តាកែវ ៖ ដូង ជាដំណាំហូបផ្លែមួយប្រភេទដែលមនុស្សទូទៅបានស្គាល់យ៉ាងច្បាស់ និងដឹងពីអត្ថប្រយោជន៍ក្រោយការទទួលទានទាំងទឹកដ៏ឆ្ងុយ ផ្អែមឆ្ងាញ់ពេលនៅខ្ចី លុះពេលទុំក៏នៅតែអាចប្រើជាប្រយោជន៍សម្រាប់វត្ថុធាតុដើមផ្សំជាគ្រឿងដាំស្លរ ធ្វើបង្អែមជាដើម ប៉ុន្តែមនុស្សភាគច្រើនទំនងជាមុនទាន់បានជ្រាបច្បាស់នោះទេថា គុណប្រយោជន៍នៃសំបកដូងទុំនៅមានច្រើនយ៉ាងទៀត រាប់ទាំងការប្រើប្រាស់សម្រាប់ដាំដុះ ការកែច្នៃធ្វើជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងតាំងលម្អលំនៅដ្ឋាន គ្រឿងអលង្ការលម្អខ្លួនប្រាណ រួមទាំងស្បែកជើងយ៉ាងស្រស់ស្អាត និងមានគុណភាពល្អផងដែរ។
គ្រប់សម្ភារប្រើប្រាស់ និងបណ្តាផលិតផល គ្រឿងតាំងលម្អរ ក៏ដូចជាស្បែកជើងដូចដែលបានរតៀបរាប់ជូននៅខាងលើនេះ ត្រូវបានគេដឹងថា បច្ចុប្បន្នកំពុងត្រូវបានកែច្នៃ និងផលិតនៅក្នុងសិប្បកម្មតំបន់មួយកន្លែង មានឈ្មោះថា CoCo De Takeo Handicrafts ដែលមានទីតាំងស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ និងបានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋមួយចំនួនផងដែរ។
លោក សាត ភារម្យ ជាអ្នកគ្រប់គ្រងទូទៅនៃសិប្បកម្មដូងតាកែវ (CoCo De Takeo Handicrafts) បានប្រាប់ AMS ឲ្យដឹងថា លោកបានចាប់ផ្តើមអាជីព និងផលិតសម្ភារៈប្រើប្រាស់ រួមទាំងគ្រឿងតាំងលម្អដែលកែច្នៃចេញពីសំបកដូង និងត្រឡោកដូងនេះជាច្រើនឆ្នាំមកហើយ។ ម៉្យាងទៀត ក្រៅពីផលិតផលដែលច្នៃចេញពីសម្បកដូង និងត្រឡោកដូងនេះ លោកក៏បានផលិតចេញជាប្រភេទ សាប៊ូ ប្រេងដូង និងស្ករគ្រាប់ដូង ដែលកែច្នៃចេញពីសាច់ដូង រួមជាមួយនឹងផលិតផលស្មុគដែលធ្វើពីស្លឹកដូងផងដែរ ពោលគឺធ្វើយ៉ាងណាអាចឲ្យសង្វាក់ផលិតកម្មនៅក្នុងសិប្បកម្មមួយនេះ ប្រើឲ្យអស់លទ្ធភាពនៃធនធានដែលបានមកពីរុក្ខជាតិដូងតែម្ដង។
លោក សាត ភារម្យ បានមានប្រសាសន៍ថា ៖
«ផលិតផលដែលយើងបានផលិតទាំងនោះរួមមាន ផលិតផលកែច្នៃពីសាច់ដូង មានដូចជា ប្រេងដូង ស្ករគ្រាប់ដូង សាប៊ូដូង ឯត្រឡោកដូង យើងច្នៃជាគ្រឿងអលង្ការ សម្ភារប្រើប្រាស់ ហើយសំបកដូងយើងច្នៃធ្វើជាស្បែកជើង កម្រាលជូតជើង និងទ្រនាប់កែវជាដើម។ បន្ថែមលើនេះ ស្លឹកដូងក៏យើងច្នៃធ្វើជាស្មុគសម្រាប់វេចខ្ចប់ផលិតផល ហើយកម្ទេចសំបកដូងដែលសល់ពីការទាញយកសរសៃនោះត្រូវបានកែច្នៃជាជីកំប៉ុសទៀតផងដែរ»
លោកបន្តថា ៖
«ដោយឡែកវត្ថុធាតុដើម គឺផ្លែដូងនេះទៀតសោត យើងប្រើប្រាស់ដូងទុំ គឺប្រើតែដូងខ្មែរប៉ុណ្ណោះ ដែលបានពីការប្រមូលទិញដូងក្នុងស្រុករបស់ប្រជាជនក្នុងភូមិនៅខេត្តតាកែវ និងខេត្តកំពតជាដើម ដែលជាផ្នែកមួយជួយលើកកម្ពស់សេដ្ឋកិច្ចកសិករដែលមានដូងអាចដឹកមកលក់ឱ្យយើងបានផងដែរ។ ម្យ៉ាងវិញទៀត ដោយសារមើលឃើញពីសក្ដានុពលដំណាំដូងនៅខេត្តទាំងនេះ ទើបយើងបានព្យាយាមច្នៃឱ្យបានច្រើនមុខតាមដែលអាចធ្វើទៅបាន»
នេះជាអ្វីដែលលោក ភារម្យ បានបញ្ជាក់ប្រាប់។
ទាក់ទងទៅនឹងបច្ចេកទេស អ្នកគ្រប់គ្រងរូបនេះបានបង្ហើបថា គឺពួកគាត់ជួលគ្រូឱ្យមកបង្រៀនខ្លះ និងមានប្រជាជនដែលធ្លាប់បានរៀននៅសាលាបច្ចេកទេសខ្លះ ហើយខ្លះទៀតគឺគេស្រាវជ្រាវសាកល្បងដោយខ្លួនឯង។ តួយ៉ាងក្នុងការផលិតស្បែកជើងធ្វើពីសំបកដូង គេត្រូវចំណាយពេលយូរ និងច្រើនដំណាក់កាលដូចជា គេត្រូវបកសំបកដូងទុំ រួចយកសំបកដូងដែលពុះចេញពីផ្លែដូងនេះទៅកិន ហើយហូតយកសរសៃ និងវេញបញ្ចូលគ្នា។ បន្ទាប់មកគេត្បាញជាកម្រាលរួចកាត់ជាទម្រង់ស្បែកជើង ហើយដេរពុម្ពភ្ជាប់នឹងក្រមាអំបោះទើបរួចរាល់។
ដោយសារតែការផលិតមានច្រើនដំណាក់ និងប្រើរយៈពេលយូរបែបនេះហើយ ទើបធ្វើឱ្យតម្លៃស្បែកជើងធ្វើពីស្រកីដូងនេះមានតម្លៃរាងខ្ពស់បន្តិចគឺចាប់ពី 12ដុល្លារឡើងទៅដែលមានជាប្រភេទស្បែកជើងផ្ទាត់ ស្បែកជើងស៊ក និងអាចទទួលកម្ម៉ង់កាត់ម៉ូដតាមតម្រូវការអតិថិជនផងដែរ។ ចំពោះគុណភាពទៀតសោត ស្បែកជើងប្រភេទនេះគឺមានភាពធន មាំ មិនងាយដាច់ គ្រាន់តែវារឹង និងជកទឹកបន្តិចនៅពេលសើម។
អតិថិជនគោលដៅរបស់សិប្បកម្មមួយនេះ គឺផ្ដោតលើភ្ញៀវទេសចរ ដោយសារនៅតំបន់នោះគេបានបង្កើតជាអេកូទេសចរណ៍ដែលភ្ញៀវអាចទៅកម្សាន្ត និងមើលពីការផលិតនៅសិប្បកម្មបានទៀតផង។ ក្រៅពីនេះផលិតផលប្រេងដូង ក៏ដូចជាស្ករគ្រាប់ដូង ក៏មានដាក់លក់នៅសិប្បកម្ម ក៏ដូចជាហាងមួយទីតាំងទៀតស្ថិតនៅរាជធានីភ្នំពេញ ម្ដុំផ្សារឈូកមាស នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ-ភ្នមពេញ រួមនឹងបណ្តាផ្សារទំនើបនានាផងដែរ។
លោក សាត ភាមរម្យ បានមានប្រសាសន៍បន្តឲ្យដឹងទៀតថា សិប្បកម្មដូងនេះ មានទម្រង់ជាសហគ្រិនសង្គម ដែលមានបុគ្គលិកជាង ៤០នាក់ និងបង្កើតឡើងក្នុងគោលបំណងបង្កើតការងារដល់ជនពិការ និងស្ត្រីដែលទទួលបានការអប់រំតិចតួចនៅតាមជនបទ ដើម្បីឱ្យពួកគាត់មានចំណូលសមរម្យសម្រាប់ចិញ្ចឹមជីវិត។ ចំពោះបុគ្គលិកពេញម៉ោងគេមានផ្ដល់ជាប្រាក់ខែ និងខ្លះទៀតមានផ្ដល់កន្លែងស្នាក់នៅ និងអាហារហូបចុកប្រចាំថ្ងៃ ហើយក៏មានការងារបន្ទាប់បន្សំផ្សេងទៀតសម្រាប់អ្នកធ្វើការក្រៅម៉ោងនៅតាមផ្ទះដែលខ្វះខាតផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រៅពីសិប្បកម្មដូង គេក៏មានសិប្បកម្មតម្បាញសូត្រ និងអំបោះ ច្នៃជាប្រេងស្លឹកគ្រៃ ផលិតផលពីម្រុំ និងការច្នៃស្លឹកចេកធ្វើជាក្រដាសដែលសិប្បកម្មរបស់លោកកំពុងតែខិតខំស្រាវជ្រាវផលិតជាបន្តបន្ទាប់។ ស្ថិតក្នុងស្ថានភាពដ៏តឹងតែងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ លោកបានលើកឡើងថា មានផលប៉ះពាល់ដល់ការលក់យ៉ាងខ្លាំង ដោយសារអតិថិជនគោលដៅរបស់លោកគឺជាភ្ញៀវទេសចរ។ បញ្ហាមួយទៀតគឺតម្លៃ ដោយសារវត្ថុធាតុដើមក្នុងស្រុកថ្លៃ ហើយវត្ថុធាតុដើមមួយចំនួនទៀតត្រូវការនាំចូលទើបធ្វើឱ្យតម្លៃផលិតផលខ្ពស់ ហើយប្រជាជនខ្មែរពុំសូវនិយមប្រើ។
នៅថ្ងៃខាងមុខ លោក ភារម្យ មានចក្ខុវិស័យចង់ពង្រីកការកែច្នៃកសិផលនៅក្នុងសហគមន៍ឱ្យបានច្រើន រួមជាមួយនឹងកសិទេសចរណ៍ដែលអាចទទួលភ្ញៀវទេសចរឱ្យមើលកន្លែងផលិត កសិដ្ឋាន សួនច្បារ មានអាហារដ្ឋាន មានបន្លែ និងការចិញ្ចឹមសត្វជាដើម។ ជាចុងក្រោយ អ្នកគ្រប់គ្រងរូបនេះសូមសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរជួយគាំទ្រផលិតផលក្នុងស្រុកដែលមានគុណភាពល្អមិនចាញ់ផលិតផលនាំចូល ពិសេសស្ថិតក្នុងស្ថានភាពនេះ ដែលអាចចូលរួមជួយដល់សហគមន៍ក្នុងស្រុក ក៏ដូចជាជួយសម្រាលបន្ទុកប្រជាពលរដ្ឋ និងជនពិការដែលអាស្រ័យផលជាមួយសិប្បកម្មដោយប្រយោលផងដែរ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧បារាំង និងអ៊ីតាលី មិនគាំទ្រគំនិតរបស់ Trump រ៉ៃអង្គាសលុយសម្ព័ន្ធមិត្ត១០ពាន់លានដុល្លារដើម្បីទិញអាវុធពីអាម៉េរិកឲ្យអ៊ុយក្រែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/07/2025
ប្រទេសបារាំង និងប្រទេសអ៊ីតាលី បានប្រកាសហើយថានឹងមិនចូលរួមក្នុងការគាំទ្រគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump ក្នុងការបង្កើតមូលនិធិកញ្ចប់ថ្មីមួយទំហំប្រមាណ ១០ពាន់លានដុល្លារ សម្រាប់ចំណាយទៅលើការបញ្ជាទិញសព្វាវុធពីអាម៉េរិកឲ្យទៅប្រទេសអ៊ុយក្រែននោះឡើយ
ធនាគារ ជីប ម៉ុង បន្តជួយឱ្យប្រជាពលរដ្ឋខ្មែរ អាចសម្រេចបាននូវក្តីស្រមៃក្នុងការមានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាមួយបុរី ឡាក់ឃី វ័ន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/07/2025
ធនាគារ ជីប ម៉ុង ដែលបង្កើតឡើងដោយកូនខ្មែរ១០០% និងបុរី ឡាក់គី វ័ន ដែលវិនិយោគវិស័យអចលនទ្រព្យជាង១០ឆ្នាំ បានចាប់ដៃគ្នាបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូហិរញ្ញប្បទានគេហដ្ឋាន តាមរយៈការផ្ដល់កម្ចីគេហដ្ឋាន