ភ្នំពេញ ៖ កម្ពុជាមានបំណងជំរុញដំណើរការកសាងសហគមន៍អាស៊ាន ដោយផ្ដោតលើការសម្រេចឱ្យបាននូវគោលដៅ និងគំនិតផ្ដួចផ្ដើមសំខាន់ៗដែលបានឯកភាពរួចហើយ ក្រោមផែនការលម្អិតនៃសហគមន៍ទាំង៣របស់អាស៊ាននៅឆ្នាំ ២០២៥ ដោយក្នុងនោះរួមមានផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ ២០២៥ និងផែនការងារដំណាក់កាលទី៤នៃគំនិតផ្ដួចផ្ដើមសម្រាប់សមាហរណកម្មអាស៊ាន ។ នេះបើតាមសារលិខិតសម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអបអរសាទរទិវាអាស៊ាន០៨ ខែសីហា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖
«តាមរយៈក្របខ័ណ្ឌអាស៊ាន យើងមានលទ្ធភាពពង្រីកជាអតិបរមានៅកាលានុវត្តភាព ដើម្បីបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងដៃគូខាងក្រៅទូទាំងសាកលលោក ក្នុងបុព្វហេតុលើកកម្ពស់សន្តិភាពយូរអង្វែង សន្តិសុខ វិបុលភាព និងការអភិវឌ្ឍជាតិលើគ្រប់ទិដ្ឋភាព។ នៅក្នុងបរិបទនេះហើយដែលមិនដល់ប្រាំខែទៀតទេកម្ពុជានឹងទទួលតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានជាលើកទីបីចាប់តាំងពីបានចូលរួមក្នុងសមាគមនេះតាំងពីឆ្នាំ១៩៩៩»
សម្តេចបានលើកឡើងថា សម្រាប់ការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ កម្ពុជានឹងបន្តជំរុញឱ្យសហគមន៍អាស៊ានកាន់តែមានភាពរស់រវើក និងសុខដុមរមនាថែមទៀត។ កម្ពុជានឹងព្យាយាមលើកកម្ពស់ការការពារពលករចំណាកស្រុក និងបង្កើនការគាំទ្រសម្រាប់របៀបវារៈស្តីពីការអភិវឌ្ឍន៍បៃតង និងប្រកបដោយបរិយាប័ន្ន ។ ការផ្លាស់ប្ដូរទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម(MSMEs) និងសហគ្រិនភាពរបស់ស្ត្រី និងយុវជន គឺជាវិស័យដែលកម្ពុជាត្រូវយកចិត្តទុកដាក់។
សម្ដេចបញ្ជាក់ថា ៖
«សហគ្រាសខ្នាតមីក្រូតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្នុងតំបន់របស់យើង ហើយតំណាងឱ្យ៩៩ភាគរយ នៃស្ថាប័នធុរកិច្ចទាំងអស់ដែលភាគច្រើនជាកម្មសិទ្ធិរបស់ស្តី្រ (៦០ ភាគរយនៅក្នុងប្រទេសកម្ពុជា) និងបានផ្ដល់ការងារសម្រាប់កម្លាំងពលកម្មជាង ៨០ភាគរយ ក្នុងបណ្ដាប្រទេសសមាជិកអាស៊ាន»
សម្តេចក៏បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ខាងមុខ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងលើកកម្ពស់យន្តការដែលផ្ដោតសំខាន់លើការពង្រឹងសកម្មភាពរួមគ្នាជាក់ស្ដែងដល់ឈរជាមូលដ្ឋានភាពបើកចំហរស្មោះត្រង់ សុចរិត សុឆន្ទៈសាមគ្គីភាព និងភាពសុខដុមរមនាក្នុងអាស៊ាន ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមដែលតំបន់យើងទាំងមូលកំពុងជួបប្រទះ។
ខាងផ្នែកសេដ្ឋកិច្ចអាស៊ានសម្រេចបាននូវវឌ្ឍនភាពចាំធំ ហើយបានប្រែខ្លួនក្លាយទៅជាអំណាចសេដ្ឋកិច្ចធំដល់លំដាប់ទី៣ នៅទ្វីបអាស៊ី និងលំដាប់ទី៦ នៅក្នុងសកលលោក ។ តែពេលនេះអាស៊ានកំពុងតែប្រឈមមុខនឹងឧបសគ្គយ៉ាងធំនៅក្នុងដំណើររបស់ខ្លួន ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយការផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ចាប់ពីដើមឆ្នាំ២០២០ បានទាញសេដ្ឋកិច្ចតំបន់ និងសកលលោកឱ្យធ្លាក់ចូលក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ និងបានបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់ការរស់នៅរបស់ប្រជាជន។
ទន្ទឹមនឹងនេះកំណើននៃការប្រកួតប្រជែងផ្នែកភូមិសាស្រ្តនយោបាយ និងការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាចដែលបានរីករាលដាលទៅជាសង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យាបាននឹងកំពុងដាក់សម្ពាធកាន់តែធ្ងន់ធ្ងរថែមទៀតដល់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ទាំងមូល។
សម្តេចតេជោ បានបញ្ជាក់ដែរថា អាទិភាពចំពោះមុខរបស់កម្ពុជា គឺការធានាឱ្យបាននូវលទ្ធផលជាទីគាប់ចិត្តបន្ថែមទៀត ពីកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីគេចចេញអោយផុតពីវិបត្តិកូវីត-១៩ ជាមួយនឹងភាពធន់ កាន់តែរឹងមាំខ្លាំងក្លា។ ការងារបន្ទាន់ គឺបន្ត អនុវត្តនូវវិធានការនានាដែលស្ថិតក្រោមយុទ្ធសាស្ត្រទូលំទូលាយទាំង ៥ នៃក្របខ័ណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន រួមមាន ១ ការពង្រឹងប្រព័ន្ធសុខាភិបាល ២ការពង្រឹងសន្តិសុខមនុស្សជាតិ ៣ ការពង្រីកសក្តានុពលនៃទីផ្សារក្នុងតំបន់អាស៊ាននិងសមាហរណកម្មសេដ្ឋកិច្ចកាន់តែទូលំទូលាយ ៤ការពន្លឿនផ្នែកព័ត៌មានឌីជីថលប្រកបដោយបរិយាប័ន្ននិង ៥ ការបោះជំហានទៅរកអនាគតប្រកបដោយចីរភាពនិងភាពធន់រឹងមាំ។
ដូច្នេះ ការគាំទ្រដល់វិស័យទាំងនេះមិនត្រឹមតែជួយដល់ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានាមិនឱ្យយើងមានការខកខាន ក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
កម្ពុជាពេញចិត្តថែបំប៉នអាស៊ានក្នុងនាមជាអង្គការដែលមានទស្សនៈសម្លឹងឆ្ពោះទៅពិភពខាងក្រៅ ។ នៅពេលដែលយើងខិតខំផ្សារភ្ជាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងអស់ ក្លាយជាគ្រួសារដ៏រឹងមាំមួយយើងក៏នឹងខិតខំបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀតជាមួយដៃគូខាងក្រៅផងដែរ ដោយឈរលើស្មារតីសមភាព ផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ