ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានបង្ហាញថា គិតត្រឹមដំណាច់ត្រីមាសទី២ ដើមត្រីមាសទី៣ ឆ្នាំ២០២១ ចំនួនអគារអាផាតមិនកម្រិត A និង B នៅរាជធានីភ្នំពេញមានសរុបចំនួន៥៤ គម្រោងស្មើនឹងបន្ទប់ស្នាក់នៅសរុប ៣២០០ យូនីត។ ក្នុងនោះ ខណ្ឌបឹងកេងកងមានប្រមាណ ៤៨ ភាគរយ ខណ្ឌចំការមន ២៧ ភាគរយ ខណ្ឌដូនពេញ ១៧ ភាគរយ ខណ្ឌជ្រោយចង្វារ ៥ ភាគរយ និងខណ្ឌទួលគោក ៣ភាគរយ។
របាយការណ៍នេះបន្តទៀតថា នៅក្នុងអំឡុងពេលនេះ អាផាតមិនកម្រិត A មានតម្លៃជួលជាមធ្យម ២១,៦ ដុល្លារក្នុង ១ ម៉ែត្រការេសម្រាប់រយៈពេល ១ខែ ធ្លាក់ចុះ ៥,២ ភាគរយ ថយពីចំនួន ២២,៧ ដុល្លារ កាលពីឆមាសទី២ ឆ្នាំ ២០២០ និងកម្រិត B មានតម្លៃ ១៥ ដុល្លារ ថយចុះ ៦,៧ ភាគរយថយពីចំនួន ១៦ ដុល្លារ។
ទោះយ៉ាងណា តាមការព្យាកររបស់ក្រុមហ៊ុន CBRE Cambodia នៅឆមាសទី២ ឆ្នាំ ២០២១ នឹងមានគម្រោងអគារអាផាតមិនចំនួន៣ ទីតាំងទៀតនឹងបញ្ចប់ការសាងសង់ដែលមានបន្ទប់សរុប ៣៩៥ យូនីត។
អ្នកនាង គឹម គិនកេសា មន្ត្រីស្រាវជ្រាវ និងពិគ្រោះយោបល់ជាន់ខ្ពស់របស់ក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ការទទួលរងផលប៉ះពាល់ដោយសារវិបត្តិនៃជំងឺឆ្លងបានជះឥទ្ធិពលអាក្រក់ដល់ទីផ្សារជួលដោយភាគច្រើន មានតែតម្រូវការពីសំណាក់អតិថិជនបរទេសប៉ុណ្ណោះ ហើយពួកគេមិនទាន់អាចធ្វើដំណើរត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនៅឡើយ បន្ទាប់ពីបានចាកចេញតាំងពីអំឡុងដើមឆ្នាំ២០២០ ដោយព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩ ។
អ្នកនាង គីម គិនកេសា បានមើលឃើញថា ស្ថានភាពនៃការឆ្លងរីករាលដាលកូវីដ១៩ អាចនឹងបន្តអូសបន្លាយពេលយូរទៅមុខទៀត។ ដូច្នេះសម្ពាធទីផ្សារនឹងកើតមានមួយកម្រិតទៀតពិសេសនៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២។
ពាក់ព័ន្ធនឹងការសាងសង់វិញ អ្នកនាងថ្លែងថា តាមការរំពឹងទុកនៅចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ នឹងមានគម្រោងសាងសង់អាផាតមិនមួយចំនួនទៀតបញ្ចប់ការសាងសង់។ ដូច្នេះ សម្ពាធទីផ្សារអាចនឹងកើនឡើងមួយកម្រិតទៀត ខណៈដែលតម្រូវការជួលអាចមានភាពថមថយជាងនេះ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ