ភ្នំពេញ ៖ ឆ្លើយតបនឹងសន្ទុះនៃការកើនឡើងនៃវិស័យកសិកម្មនៅកម្ពុជានៅប៉ុន្មានឆ្នាំក្រោយមកនេះ កសិករខ្មែរភាគតិចណាស់ដែលមានទម្លាប់ក្នុងការប្រើប្រាស់ជីធម្មជាតិសម្រាប់បង្ករបង្កើនផលដំណាំ ព្រោះចង់បានអ្វីដែលលឿន អ្វីដែលងាយស្រួល និងមិនចង់ចំណាយកម្លាំងពលកម្មច្រើន ខណៈដែលតម្លៃជីគីមីដែលត្រូវបាននាំចូលពីក្រៅស្រុកមានការឡើងថ្លៃជាបន្តបន្ទាប់។
ពាក់ព័ន្ធទៅនឹងទម្លាប់ក្នុងការប្រើជីគីមីដើម្បីជំនួយលើការដាំដុះ ត្រូវបានអ្នកជំនាញផ្នែកកសិកម្មអះអាងថា ថ្វីបើការប្រើប្រាស់ជីគីមីមានភាពងាយស្រួលក្នុងការទទួលបានផល ប៉ុន្តែវាក៏បង្កជាហានិភ័យច្រើនផងដែរ ដែលក្នុងនោះក្រៅពីប៉ះពាល់ដល់សុខភាពអ្នកដាំដុះផ្ទាល់ ក៏ដូចជាអ្នកទទួលទាន វាក៏ធ្វើឲ្យមានការចំណាយថ្លៃដើមខ្ពស់ ដែលកសិករខ្មែរគួរតែងាកមករៀនទាញយកប្រយោជន៍ពីកាកសំណល់ប្រើប្រាស់ប្រចាំថ្ងៃរបស់ខ្លួនឲ្យក្លាយជាជីធម្មជាតិវិញ។
អ្នកជំនាញកសិកម្ម លោកឧកញ៉ា សួង ណយ បានបង្ហាញខ្លះៗពីរបៀបនៃការលាយជីកំប៉ុស ឬហៅថាជីកាកសំណល់ផ្ទះបាយដែលកសិករអាចរៀនអនុវត្តន៍ដោយខ្លួនឯងនៅផ្ទះបានយ៉ាងដូច្នេះថា អ្វីដែលត្រូវការជាវត្ថុធាតុដើមរួមដូចជា កាកសំណល់ផ្ទះបាយ ទឹកអង្ករ មេEM ស្កររងូរ ព្រមទាំង ធុងដែលមានចំណុះ ៧០លីត្រមួយសម្រាប់លាយតែប៉ុណ្ណោះ។
លោកបន្តពន្យល់ថា ៖
«កាកសំណល់ផ្ទះបាយអាចជាសំណល់ម្ហូបអាហារ សំបកបន្លែ ផ្លែឈើប្រចាំថ្ងៃ ទឹកអង្ករដែលបានមកពីការលាងសម្អាតអង្ករដើម្បីចម្អិនបាយ ចំណែកមេEM គឺអាចរកទិញបាននៅលើទីផ្សារស្រាប់ ហើយចុងក្រោយគឺស្កររងូរដែលមានលក់ដូចគ្នា»
លោកបានបញ្ជាក់ថា វិធីផ្សំ គឺយកមេ EM ចំនួន២លីត្រ ស្កររងូរចំនួន២លីត្រ ទឹកអង្ករចំនួន៥លីត្រ បន្ថែមជាមួយនឹងកាកសំណល់ផ្ទះបាយ រួចចាក់ទឹកបំពេញធុងព្រមទាំងផ្អាប់ទុកពី ២០ ទៅ ៣០ថ្ងៃ។ បន្ទាប់ពីដល់ពេលកំណត់ក្នុងរយៈពេលនៃការផ្អាប់ទុកហើយ កសិករអាចយកជីកាកសំណល់ផ្ទះបាយនេះចំនួន១លីត្រទៅលាយជាមួយទឹកចន្លោះពី ២០០ ទៅ ៥០០លីត្រ ហើយបាញ់ឲ្យជោគលើដំណាំចំនួន៣ថ្ងៃជាប់គ្នា។ ការធ្វើបែបនេះ នឹងធ្វើឲ្យដីមានលក្ខណៈធូរ បង្ករភាពងាយស្រួលដល់ដំណាំដុះ ងាយស្រួលក្នុងការចាក់ឬស ដែលផ្ទុយគ្នាស្រឡះពីជីគីមីដែលកាន់តែប្រើ កាន់តែធ្វើឲ្យដីរឹង និងខ្សោះជីជាតិ ហើយម្យ៉ាងទៀត ការប្រើប្រាស់ជីកាកសំណល់ផ្ទះបាយលើដំណាំស្រូវ ទិន្នផលអង្ករដែលចេញមកនឹងមានក្លិនក្រអូបទៀតផង។
ក្រៅពីធ្វើឲ្យដំណាំ ក៏ដូចជាដីមានជីវជាតិល្អ ជីនេះក៏មានផលប្រយោជន៍ទៅដល់បរិស្ថានផងដែរ ព្រោះកាលណាតែប្រជាជនចេះតែចាក់ទឹកអង្ករទៅតាមលូជារើយៗ វានឹងបង្ករជាការស្ទះលូ តាមរយៈសារធាតុខាប់នៅក្នុងទឹកអង្ករនោះ រីឯសំណល់ផ្សេងៗកាលណាទុកចោល បង្កក្លិនស្អុយ មានរុយរោម និងកើតជាមេរោគបន្តទៀត។ ទាំងអស់នេះនាំឲ្យប៉ះពាល់ដល់បរិស្ថាន សោភ័ណភាពទីក្រុង និងសុខភាពអនាម័យផងដែរ។
គួររំលឹកថា ក្រសួងកសិកម្មកាលពីពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាសមួយស្ដីអំពីការឡើងថ្លៃនៃជីកសិកម្ម ក៏ដូចជាថ្នាំកសិកម្ម ដែលអាចប៉ះពាល់ទៅដល់បងប្អូនប្រជាកសិករដែលមានតម្រូវការប្រើប្រាស់ជីគីមីជាប្រចាំសម្រាប់ការដាំដុះ ខណៈដែលប្រជាកសិករមិនសូវមានចំណូល។ ដូច្នេះអ្វីដែលចាជម្រើសល្អ គឺមានតែការងាកមកផលិតជីធម្មជាតិពីកាកសំណល់ផ្ទះបាយ ឬវត្ថុធាតុដើមផ្សេងៗដែលអាចរកបាននៅជុំវិញសម្រាប់ប្រើប្រាស់លើការដាំដុះ ដែលអាចចំណេញទាំងថវិកា និងមិនប៉ះពាល់ដល់សុខភាព៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ