ភ្នំពេញ ៖ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រុមហ៊ុន Smart Axiata តាមរយៈមូលនិធិការកសាងសមត្ថភាព និងការស្រាវជ្រាវ ការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (មូលនិធិស.អ.) បានប្រកាសពីការបើកទទួលពាក្យចុះឈ្មោះប្រកួតប្រជែងស្នាដៃច្នៃប្រឌិតឌីជីថលក្នុងកម្មវិធីពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០២១ (CICTA21) ដើម្បីទទួលពានរង្វាន់ល្អបំផុតប្រចាំឆ្នាំថ្នាក់ជាតិនៅកម្ពុជាចាប់ពីថ្ងៃនេះតទៅ។
លោកបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាបានបញ្ជាក់ថា ៖ តាមរយៈកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រសួងស្ថាប័ន ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល សហគ្រិន និងធុរកិច្ចថ្មីឌីជីថល ដែលបង្កើតស្នាដៃ និងសមិទ្ធផលបច្ចេកវិទ្យាឌីជីថល នឹងទទួលបានការទទួលស្គាល់កម្រិតថ្នាក់ជាតិ ដែលនឹងក្លាយជាកត្តាជំរុញយ៉ាងសំខាន់ដល់យុវជនកម្ពុជា ក្នុងការចាប់យកការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ការសិក្សាស្រាវជ្រាវ និងបង្កើតនូវសេវា ឬផលិតផលឌីជីថល ជាមួយគំនិតនវានុវត្តន៍ថ្មី ដើម្បីជំរុញដល់ការអភិវឌ្ឍបច្ចេកវិទ្យា ឌីជីថល និងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។
កម្មវិធី CICTA21 ត្រូវបានរៀបចំឡើងដោយមានការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Smart Axiata ដោយប្រើប្រាស់ថវិកា មូលនិធិ ស.អ. ក្នុងការកសាងធនធានសមត្ថភាពលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យា គមនាគមន៍។ ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល សហគ្រិន ឬធុរកិច្ចថ្មីឌីជីថល នឹងទទួលបានទឹកប្រាក់ចំនួន ២ ០០០ ដុល្លារសម្រាប់ពានរង្វាន់នីមួយៗពីកម្មវិធី។
លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត អាស្យាតា បានថ្លែងថា ៖ នៅក្រុមហ៊ុន ស្មាត បានធ្វើការភ្ជាប់ទំនាក់ទំនងរបស់អតិថិជន និងធ្វើឲ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើងតាមរយៈបច្ចេកវិទ្យាទូរគមនាគមន៍។ ក្នុងនាមជាក្រុមហ៊ុន ជំរុញបច្ចេកវិទ្យាឌីជីថល ពួកយើងទទឹងរង់ចាំមើល នូវពាក្យចូលរួមក្នុងកម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា ដែលបានបង្ហាញថាពិតជាមានប្រសិទ្ធិភាព និងបង្កើតឥទិ្ធពលដល់ប្រទេសជាតិ ជាពិសេសកំឡុងការជួបប្រទះវិបត្តិកូវីដ១៩បច្ចុប្បន្ននេះ។ បច្ចេកវិទ្យាបានជួយសម្រួលដល់ការពុះពារឆ្លងកាត់ការរាតត្បាតនេះកន្លងមក។ វាបានផ្លាស់ប្ដូរការរស់នៅរបស់ប្រជាជន ហើយសម្រួលផលលំបាកដែលយើងកំពុងជួបប្រទះ ដូច្នេះហើយបច្ចេកវិទ្យាជាគន្លឹះសំខាន់ណាស់ ដែលពួកយើងបានគាំទ្រ និងវិនិយោគលើបច្ចេកវិទ្យា និងការឆ្នៃប្រឌិតជាផ្នែកនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុង ប្រទេសផងដែរ។
តើអ្វីទៅជាពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា?
កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា (Cambodia ICT Awards ហៅកាត់ថា CICTA) គឺជាកម្មវិធី ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានថ្នាក់ជាតិធំជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរៀបចំតាំងពីឆ្នាំ២០១៥។ កម្មវិធីនេះ មានគោលបំណងជំរុញការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងនវានុវត្តន៍ឌីជីថលនៅកម្ពុជាតាមរយៈការផ្តល់ពានរង្វាន់ដល់ស្ថាប័ន និងសហគ្រិននូវ៖
- ការទទួលស្គាល់ (Recognition)៖ ផ្តល់ការទទួលស្គាល់ថ្នាក់ជាតិដល់សមិទិ្ធផល ស្នាដៃ ច្នៃប្រឌិត និងជោគជ័យនានា លើនវានុវត្តន៍ឌីជីថល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- ការលើកទឹកចិត្ត (Motivation)៖ ផ្តល់ការលើកទឹកចិត្តដល់ស្ថាប័នរដ្ឋ សហគ្រាស ធុរកិច្ចថ្មី អង្គការ និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការប្រើប្រាស់ បច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល
- ការលើកកម្ពស់ (Promotion)៖ លើកកម្ពស់ការយល់ដឹងពីបច្ចេកវិទ្យាឌីជីថល ក្នុងស្រទាប់សាធារណជន និងជួយកាត់បន្ថយគម្លាតឌីជីថល នៅក្នុងសហគមន៍ធុរកិច្ច និងរវាងប្រជាជនដែលរស់នៅតាមបណ្តាខេត្ត និងក្នុងទីក្រុងដែលជាកត្តារួមចំណែកក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា។
- ការផ្តល់ឱកាស (Opportunity)៖ ផ្តល់ឱកាសដើម្បីបង្ហាញនូវស្នាដៃ សមិទ្ធផលជោគជ័យនានាអំពីនវានុវត្តន៍ឌីជីថល ជាមួយនឹងឱកាសវិនិយោគ និងដើម្បីក្លាយជាតំណាងរបស់កម្ពុជាក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ថ្នាក់តំបន់ និងសកល។
ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល អាចដាក់ពាក្យចូលជាបេក្ខភាពពានរង្វាន់ Cambodia ICT Awards 2021 ដែលមាន ពានរង្វាន់ចំនួន ៦ ប្រភេទដូចខាងក្រោម៖
- សេវារដ្ឋាភិបាលឌីជីថល ល្អបំផុតប្រចាំឆ្នាំ (Best Digital Government Service of the Year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ «ក្រសួង-ស្ថាប័នរដ្ឋ» ដែលបានអភិវឌ្ឍដោយប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល សម្រាប់ជាមធ្យោបាយក្នុងការផ្តល់សេវាសាធារណៈ ក្នុងគោលដៅពង្រឹង ប្រសិទ្ធភាពនៃការផ្តល់សេវា សាធារណៈ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងសាធារណជន។
- ស្ថាប័ននវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Innovation Organization of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុនឬស្ថាប័ន ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពអាជីវកម្មឬសហគ្រាសរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ដោយផ្គត់ផ្គង់នូវផលិតផល និងសេវាកម្មថ្មីៗ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ ។
- បច្ចេកវិទ្យានវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ (Best Social Innovation Technology of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុនឬស្ថាប័ន ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើផលប្រយោជន៍ដល់សង្គម និងរួមចំណែកអភិវឌ្ឍន៍ដល់សេដ្ឋកិច្ចរបស់សហគ្រាសសង្គម ។
- មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ក្រុមហ៊ុនឯកជន ឬអង្គការក្រៅរដ្ឋាភិបាល ដែលបានច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតជាមាតិកាឌីជីថលផ្សេងៗ ដូចជា វីដេអូ ហ្គេម មេរៀន ឯកសារជាសម្លេង។ល។ ដែលអាចរួមចំណែកលើកកម្ពស់ការផ្តល់នូវចំណេះដឹង ការកំសាន្ត និងដោះស្រាយបញ្ហាផ្សេងៗរបស់ប្រជាពលរដ្ឋ សាធារណជន និងសង្គម។
- ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital R&D of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ ក្រុមហ៊ុន ឬស្ថាប័ន ដែលមានស្នាដៃក្នុងការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ដូចជាការរកឃើញរូបមន្តថ្មី វិធីសាស្ត្រថ្មី វិធានថ្មី ការបង្កើតថ្មី។ល។
- ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Startup of the year) សំដៅលើផលិតផល សេវាកម្ម ឬស្នាដៃរបស់ធុរកិច្ចថ្មីឌីជីថលដែលមានអាយុមិនលើសពី៣ឆ្នាំដោយរាប់ចាប់ពីថ្ងៃចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ។ ធុរកិច្ចថ្មីឌីជីថលត្រូវតែជាក្រុមហ៊ុន ដែលបានបង្កើតសមិទ្ធិផលថ្មី ជាមួយគំនិតនវានុវត្តន៍ថ្មី ដោយប្រើបច្ចេកវិទ្យាឌីជីថល។
តើនរណាខ្លះអាចចូលរួមបាន?
លក្ខខណ្ឌនៃការចូលរួម៖
- ជាក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុន ឬអង្គការ ដែលបានចុះបញ្ជី និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ស្របទៅតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា
- ម្ចាស់ក្រុមហ៊ុន ត្រូវមានសញ្ជាតិខ្មែរ ឬមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា
- ផលិតផល ត្រូវតែមានកម្មសិទ្ធិបញ្ញា ដោយក្រុមហ៊ុនឬស្ថាប័នសាមីផ្ទាល់ និងអភិវឌ្ឍន៍ ឬបង្កើតឡើងដោយប្រើប្រាស់ធនធានយ៉ាងហោចណាស់៥១ភាគរយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- សម្រាប់ធុរកិច្ចថ្មីឌីជីថល (Digital Startups) ត្រូវមានអាយុមិនលើសពី ៣ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការ
- ក្រុមហ៊ុនដែលក្ស័យធន មិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកម្មវិធីនេះបានឡើយ
ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល សហគ្រិន ឬធុរកិច្ចថ្មីឌីជីថល ដែលត្រូវនឹងលក្ខខណ្ឌដូចខាងលើ និងមានបំណងចូលរួម ប្រកួតប្រជែងកម្មវិធី CICTA21 អាចដាក់ពាក្យ តាមរយៈ តំណរ ៖ https://bit.ly/APPLYCICTA21 រហូតដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 093-316-781 ឬអ៊ីមែល : pr@cadt.edu.kh ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ឥណ្ឌូណេស៊ី ហាមឃាត់ Apple មិនឱ្យលក់ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួន ដោយសារហេតុផលតែមួយប៉ុណ្ណោះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/01/2025
ឥឡូវនេះ ស្ថានភាពឥណ្ឌូណេស៊ី និង Apple កំពុងស្ថិតក្នុងភាពច្របូកច្របល់ពាក់ព័ន្ធនឹងការចូលទីផ្សារ និងការវិនិយោគ។ អាជ្ញាធរឥណ្ឌូនេស៊ីមិនអនុញ្ញាតឱ្យ Apple លក់ផលិតផលចុងក្រោយរបស់ខ្លួនគឺ iPhone 16 នៅក្នុងប្រទេសរបស់ខ្លួនឡើយ
មជ្ឈមណ្ឌលកីឡា ២៧១ របស់ ជីប ម៉ុង នឹងក្លាយជាកន្លែងលេងកីឡាធំជាងគេនៅកម្ពុជារួមចំណែកជួយដល់សុខភាពប្រជាជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 22/01/2025
វត្តមាននៃមជ្ឈមណ្ឌលកីឡា ២៧១ នឹងជួយលើកស្ទួយដល់វិស័យសុខភាពប្រជាជនក្នុងតំបន់នេះឱ្យ កាន់ល្អប្រសើរ ព្រមទាំងផ្តល់ភាពងាយស្រួលមួយម្រិតទៀតទៅដល់អ្នករស់នៅក្នុងគម្រោងជីប ម៉ុង លែន