សៀមរាប ៖ ដោយមើលឃើញពីសមត្ថភាពត្បាញ និងផលលំបាកនៃជីវភាពស្ត្រីខ្មែរនៅខេត្តសៀមរាប ស្ត្រីបរទេសម្នាក់បានសម្រេចចិត្តបង្កើតជាសហគ្រាសមួយដែលគាំទ្រហត្ថកម្មខ្មែរយកទៅលក់លើទីផ្សារក្នុងស្រុក និងអន្តរជាតិ ដើម្បីបានជាប្រយោជន៍បន្ថែមសម្រាប់ជួយសម្រាលជីវភាពប្រចាំថ្ងៃ។
អ្នកនាង កាឡៃ ចាន់ (Ka-Lai Chan) ជាសហស្ថាបនិកសហគ្រាសសិប្បកម្មផ្ដៅ និងរពាក់ក្នុងស្រុក (ម៉ាណាវ៉ា) MANVA បានរៀបរាប់ប្រាប់ AMS ថា ៖
«មូលហេតុដែលបណ្តាលឲ្យអ្នកនាងសម្រេចចិត្តបើកសហគ្រាស ម៉ាណាវ៉ា នេះ ឡើង គឺដើម្បីផ្សព្វផ្សាយសិប្បកម្មក៏ដូចជាហត្ថកម្មខ្មែរក្នុងស្រុកទៅកាន់ពិភពលោក ដែលជាផ្នែកមួយអាចមានលទ្ធភាពជួយលើកកម្ពស់ជីវភាពស្ត្រីខ្មែរដែលជាអ្នកត្បាញនៅតាមទីជនបទនានា ជាពិសេសនៅក្នុងខេត្តសៀមរាបផងដែរ»
សហគ្រាសស្ថិតក្នុងខេត្តសៀមរាបនេះ មានលក់ផលិតផលធ្វើពីរពាក់ និងផ្ដៅ ដូចជា សម្ភារតុបតែងលម្អក្នុងផ្ទះ និងសណ្ឋាគារ កាបូប គ្រឿងអលង្ការ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ជាដើមក្នុងតម្លៃចាប់ពី ១៧ – ១៧៩ដុល្លារ ដែលផលិតផលនីមួយៗត្រូវចំណាយពេលយូរក្នុងការផលិត និងទាមទារឱ្យមានជំនាញ ផ្ចិតផ្ចង់ និងភាពច្នៃប្រឌិត។ ហេតុនេះហើយទើបផលិតផលរបស់សហគ្រាសខាងលើមានតម្លៃខ្ពស់ ដោយមានការគាំទ្រប្រមាណ ៣០ភាគរយប៉ុណ្ណោះពីសំណាក់ប្រជាជនខ្មែរដែលជាអ្នកនិយមចូលចិត្តផលិតផលសិប្បកម្ម កែច្នៃក្នុងស្រុក ពិសេសគឺអាចចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ចំណែកអតិថិជនប្រមាណ ៧០ភាគរយផ្សេងទៀតជាអតិថិជននៅក្រៅប្រទេសដូចជា ហូឡង់ អាម៉េរិក និងបារាំងផងដែរ។
ទាក់ទងទៅនឹងការបើកដំណើរការដំបូង អ្នកនាង កាឡៃ និងដៃគូបានចំណាយដើមទុនប្រមាណ ២ ០០០ – ៣ ០០០ដុល្លារ ក្នុងការចំណាយលើវត្ថុធាតុដើម និងថ្លៃបង្រៀនជំនាញបន្ថែមដល់បងប្អូននារីតម្បាញ។
សហស្ថាបនិកមកពីប្រទេសហូឡង់រូបនេះបានប្រាប់អំពីដំណើរដើមទងថា ៖
«ដំបូងឡើយខ្ញុំបានមកប្រទេសកម្ពុជាក្នុងនាមជាជនស្ម័គ្រចិត្តតែប៉ុណ្ណោះ ហើយខ្ញុំក៏បានចាប់អារម្មណ៍លើសិប្បកម្មប្រពៃណីរបស់ខ្មែរ។ ខ្ញុំ និងដៃគូសហការម្នាក់ទៀត គឺលោកបារាំងបានទៅលេងភូមិក្របីរៀល ស្ថិតនៅខេត្តសៀម ដែលធ្វើឱ្យខ្ញុំចាប់ចិត្តនឹងជំនាញតម្បាញរបស់ស្ត្រីរស់នៅក្នុងស្រុកដែលអាចត្បាញផលិតផលយ៉ាងស្រស់ស្អាត និងមានលក្ខណៈពិសេសធ្វើពីវល្លិ៍ធម្មជាតិ។ ដ្បិតតែមានទេពកោល្យ តែពួកគាត់ពុំអាចរកចំណូលផ្គត់ផ្គង់គ្រួសារបានគ្រប់គ្រាន់ទេ ទើបខ្ញុំ និងបារាំងបានសម្រចចិត្តរួមគ្នាចាប់ផ្ដើម ម៉ាណាវ៉ា នៅចុងឆ្នាំ ២០១៦»
ទន្ទឹមនឹងនោះ កត្តាប្រឈមក៏បានលេចឡើងផងដែរ ដោយសារពួកគាត់បានចាប់ផ្ដើមឡើងក្នុងទំហំតូច និងមានក្រុមការងារផលិតតិចធ្វើឱ្យមានភាពលំបាកក្នុងការផ្គត់ផ្គង់ចំពោះការអតិថិជនដែលមានធ្វើការកម៉្មង់ច្រើន។ ម្យ៉ាងវិញទៀតគាត់ក៏មានភាពលំបាកចំពោះការស្វែងរកក្រុមការងារដែលអត់ធ្មត់ តស៊ូនឹងការងារនេះផងដែរ។
យ៉ាងណាមិញ មកដល់ពេលបច្ចុប្បន្ននេះ ម៉ាណាវ៉ា ក៏បានបណ្ដុះបណ្ដាលក្រុមកាងារមួយដែលមានសមត្ថភាព ភាពអំណត់ តស៊ូ ក្នុងការផលិតប្រមាណ ២៤គ្រួសារផងដែរ ដែលពួកគាត់អាចត្បាញផលិតផលផ្សេងៗនៅតាមផ្ទះ រកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព និងមានពេលមើលកូនតូចក្នុងគ្រួសារបានឥតកង្វល់ឡើយ។
ចំពោះអ្នកដែលចង់ចាប់ផ្ដើមអាជីវកម្ម ម្ចាស់សហគ្រាសខាងលើបានបញ្ជាក់ប្រាប់ថា ត្រូវជឿលើខ្លួនឯងថាអាចធ្វើបាន ដោយមានផែនការច្បាស់លាស់ថាអ្នកនឹងធ្វើអ្វី ហើយធ្វើវាដោយរបៀបណា។ បង្កើតផែនការអាជីវកម្មថាតើអ្នកមានចក្ខុវិស័យអ្វី ហេតុអ្វីបានជាអ្នកចង់បើកអាជីវកម្មនោះ ហើយនរណាជាអតិថិជនរបស់អ្នក។ ចំពោះចំណេះផ្សេងៗទាក់ទងនឹងអាជីវកម្មនេះ អ្នកអាចស្វែងរកវានៅលើអ៊ីនធឺណេត ឬនៅក្នុងសៀវភៅផងដែរ។ ចុងក្រោយ អ្នកនាង Ka-Lai Chan ក៏សូមអរគុណដល់អតិថិជនទាំងអស់មិនថាជនជាតិខ្មែរ ឬក៏បរទេសដែលនិយមគាំទ្រសិប្បកម្មខ្មែរ។ ប្រសិនបើគ្មានអតិថិជនទាំងអស់នោះទេ គាត់ក៏មានអាចជួយទំនុកបម្រុងស្ត្រីទាំង ២៤គ្រួសារនេះបានដែរ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅសៀមរាបដែលឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ក្រោមពាក្យស្លោក «ច្នៃជីវិតកាន់តែប្រសើរ»
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 30/09/2024
ភាពជាដៃគូដ៏យូរអង្វែងនៃការឧបត្ថម្ភ ផ្ដាច់មុខពី ក្រុមហ៊ុន មេនូឡាយហ្វ៍ រយៈពេល ១១ ឆ្នាំ មកនេះបានធ្វើឲ្យការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងកាន់តែធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្ដែងក្នុងឆ្នាំនេះនឹងមានការចូលរួមរត់ ពីវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ក្រុមហ៊ុន ជីបម៉ុង នាំយកថវិកា ៤៥ម៉ឺនដុល្លារ ពីព្រឹត្តិការណ៍ Gumball 300 ជូនសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 30/09/2024
នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុង បាននាំយកថវិកាចំនួន ៤៥ម៉ឺនដុល្លារ ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីបន្តជួយទៅជូនមន្ទីរពេទ្យកុមារអង្គរ
ឥណ្ឌា នៅតែមានមហិច្ឆតា និងសន្សំចិត្តក្លាយជាមហាអំណាចផលិតលីចូមដដែល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/09/2024
ឥណ្ឌា នៅតែមានមហិច្ឆតាក្លាយជាមហាអំណាចផលិតលីចូមទោះបច្ចុប្បន្នអូស្ត្រាលី និងអាមេរិកឡាទីនកាន់កាប់ធនធានធម្មជាតិនេះដល់ទៅ៧៥ភាគរយក៏ដោយ