ភ្នំពេញ៖ នៅក្នុងការគាំទ្រទៅលើការធ្វើទំនើបនីយកម្មវិស័យកសិកម្មកម្ពុជា និងការអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផល ដែលជាធាតុសំខាន់នៃយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញនោះ ក្នុងភាពជាដៃគូមេគង្គ-អូស្ត្រាលី ប្រទេសអូស្ត្រាលីសម្រេចផ្តល់នូវជំនួយប្រមាណ ៩០ លានអូស្ត្រាលី (ស្មើនឹង ៦៤,៨៣លានដុល្លារអាមេរិក) សម្រាប់ការអភិវឌ្ឍ និងបង្កើតសួនឧស្សាហកម្មកសិ-ចំណីអាហារ (AIP)។
យោងតាមអនុស្សរណៈនៃការយោគយល់គ្នារវាងកម្មវិធីខ្សែចង្វាក់តម្លៃកសិកម្មកម្ពុជា – អូស្ត្រាលី (CAVAC) និងឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិស្តីពីការផ្តល់ការគាំទ្រកម្មវិធីអភិវឌ្ឍន៍ក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ ក្នុងការបង្កើតសួនឧស្សាហកម្មកសិ-ចំណីអាហារ (AIP) ដែលមានការចូលរួមជាសាក្សីពីឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang និងឯកឧត្តមអគ្គបណ្ឌិត្យសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
ឯកឧត្តមបានមានប្រសាសន៍ថា ៖
«អំឡុងពេលនេះ រាជរដ្ឋាភិបាលកំពុងរៀបចំផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដោយផ្តោតលើគោលការណ៍គន្លឹះចំនួនបីគឺ ការងើបឡើងវិញ កំណែទម្រង់ និងភាពធន់ (៣Rs) ដែលផ្តោតលើការគាំទ្រវិស័យអាទិភាពជាច្រើន ជាពិសេសវិស័យ ដែលរងផលប៉ះពាល់ខ្លាំងដោយវិបត្តិជំងឺកូវីដ-១៩»
ឯកឧត្តម Pablo Kang អគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានថ្លែងថា កម្ពុជាត្រូវស្វែងរកធនធានថ្មីៗ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។ តាមរយៈភាពជាដៃគូមេគង្គ-អូស្ត្រាលី ពួកយើងមានសេចក្តីរីករាយក្នុងការជួយគាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្ដួចផ្តើមដំណើរការវិស័យកែច្នៃកសិផល ដែលនៅមានភាពក្មេងខ្ចីនៅឡើយ ប៉ុន្តែមានសក្តានុពលពិត ដើម្បីជំរុញការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។
ឯកឧត្តម Pablo Kang បានមានប្រសាសន៍ថា ៖
«ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ CAVAC នឹងផ្ដល់ការគាំទ្របច្ចេកទេស និងថវិកាជួយទៅដល់ ឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីបង្កើត និងអនុវត្តគំរូសេដ្ឋកិច្ចសមស្របមួយ សម្រាប់សួនឧស្សាហកម្មកសិ-ចំណីអាហារ (AIP)។ ជំនួយហិរញ្ញវត្ថុ និង បច្ចេកទេសរបស់រដ្ឋាភិបាលអូស្ត្រាលី គឺនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចឱ្យបាននូវអាទិភាពគោលនយោបាយរបស់រដ្ឋាភិបាលក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលនឹងរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩»
ឯកឧត្តម Kang AIP គឺជាតំបន់ឧស្សាហកម្ម ដែលផ្តោតលើការកែច្នៃកសិផលដោយមានសេវាផ្តល់ជូនរួមជាលក្ខណៈ ច្រកចេញ-ចូលតែមួយ អនុលោមតាមបទប្បញ្ញត្តិ និងសណ្ឋានផ្សេងៗ ដូចជាការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងគ្រឿងបរិក្ខារធ្វើតេស្តសាកល្បងរួម។ កិច្ចការនេះ បង្កើតឱ្យមានសុគតភាព និងអាចពង្រីក ដើម្បីជួយដល់កម្ពុជាប្រកួតប្រជែងជាមួយស្ថាប័នកែច្នៃកសិ-ចំណីអាហារនៅក្នុងប្រទេសជិតខាង។
ឯកឧត្តម Pablo Kang បញ្ជាក់ទៀតថា ជំនួយរបស់ CAVAC នឹងបញ្ចូលការសិក្សាពេញលេញមួយអំពីលទ្ធភាពនៃការបង្កើតគម្រោង និងការសិក្សាទីតាំងពាណិជ្ជកម្មជាក់លាក់ រួមមានការវិភាគលើផលប្រយោជន៍ ដែលកសិករទទួលបាននៅតាមតំបន់ក្បែរទីតាំងគម្រោង និងអនុសាសន៍សម្រាប់ក្របខ័ណ្ឌបញ្ញត្តិ ដែលផ្តល់អំណោយផលល្អជាងគេ។ កិច្ចការនេះ នឹងត្រូវបន្ថែមទៅលើការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំ និងប្រព្រឹត្តទៅនៃយុទ្ធនាការអន្តរជាតិ ក្នុងការទាក់ទាញវិនិយោគទុនលើវិស័យកសិ-ចំណីអាហារ៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ