ភ្នំពេញ ៖ ដោយសារដំណើរវិវត្តន៍នៃជំងឺឆ្លង ស្របទៅនឹងវិធានការនៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី (Lumpy Skin Disease) នៅកម្ពុជា កាលពីចុងខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានផ្សព្វផ្សាយជាសាធារណជន ជាពិសេសបងប្អូនកសិករឱ្យប្រុងប្រយ័ត្នអំពីជំងឺឆ្លងនេះ រួមទាំងបានបង្ហាញពីបទពិសោធន៍ និងវិធីសាស្ត្រព្យាបាលផងដែរ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងក្នុងការតាមពិនិត្យ និងព្យាបាលសត្វគោដែលបានឆ្លងជំងឺដុំពកនៅលើស្បែកកន្លងមក ក្រសួងក៏បានខិតខំប្រឹងប្រែងស្វះស្វែងរកបញ្ជាទិញវ៉ាក់សាំងការពារជំងឺដុំពកស្បែកគោក្របី ជាមួយនឹងការចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើស្បែកគោ និងក្របី (Lumpy Skin- Disease) ដែលបានឆ្លងចូលមកក្នុងបណ្ដាខេត្តមួយចំនួននៅកម្ពុជាប្រមាណជាង ៣ ម៉ឺនក្បាល។
ឯកឧត្តម វេង សាខុន បានថ្លែងឱ្យដឹងកាលថ្ងៃទី២៩ ខែសីហា ថា ៖
«អ្វីដែលយើងមិននឹកស្មានដល់នោះ ការរីករាលដាលនៃជំងឺឆ្លងនេះពីបណ្តាខេត្តជាប់ព្រំដែនថៃ មកតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជាមានល្បឿនលឿន ជាពិសេស នៅខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តព្រៃវែង ដែលបានធ្វើឱ្យសត្វគោងាប់មួយចំនួនរហូតកា្លយជាករណីដែលគួរឲ្យបារម្ភ»
យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងថា នៅចុងសប្តាហ៍នេះ ក្រោយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាសេនាធិការនោះ ក្រោមការគាំទ្រថវិកាពីសប្បុរសជនផងនោះ កម្ពុជាសម្រេចទទួលបានវ៉ាក់សាំងចំនួន ២ម៉ឺនដូសនៅក្នុងដៃរួចហើយ ដែលបានបង្កលក្ខណៈគ្រាប់គ្រាន់សម្រាប់ក្រសួងមានលទ្ធភាពចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងទប់ស្កាត់ជំងឺដុំពកស្បែកគោក្របីនេះ និងបានបញ្ជាទិញពីប្រទេសវៀតណាមបន្ថែម ៤០ ០០០ ដូសទៀតដែលនឹងមកដល់ក្នុងសប្ដាហ៍ក្រោយនេះ ក្រោយពីបញ្ជាទិញពីប្រទេសអាហ្វ្រិកខាងត្បូង។
ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ បានឱ្យដឹងថា កម្ពុជានឹងប្រើប្រាស់វ៉ាក់សាំងដែលទទួលបានក្នុងពេលនេះចាក់ទៅលើតំបន់ដែលមានការផ្ទុះរាលដាលខ្លាំងនៃជំងឺនេះ ដោយពុំមានយកលុយយកកាក់អីពីប្រជាជនទេ ដើម្បីកាត់ផ្តាច់ការចម្លងទៅកាន់សត្វគោ និងក្របីរបស់អ្នកស្រុក។ ការចាក់អាស្រ័យស្ថានភាពឆ្លងជាក់ស្តែងនៃជំងឺ ហើយអ្នកជំនាញនឹងពិនិត្យទៅលើស្ថានភាពជំងឺដែលឆ្លងពីណាទៅណា ហើយយើងនឹងចាក់កាត់ផ្តាច់។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថាជំងឺដុំពកស្បែកគោក្របី គឺជាជំងឺម្យ៉ាងដែលអាចបង្កទៅជាក្រមរ ហើយអាចបង្កទៅជាដំបៅ។ ចំពោះសត្វឈ្មោលអាចបាត់បង់សមត្ថភាពបង្កកំណើត និងមេផើមអាចរលូតកូន ហើយមេរោគនេះអាចឆ្លងពីសត្វមួយទៅសត្វមួយទៀត តាមការប៉ះពាល់ផ្ទាល់ ឬពីសត្វទៅសត្វ ដោយប្រយោលតាមភ្នាក់ងារចម្លងផ្សេងៗ។ ជំងឺនេះអាចធ្វើឱ្យសត្វគោក្របីរបស់អ្នកស្រុកមានអត្រាឈឺពី ៥-៤៥ ភាគរយ និងអត្រាងាប់តិចជាង ១០ ភាគរយ៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ