតូចមួយដែលមានយីហោ ហេង មាន ក្រោយពីអ្នកស្រីបានរៀនចេះរូបមន្តធ្វើពីសាច់ញាតិ និងអាចរកចំណូលប្រចាំថ្ងៃគិតជាមធ្យម ៣៥ម៉ឺនរៀន។ ជាពិសេស គាត់អាចផ្គត់ផ្គង់ឱ្យកូនបានសិក្សា អាចរស់នៅជុំគ្រួសារ មិនបាច់ទៅស៊ីឈ្នួលនៅស្រុកគេទៀត ហើយក៏អាចបន្តចំណេះជំនាញទៅកាន់បងប្អូនដែលចង់រៀនបន្ត ដោយតម្លៃថ្លៃរៀនរូបមន្ត និងទិញសម្ភារៈចាំបាច់មួយចំនួន គេត្រូវចំណាយប្រមាណ ៥០០ ដុល្លារតែប៉ុណ្ណោះ ហើយអាចប្រកបអាជីវកម្មចិញ្ចឹមគ្រួសារបាន ។
របរទី២ ការចិញ្ចឹមចង្រិតខ្មៅ ៖ ចង្រិតខ្មៅ គឺជាពូជចង្រិតមួយប្រភេទងាយស្រួលចិញ្ចឹម ឆាប់បានផល មានតម្លៃល្អ និងមានទីផ្សារទូលាយ មិនខ្វះអ្នកចាំទិញ ខណៈដែលលោក យឿម ម៉ី បានចាប់យកមុខរបរចិញ្ចឹមចង្រិតខ្មៅនេះសម្រាប់ស្វែងរកចំណូលចិញ្ចឹមគ្រួសាររស់នៅស្រុកបវេល ខេត្តបាត់ដំបង។ លោកបានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ ទីផ្សារចង្រិតខ្មៅគឺមានភាពទូលំទូលាយងាយស្រួលលក់ ពោលគឺបន្ទាប់ពីចិញ្ចឹមហើយ លក់ដាច់អស់ៗត្រឹមមួយ ឬពីរថ្ងៃប៉ុណ្ណោះ ហើយអាចរស់នៅជិតក្រុមគ្រួសារទៀតផង។
បច្ចុប្បន្ន លោកមានធុងចំនួន ១០ និងអាងចំនួន២ ដែលអាចផ្ដល់ផលប្រមាណ ២០០គីឡូក្រាមក្រោយពីការចិញ្ចឹម រយៈ ពេល ៧ទៅ៨សប្ដាហ៍។ ក្រោយការចិញ្ចឹម លោកចំណាយពេលត្រឹមមួយថ្ងៃប៉ុណ្ណោះសម្រាប់ការលក់ ដោយទទួលបានតម្លៃ ១០ ៥០០រៀលក្នុងមួយគីឡូក្រាម។ ក្រៅពីចិញ្ចឹម ឱ្យធំសម្រាប់ចាប់លក់ ចង្រិតប្រភេទនេះក៏អាចផ្ដល់ផលជាពូជសម្រាប់លក់បន្តផងដែរ ដោយគេអាចលក់ពងចង្រិតខ្មៅគិតជាចាន ក្នុង១ចានមានតម្លៃ ២ ០០០ – ៣ ០០០រៀលដែរ។
ពាក់ព័ន្ធទៅនឹងការចិញ្ចឹម លោក យឿម ម៉ី បានបញ្ជាក់ឲ្យដឹងថា លោកបានទៅរៀនបច្ចេកទេសចិញ្ចឹមប្រមាណមួយសប្ដាហ៍។ រយៈពេលចិញ្ចឹមចង្រិត គឺត្រូវការរយៈពេលចន្លោះពី ៤០-៦០ ថ្ងៃ ហើយគេប្រើចំណីធម្មជាតិ ដូចជា ស្លឹកឈើ ស្មៅ បន្លែ និងកាកបាយជាដើម។ ដោយឡែក ចំពោះកត្តាប្រឈមបញ្ហាភាគច្រើនគឺទាក់ទងនឹងការផ្ដល់ចំណី ការភ្ញាស់ពង ជាពិសេសគឺកត្តាអាកាសធាតុ ដែល ទាមទារឱ្យមានការយកចិត្តទុកដាក់ក្នុងការរៀបសំបុកទៅតាមរដូវកាល។
ជាមួយគ្នានេះ លោកសូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកចំណាកស្រុក គួរងាកមកចាប់អាជីពជាអ្នកចិញ្ចឹម សត្វចង្រិតខ្មៅដែលអាចទទួលបានចំណូលគួរសម អាចរស់នៅជួបជុំជាមួយក្រុមគ្រួសារ និងមិនប្រថុយប្រថានសុវត្ថិភាពនៅប្រទេសគេនោះទេ។
របរទី៣ ការដាំចកសម្រាប់ចំណីសត្វ ៖ អាសូឡា(Azolla) ជាប្រភេទចកម្យ៉ាង ដែលអាចធ្វើជាចំណីសត្វច្រើនប្រភេទ រួមទាំងគោ ក្របី មាន់ ទា ជ្រូក ជាដើមបានយ៉ាងប្រសើរ មានសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ ងាយស្រួលដាំ និងមានទីផ្សារល្អ ដែលប្រកសិករខ្មែរគួរតែងាកមកសាកល្បងដាំសម្រាប់ការផ្គត់ផ្គង់ជាចំណីសត្វចិញ្ចឹមប្រចាំគ្រួសារ ក៏ដូចជាលក់ចេញទៅលើទីផ្សារក្នុងស្រុកសម្រាប់កសិដ្ឋានចិញ្ចឹមនានា ដើម្បីទទួលបានប្រាក់ចំណូលប្រចាំថ្ងៃ។
បច្ចុប្បន្នេះ លោក និល សំរ៉េត ជាម្ចាស់កសិដ្ឋានបណ្តុះ និងដាំរុក្ខជាតិចកប្រភេទអាសូឡាខ្នាតតូចមួយនៅស្រុកព្រៃកប្បាស ខេត្តតាកែវ បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា លោកបានចាប់យកមុខរបរជាអ្នកដាំចកអាសូឡា ដោយសារវាងាយស្រួលដាំ និងល្អសម្រាប់ឱ្យសត្វស៊ី ហើយសល់ពីធ្វើចំណីសត្វដែលចិញ្ចឹមនៅផ្ទះ ក៏អាចលក់ទៅឲ្យកសិករដទៃទៀតដែលចិញ្ចឹមសត្វទាំងនៅក្នុងតំបន់ ក្នុងខេត្ត និងផ្ញើទៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។ លោកមានអាងដាំចកអាសូឡាចំនួន ៣ មានទំហំ ៣×១០ ម៉ែត្រដែលជាធម្មតាលោកអាចលក់បានប្រមាណ ៤០-៥០ គីឡូក្រាមជារៀងរាល់ថ្ងៃ ដោយក្នុងតម្លៃ ៥ ០០០ ទៅ ៧ ០០០ រៀលក្នុង ១គីឡូក្រាម។
ដោយឡែកទាក់ទងទៅនឹងការថែទាំគឺកាន់តែងាយស្រួលបំផុត ពុំសូវមានបញ្ហាអ្វីឡើយ ដោយគ្រាន់តែត្រូវការធ្ចើស្រះរាក់ល្មម ទឹក ជីលាមកសត្វ និងកូនអាសូឡា។ ការដាំនេះត្រូវការយៈពេលត្រឹមមួយសប្ដាហ៍ ឬយ៉ាងយូរ១០ថ្ងៃ គឺអាចដងយកអាសូឡាឱ្យសត្វស៊ីបាន ហើយវានឹងដុះជាបន្តបន្ទាប់មិនងាយអស់នោះឡើយ។
ក្រោយពីបានអាន និងដឹងពីគុណប្រយោជន៍មុខរបរទាំង៣ខាងលើនេះ បងប្អូនអាចងាកមកសាកល្បងជាមួយមុខរបរងាយៗក្នុងស្រុកទាំងនេះដែលអាចទទួលបានចំណូលពីការខិតខំគួរសម ហើយសុទ្ធតែជាមុខរបរអាចធ្វើបាននៅផ្ទះ ជិតគ្រួសារ ហើយអាចផ្គត់ផ្គង់កូនរៀនសូត្រ ពិសេសមិនបាច់ប្រថុយប្រថានសុវត្ថិភាពក្នុងការធ្វើចំណាកស្រុកនោះទៀតទេ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ