ដោយសារបញ្ហានៃការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យជំនួញមួយចំនួនធំជួបនូវបញ្ហា ឬរហូតដល់ក្ស័យធនក៏មាន។ ផ្ទុយទៅវិញ វាក៏ជាពេលដែលមនុស្សអាចសម្ងំស្រាវជ្រាវ រិះរកវិធី ក៏ដូចជាប្រើប្រាស់ចំណេះជំនាញរបស់ខ្លួនក្នុងការស្វែងរកអ្វីថ្មីៗពិសេសគឺប្រើប្រាស់នូវធនធានដែលមានស្រាប់។
លោក ស៊្រន់ ហ៊ាត ជាម្ចាស់ Model Angkor Resort និងជាស្ថាបនិកម្នាក់របស់ផលិតផលទឹកជ្រលក់ស្ទេកដែលគេហៅថា Steak Sauce បានមានប្រសាសន៍ថា ៖
« មួយរយៈពេលរាំងខ្ទប់នេះបានបង្រៀនយើងច្រើនណាស់ក្នុងការរៀបចំផែនការ ក៏ដូចជាយកជំនាញរបស់ខ្លួនមកអភិវឌ្ឍថាតើយើងអាចធ្វើអ្វីបាន។ ក្នុងពេលនេះយើងយកជំនាញជាដើមទុន ហើយគិតថាយើងអាចធ្វើអ្វីចំពោះជំនាញរបស់យើងបាន?»
ក្នុងកំឡុងនៃការបិទខ្ទប់ធ្វើឱ្យជំនួញផ្នែកសណ្ឋាគាររបស់លោកបានជួបការរាំងស្ទះ ណាមួយលោកធ្លាប់ធ្វើការងារផ្នែកអាហារ និងភេសជ្ជៈជាច្រើនឆ្នាំទៀតនោះ លោក និងមេចុងភៅក៏បានច្នៃនូវសម្ភារដែលមានស្រាប់ដូចជាចង្ក្រានដុត ផលិតនូវទឹកជ្រលក់ស្ទេកដែលមានឈ្មោះថា មីស្ទ័រស្នេក( Mr. Snack) តាំងពីខែខែមិថុនាមកម្ល៉េះ ក្នុងក្ដីសង្ឃឹមថាអាចមានអ្វីដែលប្លែក ល្អ និងមានប្រយោជន៍។
លោកបានបញ្ជាក់ផងដែរ ថា ៖
« ខ្ញុំបង្កើត steak sauce នេះដោយសារខ្ញុំចូលចិត្តហូបស្ទេក ហើយពេលខ្ញុំចង់ហូបម្ដងៗគឺពិបាករកទឹកជ្រលក់ ព្រោះទឹកជ្រលក់តែមួយកូនចានត្រូវចំណាយពេល ២-៣ថ្ងៃទើបផលិតបាន ចុះសម្រាប់អ្នកចូលចិត្តហូបស្ទេកដូចជាខ្ញុំគឺពិបាកណាស់ ហើយភោជនីយដ្ឋានក៏ដូចជាសណ្ឋាគារក៏បិទអស់ទៀត»
ហេតុនេះទើបគាត់បានធ្វើនូវទឹកជ្រលក់ស្ទេកនេះ ដែលដើមឡើយគាត់គ្រាន់តែធ្វើសាកឱ្យមិត្តភក្ដិ បងប្អូនជួយសាក និងបញ្ចេញយោបល់។ ជាលទ្ធផល ទឹកជ្រលក់នេះក៏ទទួលបានការពេញចិត្ត និងសរសើរគ្រប់ៗគ្នា ទើបគាត់ និងមេចុងភៅសហការគ្នាផលិតទឹលជ្រលក់មីស្ទ័រស្នេកនេះឡើង ដោយបានធ្វើការតេស្តសាកល្បងហើយសាកល្បងទៀតទម្រាំចេញជាផលិតផលសម្រេចបាន។
ទឹកជ្រលក់ស្ទេក ឬក៏ Steak Sauce យីហោមីស្ទ័រស្នេកនេះមាន៣ប្រភេទគឺ ទឹកជ្រលករស់ជាតិម្រេចខ្ចី ទឹកជ្រលក់រសជាតិស្រាក្រហម និងទឹកជ្រលក់រសជាតិរូសមេរី ដែលត្រូវបានផលិត និងវេចខ្ចប់ប្រកបដោយអនាម័យ រសជាតិ និងសុវត្ថិភាពដើម្បីបំពេញតម្រូវការជាពិសេសអ្នកដែលចូលចិត្តបរិភោគស្ទេកទាំងឡាយ។ ចំពោះចំណុះវិញ ក្នុងមួយដបទឹកជ្រលក់នេះមានចំណុះ ២០០ក្រាម និងមានតម្លៃ ៣,៥ដុល្លារ និងអាចរក្សាទុកបានរយៈពេល ៣ខែ។
ចំពោះទំហំផលិត លោកបន្តទៀតថា លោកផលិតទៅតាមតម្រូវការអតិថិជនពុំទាន់ធំដំនៅឡើយទេ ដែលអាចផលិតបាន ១០០ក្រឡក្នុង ១ថ្ងៃ ដែលត្រូវបានចែកចាយនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។
លោកបន្តទៀតថា ការចែកចាយនេះក៏ត្រូវមើលទៅតាមបរិបទ និងតំបន់ផងដែរថា តើគាត់ចេះហូបទឹកជ្រលក់ប្រភេទនេះ ឬក៏ចេះរបៀបហូបស្ទេក ឬអត់ ព្រោះបងប្អូនប្រជាជនខ្មែរមិនមែននិយមហូបស្ទេកទាំងអស់នោះទេ។
ទាក់ទងទៅនឹងការផលិត យើងត្រូវការគ្រឿងផ្សំច្រើន និងចង្ក្រានដុតត្រឹមត្រូវទើបអាចផលិតទឹកជ្រលក់មួយដែលមានរសជាតិឆ្ងាញ់។ គ្រឿងផ្សំរួមមានឆ្អឹងគោ បន្លែដូចជាការ៉ុត ខ្ទឹមបារាំង យកទៅដុត រំងាស់ និងលាយគ្រឿងដែលត្រូវប្រើរយៈពេលប្រមាណ ១២ម៉ោង បន្ទាប់មកគេច្រោះ យកកាកមកកិន លាយគ្រឿងតាមប្រភេទ ទើបវេចខ្ចប់ដាក់ដប។ ទម្រំតែចេញជាទឹកជ្រលក់ 1ដបនេះគេត្រូវចំណាយពេលប្រមាណពីរថ្ងៃទើបរូចរាល់។ នេះជាអ្វីដែលស្ថាបនិកខាងលើបានរៀបរាប់ប្រាប់។ ក្រៅពីទឹកជ្រលក់ស្ទេក មីស្ទ័រស្នេក ក៏មានទឹកជ្រលក់សម្រាប់ហូបជាមួយសាឡាដ៣មុខផ្សេងទៀតផងដែរ។ ទៅថ្ងៃមុខ លោកក៏មានមានគម្រោងពង្រីកជាសិប្បកម្មដែលមានការទទួលស្គាល់ជាទូទៅនិងគិតគូរពីសុខភាពដល់អតិថិជនជាអ្នកប្រើប្រាស់។ ចុងក្រោយ លោកក៏សូមឱ្យប្រជាជនខ្មែរងាកមកប្រើប្រាស់ក៏ដូចជាគាំទ្រផលិតផលខ្មែរដែលជាផ្នែកមួយជួយដល់ចរន្តសេដ្ឋកិច្ច៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។