ភ្នំពេញ ៖ សេវាធនាគារចល័ត(Mobile banking)សំដៅលើការប្រើប្រាស់ទូរស័ព្ទចល័តដើម្បីធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។ សេវាកម្មនេះត្រូវបានផ្តល់ជូនដោយស្ថាប័នហិរញ្ញវត្ថុមួយចំនួនជាពិសេសធនាគារ។ សេវាធនាគារចល័តអនុញ្ញាតឱ្យអតិថិជន ឬអ្នកប្រើប្រាស់អាចធ្វើប្រតិបត្តិការផ្សេងៗបាន ដោយមិនបាច់ធ្វើដំណើរទៅទីតាំងស្ថាប័នផ្ទាល់។ បច្ចុប្បន្ននេះ សេវាធនាគារចល័តកាន់តែមានភាពងាយស្រួលជាមួយនឹងការអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទចល័ត។ អ្នកប្រើប្រាស់អាចពិនិត្យមើលសមតុល្យសាច់ប្រាក់ មើលរបាយការណ៍ធនាគារ ធ្វើការផ្ទេរប្រាក់ និងប្តូរប្រាក់ជាដើម។
ប្រវត្តិសង្ខេបនៃធនាគារចល័ត
មុនពេលចាប់ផ្តើមមានវត្តមានសេវាកម្មគេហទំព័រនៅលើទូរសព្ទចល័តនៅឆ្នាំ១៩៩៩ ធនាគារចល័តត្រូវបានធ្វើឡើងតាមរយៈសារ SMS ។ វាត្រូវបានគេស្គាល់ថាជា SMS Banking ដែលធនាគារនៅទ្វីបអ៊ឺរ៉ុបជាអ្នកផ្តល់សេវាកម្មធនាគារចល័តនេះមុនគេ ។
SMS Banking និងប្រព័ន្ធគេហទំព័រនៅលើទូរសព្ទគឺជាប្រភេទធនាគារចល័តពេញនិយមបំផុតមុនឆ្នាំ២០១០។ ជាមួយនឹងការអភិវឌ្ឍន៍ទូរស័ព្ទឆ្លាត (Smart Phone) ដែលមានប្រព័ន្ធប្រតិបត្តិការ iOS ឬ Android កម្មវិធីធនាគារលើទូរស័ព្ទចល័តបានចាប់ផ្តើមកើតមាន។ អតិថិជនអាចទាញយកកម្មវិធីធនាគារនៅលើទូរសព្ទទំនើប ដែលកម្មវិធីធនាគារទាំងនេះមានភាពទំនើបជាងមុននិងមានសមត្ថភាពធ្វើប្រតិបត្តិការបានច្រើន។
រហូតមកដល់បច្ចុប្បន្ន ស្ថាប័នហិរញ្ញវត្ថុជាច្រើនប្រើប្រាស់ទាំងសារ SMS និងកម្មវិធីទូរស័ព្ទដើម្បីជូនដំណឹងដល់អតិថិជនអំពីសកម្មភាពគណនីរបស់ពួកគេ ឬដើម្បីផ្ញើការជូនដំណឹងទាក់ទងនឹងការលួចបន្លំ ភាពមិនប្រក្រតីនិងធ្វើបច្ចុប្បន្នភាពជាដើម។ ឧទាហរណ៍ ធនាគារអាចផ្ញើសារដោយជូនដំណឹងដល់អ្នកប្រើប្រាស់ថា ម៉ាស៊ីន ATMs ឬកម្មវិធីធនាគារនៅលើទូរស័ព្ទនឹងមិនអាចចូលប្រើបានក្នុងរយៈពេលជាក់លាក់ណាមួយ ដោយសារតែមានការត្រួតពិនិត្យប្រព័ន្ធ ឬសារបញ្ជាក់ពីធនាគារទាក់ទងនឹងការផ្ទេរប្រាក់ដោយអតិថិជនតាមរយៈកម្មវិធីទូរស័ព្ទ។ ដំណឹងទាំងនេះបានទៅដល់ដៃអតិថិជនយ៉ាងងាយស្រួលបំផុតតាមរយៈប្រព័ន្ធធនាគារចល័តនេះ។ សេវាកម្មធនាគារចល័តអាចត្រូវបានបែងចែកជា៥ប្រភេទដូចខាងក្រោម៖
- ការចូលមើលព័ត៌មានក្នុងគណនីធនាគារ ៖ ការចូលមើលព័ត៌មានគណនីធនាគារអនុញ្ញាតឱ្យអតិថិជនមើលសមតុល្យសាច់ប្រាក់ក្នុងគណនី របាយការណ៍ហិរញ្ញវត្ថុនៃគណនីធនាគារ ពិនិត្យប្រវត្តិប្រតិបត្តិការ តាមដានប្រាក់បញ្ញើមានកាលកំណត់ ពិនិត្យមើលរបាយការណ៍ប្រាក់កម្ចី ចូលមើលរបាយការណ៍វិនិយោគ និងសម្រាប់ស្ថាប័នមួយចំនួន អាចមើលគោលនយោបាយសេវាធានារ៉ាប់រងផងដែរ។
- ប្រតិបត្តិការ៖ តាមរយៈសេវាកម្មប្រតិបត្តិការ អតិថិជនអាចផ្ទេរប្រាក់នៅក្នុងស្ថាប័នតែមួយឬស្ថាប័នផ្សេងទៀត ផ្ទេរប្រាក់ទៅគណនីខ្លួនឯង បង់ប្រាក់ឱ្យភាគីទីបី (ដូចជាការទូទាត់វិក្កយបត្រ) និងធ្វើការទិញឥវ៉ាន់អនឡាញដោយសហការជាមួយកម្មវិធីផ្សេងទៀត ឬសេវាកម្មបង់ប្រាក់ជាមុនជាដើម។
- ការវិនិយោគ៖ សេវាកម្មគ្រប់គ្រងការវិនិយោគអនុញ្ញាតឱ្យអតិថិជនគ្រប់គ្រងផលប័ត្ររបស់ខ្លួន ឬមើលដំណើរខាតចំណេញជាក់ស្តែងនៃផលប័ត្រវិនិយោគ (រួមមានប្រាក់បញ្ញើមានកាលកំណត់ជាដើម)។
- សេវាកម្មគាំទ្រ ៖ សេវាកម្មគាំទ្រអាចឱ្យអតិថិជនពិនិត្យមើលស្ថានភាពនៃការស្នើសុំកម្ចី ឬឥណទាន តាមដានការស្នើសុំកាត និងមើលទីតាំងទូរ ATMs ជាដើម។
- ព័ត៌មាន ៖ សេវាកម្មនេះផ្តល់ព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុពីធនាគារ រួមទាំងដំណឹងថ្មីៗរបស់ធនាគារផងដែរ។ ធនាគារចល័តអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទទួលបានសេវាកម្មធនាគារពីគ្រប់ទីកន្លែង។ ឥឡូវនេះអាជីវកម្ម និងម្ចាស់អាជីវកម្មអាចសន្សំសំចៃពេលវេលា ដោយការប្រើកម្មវិធីធនាគារនៅលើទូរស័ព្ទក្នុងការទូទាត់ប្រាក់ពីអតិថិជន។ វាមានភាពពេញនិយមជាពិសេសក្នុងចំណោមសហគ្រាសធុនតូចនិងមធ្យម (SMEs) ។
ជាមួយនឹងបច្ចេកវិទ្យាទូរស័ព្ទទំនើប ធនាគារអាចកាត់បន្ថយថ្លៃដើមនៃប្រតិបត្តិការ ខណៈរក្សាការពេញចិត្តរបស់អតិថិជនដដែល។ អតិថិជនរបស់ធនាគារអាចប្រើប្រាស់កម្មវិធីទូរសព្ទដើម្បីស្នើសុំសេវាកម្មដូចជាការបើកគណនី ឬកំណត់ពេលបញ្ជាទិញកាតឥណពន្ធ ឬការទូទាត់ការចំណាយផ្សេងៗតាមរយៈកម្មវិធីធនាគារចល័ត ដែលអនុញ្ញាតឱ្យប្រតិបត្តិការកាន់តែមានភាពងាយស្រួលដែលជាការជំរុញកំណើនអាជីវកម្មនិងចរន្តសេដ្ឋកិច្ច៕
ប្រភព៖ CFI
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/01/2025
ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម