ភ្នំពេញ ៖ យ៉ាងហោចណាស់មានស្ថាប័នធំៗចំនួន ៣ បានគាំទ្រទៅលើសហគ្រិនជាស្ត្រីក្នុងការជួយលើកកម្ពស់ទាំងផ្នែកស្មារតី បច្ចេកទេស ជាពិសេសផ្នែកហិរញ្ញវត្ថុ ដោយស្ថាប័នទាំងនោះរួមមាន សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា និង សមាគមសហគ្រិនស្រ្តីកម្ពុជា។
ជាសក្ខីភាពបង្ហាញជាសាធារណៈនូវកិច្ចគាំទ្រខាងលើនេះ សមាគមទាំង ៣ បានចុះហត្ថលេខាលើអនុស្សារណៈព្រមព្រៀងស្តីពីការលើកកម្ពស់បរិយាបន្នផ្នែកហិរញ្ញវត្ថុ (Financial Inclusion) និងការយល់ដឹងលើការទទួលបានហិរញ្ញប្បទានរបស់សហគ្រិនជាស្រ្តីរួមគ្នាកាលពីចុងសប្ដាហ៍កន្លងទៅនេះ។
អនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសមាគមទាំងបីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកគាំទ្រដល់ផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាឆ្លើយតបទៅនឹងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ លើកកម្ពស់ផលិតផលឥណទានប្រកបដោយនវានុវត្តន៍ តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាល ការរៀបចំសិក្ខាសាលារួមគ្នា ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមសហគ្រិនស្ត្រី និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ប្រធានសមាគមធនាគារនៅកម្ពុជា លោកបណ្ឌិត អ៊ុន ចាន់នី បានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀងថា អនុស្សរណៈនៃកិច្ចព្រមព្រៀងនេះនឹងបង្ហាញពីសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរវាងសមាគមទាំងបីក្នុងការលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុទៅវិញទៅមក និងការសហការគ្នាលើការបណ្តុះបណ្តាល អភិវឌ្ឍទៅគ្រប់ទិដ្ឋភាពនៃវិស័យធនាគារជូនដល់សមាជិកដែលជាសហគ្រិនស្ត្រី លើកកម្ពស់ការយល់ដឹងជាសាធារណៈទៅលើផ្នែកចំណេះដឹងហិរញ្ញវត្ថុ និងផលិតផល ធនាគារនិងហិរញ្ញវត្ថុ និងលើកកម្ពស់ការយល់ដឹងលើការទទួលបានហិរញ្ញប្បទានរបស់សហគ្រិនស្រ្តី និងសហគ្រាសធុនតូច និងមធ្យមពីបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ស្របគ្នានេះដែរ លោក សុខ ជឿន ប្រធានក្រុមប្រឹក្សាភិបាលស្តីទីនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបី នឹងក្លាយជាចលករជំរុញបន្ថែមដល់ការអភិវឌ្ឍ អាជីវកម្មដែលគ្រប់គ្រងដោយសហគ្រិនជាស្ត្រី ដើម្បីចូលរួមពង្រឹងសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។
លោកបន្តថា គិតត្រឹមដំណាច់ខែមិថុនាឆ្នាំ ២០២១នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានផ្តល់ឥណទានដល់ អតិថិជនជិត ២លាននាក់ ក្នុងសំពៀតឥណទានសរុប ជាង ៧ ៧៣០ លានដុល្លារ។ លោកក៏បានគូសបញ្ជាក់ដែរថាភាគច្រើនលើសលុបនៃអតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ គឺជាស្ត្រីដែលស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទាំងនៅទីក្រុង និងជនបទ។ ដោយឡែកលោកជំទាវ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា មានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការរវាងសមាគមទាំងបីនឹងជួយពង្រឹងសមត្ថភាពសហគ្រិនស្ត្រីដើម្បីពង្រីកអាជីវកម្មឱ្យបានកាន់តែធំជាងមុន។ លោកជំទាវក៏បានលើកឡើងដែរថាចំណេះដឹងសហគ្រិនស្ត្រីមួយចំនួននៅមានកម្រិតជាពិសេសទាក់ទងនឹងការធ្វើបញ្ជីគណនេយ្យមួយដែលមានភាពជាក់លាក់ និងត្រឹមត្រូវព្រមទាំងបញ្ហាផ្សេងៗទៀតដែលកត្តាទាំងអស់នេះធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុពិបាកក្នុងការផ្តល់កម្ចីដល់សហគ្រិនជាស្ត្រីឱ្យបានតាមតម្រូវការ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/12/2024
នេះគឺជាឆ្នាំទី៤ ដែលអម្រឹតបានបង្កើត “គណនីក្មេងឆ្លាត” ជាមួយនឹងគោលបំណងចូលរួមបំពេញក្តីស្រមៃរបស់អតិថិជនដែលជាមាតាបិតាក្នុងការរៀបចំគម្រោងអនាគតការសិក្សារបស់កូនៗនៅថ្នាក់មហាវិទ្យាល័យរយៈពេល៤ឆ្នាំ
ប្រតិភូរដ្ឋាភិបាល និងពាណិជ្ជករឡាវ មកទស្សនកិច្ចសិក្សាស្វែងយល់ប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/12/2024
បច្ចេកវិទ្យាសុខាភិបាលឌីជីថល មានគុណប្រយោជន៍ខ្ពស់ បង្កើតភាពងាយស្រួលដល់គ្រូពេទ្យ និងអ្នកជំងឺ ដែលអាចចងក្រងឯកសារ និងប្រវត្ដិរបស់អ្នកជំងឺដោយប្រព័ន្ធឌីជីថល
ស្វែងយល់ពីការយកកម្រៃសេវាលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា(CamDX)
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/12/2024
ប្រព័ន្ធឌីជីថលរបស់វិស័យឯកជនតាមថ្នាល CamDX សំដៅធ្វើឲ្យប្រសើរនូវការផ្តល់សេវាសាធារណៈរបស់រដ្ឋ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការអាជីវកម្មរបស់វិស័យឯកជន តាមទម្រង់ឌីជីថល ស្របតាមមុំទី ៥ នៃយុទ្ធសាស្ត្របញ្ជកោណ-ដំណាក់ទី ១ របស់រាជរដ្ឋាភិបាល